1ក្រោយការទាំងនេះមក បន្ទាប់ពីព្រះបាទហេសេគាបង្ហាញភក្ដីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះបាទសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានមក ហើយបានចូលមកក្នុងស្រុកយូដា។ ស្តេចបានបោះជំរំ ហើយបានវាយប្រហារសែសិបទីក្រុង ស្តេចមានគោលបំណង់ចង់ចាប់យកដើម្បីព្រះអង្គផ្ទាល់។
2កាលព្រះបាទហេសេគាបានឃើញថាព្រះបាទសានហេរីបមកដល់ហើយមានបំណងធ្វើសង្គ្រាមនឹងក្រុងយេរូសាឡិម។
3ស្តេចបានពិគ្រោះយោបល់ជាមួយមេដឹកនាំ និងអ្នកដែលមានអំណាចរបស់ព្រះអង្គឲ្យបញ្ឈប់ប្រភពទឹកដែលនៅខាងក្រៅទីក្រុង ពួកគេបានជួយធ្វើការនោះ។
4មានមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាហើយបញ្ឈប់ប្រភពទឹក និងប្រឡាយទាំងអស់ដែលហូរកាត់តំបន់នោះ។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាត្រូវទុកឲ្យស្តេចស្រុកអាស្ស៊ីរីមានទឹកច្រើនប្រើ?»។
5ព្រះបាទហេសេគាមានចិត្ដក្លាហាននិងសង់កំពែងទាំងអស់ដែលបាក់បែក។ ស្តេចបានសង់ប៉មខ្ពស់ៗ និងជញ្ជាំងមួយទៀតនៅខាងក្រៅ។ ស្តេចក៏បានពង្រឹងក្រុងមីលឡូនៅក្នុងក្រុងព្រះបាទដាវីឌដែរ ហើយស្តេចក៏ធ្វើគ្រឿងសព្វាវុធ និងខែលយ៉ាងច្រើន។
6ស្តេចបានតែងតាំងមេបញ្ជាការយោធាលើប្រជាជន។ ស្តេចបានប្រមូលពួកគេមកជួបនៅតាមផ្លូវធំ នៅមាត់ទ្វារក្រុងហើយមានរាជឱង្កាលើកទឹកចិត្ដពួកគេ។ ស្តេចមានរាជឱង្កាថា៖
7«ចូរមានកម្លាំងនិងចិត្តក្លាហានឡើង។ កុំភ័យខ្លាច កុំធ្លាក់ទឹកចិត្ត ព្រោះតែស្តេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលនៅជាមួយទ្រង់ឡើយ ដ្បិត មានម្នាក់ដែលនៅជាមួយយើងដែលធំជាងអ្នកដែលនៅជាមួយស្តេចទៅទៀត។
8ស្តេចមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃយើង គង់ជាមួយយើង ដើម្បីជួយយើង ហើយយើងនឹងប្រយុទ្ធនៅក្នុងសមរភូមិរបស់យើង។ ជនជាតិអ៊ីស្រាអែលទទួលការកំសាន្តចិត្តដោយព្រោះពាក្យរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
9បន្ទាប់មក ព្រះបាទសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានចាត់អ្នកបម្រើរបស់ព្រះអង្គឲ្យទៅក្រុងយេរូសាឡិម (ដ្បិត ស្តេច និងពួកពលទ័ពបាននៅទីក្រុងឡាគីសហើយ) ដើម្បីចូលគាល់ ព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងកងទ័ពយូដាទាំងមូលដែលនៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖
10«នេះជាអ្វីដែលព្រះបាទសានហេរីបជាស្ដេចស្រុកអាស្ស៊ីរីមានរាជឱង្ការថា៖ «តើអ្នកពឹងផ្អែកលើអ្វី ដើម្បីទ្រាំទ្រនឹងការឡោមព័ទ្ធក្រុងយេរូសាឡិម?
11តើព្រះបាទហេសេគាមិនបានបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក ដោយស្ដេចប្រាប់ថា៖ «ព្រះអម្ចាស់ជាព្រះនៃយើងនឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន?
12តើមិនមែនព្រះបាទហេសេគា ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ ហើយបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះវិញទេឬអី?
13តើអ្នករាល់គ្នាមិនដឹងទេឬអីថា យើង និងដូនតារបស់យើងប្រព្រឹត្តបែបណា ចំពោះជាតិសាសន៍ដទៃទៀតលើផែនដីនេះ? តើព្រះរបស់ប្រជាជាតិទាំងឡាយបានរំដោះស្រុករបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងឬទេ?
14ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញ តើមានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន? តើព្រះរបស់អ្នករាល់គ្នាអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឬអី?
15ឥឡូវនេះ មិនត្រូវឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿតាមសំដីរបស់ស្ដេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ តើព្រះរបស់អ្នករាល់គ្នាអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដោយរបៀបណា?»។
16ពួករាជបម្រើរបស់ព្រះបាទសានហេរីបបាននិយាយប្រមាថព្រះអម្ចាស់ដ៏ជាព្រះ និងព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គថែមទៀត។
17ព្រះបាទសានហេរីបក៏បានសរសេរសំបុត្រផ្សេងៗ ដើម្បីប្រមាថមើលងាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងឲ្យគេនិយាយប្រឆាំងនឹងព្រះអង្គដែរ។ ស្តេចមានរាជឱង្កាថា៖ «ដូចជាព្រះរបស់ប្រជាជាតិនានានៅលើទឹកដីដែលមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់យើង ដូច្នេះ ព្រះនៃព្រះបាទហេសេគានឹងមិនរំដោះប្រជាជនរបស់ព្រះអង្គឲ្យរួចពីកណ្តាប់ដៃរបស់យើងឡើយ»។
18ពួកគេបាននាំគ្នាស្រែកប្រកាសយ៉ាងខ្លាំងៗជាភាសាយូដា ទៅកាន់ប្រជាជននៅក្នុងក្រុងយេរូសាឡិម ដែលស្ថិតនៅតាមកំពែង ដើម្បីធ្វើឲ្យភ័យខ្លាច និងតក់ស្លុត ដើម្បីឲ្យពួកគេងាយចូលវាយយកទីក្រុង។
19ពួកគេបាននិយាយអំពីព្រះនៃក្រុងយេរូសាឡិម ដូចដែលពួកគេបាននិយាយអំពីព្រះរបស់ប្រជាជាតិនានានៅលើផែនដីដែលគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
20ព្រះបាទហេសេគាជាស្ដេច និងព្យាការីអេសាយជាកូនរបស់លោកអម៉ុសបានអធិស្ឋានព្រោះតែរឿងនេះ ហើយគាត់បានស្រែកទៅទៅស្ថានសួគ៌។
21ព្រះអម្ចាស់បានចាត់ទេវតាមួយរូបដែលបានសម្លាប់ទាហានដ៏ខ្លាំងពូកែមេទ័ព និងនាយទាហាននៅក្នុងជំរំ។ ដូច្នេះ ព្រះបាទសានហេរីបបានវិលត្រឡប់ទៅស្រុករបស់ស្តេចវិញដោយភាពអាម៉ាស់។ ពេលដែលស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច នោះបុត្រារបស់ស្តេចបានធ្វើគុតស្តេចដោយដាវ។
22ព្រះអម្ចាស់បានសង្គ្រោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡិមពីកណ្តាប់ដៃរបស់ព្រះបាទសានហេរីបជាស្តេចស្រុកអាស្ស៊ីរីនិងពីកណ្តាប់ដៃរបស់អ្នកដទៃ ហើយឲ្យពួកគេមានសន្តិភាពនៅគ្រប់ទិសទី តាមរបៀបនេះឯង។
23មានមនុស្សជាច្រើននាំតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ព្រមទាំងយកអំណោយដ៏មានតម្លៃមកថ្វាយព្រះបាទហេសេគា ជាស្តេចស្រុកយូដាទៀតផង ចាប់តាំងពីពេលនោះមក ព្រះអង្គត្រូវបានលើកតម្កើងនៅចំពោះមុខប្រជាជាតិទាំងអស់។
24នៅគ្រានោះ ្រពះបាទហេសេគាបានប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ស្តេចបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកស្តេចព្រមទាំងប្រទានទីសម្កាល់មួយ ដើម្បីបញ្ជាក់ថាស្តេចនឹងទទួលការព្យាបាល។
25ប៉ុន្តែ ព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ដូច្នេះ ព្រះពិរោធបានធ្លាក់មកលើស្តេច និងប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមយ៉ាងខ្លាំង។
26ទោះយ៉ាងណា ព្រះបាទហេសេគាបានបន្ទាបខ្លួនចំពោះអំនួតនៅក្នុងចិត្តរបស់ស្តេច ទាំងស្តេច ទាំងប្រជាជននៅក្រុងយេរូសាឡិម ហេតុដូច្នេះហើយបានជាសេចក្តីក្រោធរបស់ព្រះអម្ចាស់មិនកើតមានដល់ពួកគេក្នុងជំនាន់ស្តេចហេសេគាឡើយ។
27ព្រះបាទហេសេគាមានទ្រព្យសម្បត្ដិនិងកិត្ដិយសជាច្រើន។ ស្តេចបានសាងសង់នូវឃ្លាំងសម្រាប់ដាក់ប្រាក់ មាសត្បូងមានតម្លៃ និងគ្រឿងទេស ខែលនិងវត្ថុមានតម្លៃគ្រប់ប្រភេទ។
28ស្តេចក៏មានឃ្លាំងសម្រាប់ស្រូវ ស្រាទំពាំងបាយជូរថ្មីប្រេង និងក្រោលសម្រាប់សត្វគ្រប់ប្រភេទ។ ស្តេចក៏មានទាំងវាលស្មៅសម្រាប់ហ្វូងសត្វផង។
29ព្រះករុណាបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យព្រះករុណាមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។
30ព្រះបាទហេសេគាដដែលបានទប់ទឹកទន្លេគីហូននៅខាងលើ ហើយបានបង្ហូរឆ្ពោះទៅទិសខាងលិចនៃក្រុងព្រះបាទដាវីឌ។ ព្រះបាទហេសេគាទទួលជោគជ័យក្នុងគ្រប់គម្រោងរបស់ទ្រង់ទាំងអស់។
31ទោះយ៉ាងណា នៅពេលដែលឯកអគ្គរដ្ឋទូតដែលស្តេចនៃស្រុកបាប៊ីឡូនបានចាត់ឲ្យមកសួរព័ត៌ដល់ទ្រង់ដែលបានស្គាល់អំពីទីសម្គាល់ដ៏អស្ចារ្យដែលកើតមាននៅក្នុងស្រុក នោះព្រះជាម្ចាស់បានទុកស្តេចឲ្យនៅតែឯង ដើម្បីល្បងលស្តេច ដើម្បីឲ្យដឹងពីអ្វីទាំងអស់នៅក្នុងចិត្តរបស់ស្តេច។
32ចំពោះរាជកិច្ចផ្សេងទៀតដែលទាក់ទងនឹងព្រះបាទហេសេគា រួមទាំងសកម្មភាពនៃភក្ដីភាពនៃសម្ពន្ធមេត្រី អ្នកអាចឃើញថាវាត្រូវគេសរសេរនៅក្នុងសៀវភៅនិមិត្តរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស និងនៅក្នុងសៀវភៅស្តេចយូដា និងអ៊ីស្រាអែល។
33ព្រះបាទហេសេគាសោយទិវង្គតជាមួយបុព្វបុរសរ ហើយគេបញ្ចុះសពស្តេចនៅលើទីខ្ពស់នៅទីបញ្ចុះសពពូជពង្សព្រះបាទដាវីឌ។ ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងមូលនាំគ្នាគោរពនឹងកាន់ទុក្ខចំពោះទទួលមរណភាពរបស់ស្តេច។ ព្រះបាទម៉ាណាសេជាបុត្របានឡើងស្នងរាជ្យបន្ត។