1ដ្បិតបងប្អូនវិញ បងប្អូនបានដឹងហើយថា ការមកវិញរបស់ពួកយើងមិនឥតប្រយោជន៍ឡើយ។
2អ្នករាល់គ្នាដឹងហើយថា យើងបានឈឺចាប់កាលពីមុន ហើយយើងបានទទួលរងការប្រមាថនៅក្រុងភីលីព។ យើងមានសេចក្តីក្លាហាននៅក្នុងព្រះជាម្ចាស់នៃយើងក្នុងការនិយាយមកកាន់អ្នករាល់គ្នានូវដំណឹងល្អរបស់ព្រះជាម្ចាស់នៅក្នុងឧបសគ្គខ្លាំងយ៉ាងណាក្តី។
3ដ្បិត ការដាស់តឿនរបស់យើងមិនមែនមកពីកំហុស ឬមកពីភាពមិនបរិសុទ្ធ ឬមកពីការបោកប្រាស់ឡើយ។
4ផ្ទុយទៅវិញ ព្រះជាម្ចាស់បានអនុញ្ញាតនិងផ្ទុកផ្ដាក់ឲ្យយើងនាំដំណឹងល្អ ដូច្នេះ យើងក៏ប្រកាស។ យើងប្រកាស មិនមែនដោយផ្គាប់ចិត្តមនុស្សទេ ប៉ុន្តែ ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ ព្រះអង្គគឺជាព្រះជាម្ចាស់ដែលពិនិត្យពិច័យដួងចិត្តរបស់យើង។
5ដ្បិត យើងមិនបានប្រើពាក្យបញ្ចើចបញ្ចើរណាមួយឡើយ ដូចបងប្អូនដឹងស្រាប់ហើយ ឬជាលេសសម្រាប់ការលោភលន់ឡើយ មានព្រះជាម្ចាស់ជាបន្ទាល់។
6ឬ យើងក៏មិនបានស្វែងរកសិរីល្អពីមនុស្សដែរ មិនថាពីបងប្អូន ឬអ្នកផ្សេងៗទៀត។ យើងមានឯកសិទ្ធិជាសាវករបស់ព្រះគ្រិស្ត។
7តែផ្ទុយទៅវិញ យើងដូចជាសាសន៍ដទៃនៅក្នុងចំណោមអ្នករាល់គ្នា ដូចជាម្តាយដែលលួងលោមកូនរបស់ខ្លួន។
8នេះគឺជារបៀបនៃសេចក្តីស្រឡាញ់ដែលយើងមានសម្រាប់បងប្អូន។ យើងមានអំណរក្នុងការចែកចាយជាមួយបងប្អូន មិនគ្រាន់តែដំណឹងល្អរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជីវិតរបស់យើងផងដែរ។ ដ្បិត អ្នករាល់គ្នាបានក្លាយជាទីស្រឡាញ់សម្រាប់យើងហើយ។
9បងប្អូនចាំ ពីកិច្ចការ និងការងាររបស់យើងហើយ។ ទាំងយប់ទាំងថ្ងៃ យើងខំធ្វើការ ដើម្បីកុំឲ្យយើងបានក្លាយជាបន្ទុកដល់នរណាម្នាក់ឡើយ។ នៅក្នុងអំឡុងពេលនោះ យើងបានប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់បងប្អូន។
10អ្នករាល់គ្នាគឺជាបន្ទាល់ ហើយព្រះជាម្ចាស់ក៏ជាសាក្សីរបស់យើងផងដែរ ពីរបៀប ដ៏វិសុទ្ធ សុចរិត និងគ្មានកន្លែងបន្ទោសបាន ដែលយើងបានប្រព្រឹត្តខ្លួនយើងនៅចំពោះបងប្អូនអ្នកជឿ។
11ដូចគ្នានេះដែរ អ្នកបានដឹងពីរបៀបដែលយើងបានប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ប្រៀបដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់គាត់ផ្ទាល់
12យើងអង្វរ និងលើកទឹកចិត្ត ព្រមទាំងដាស់តឿនដល់អ្នករាល់គ្នា ឲ្យដើរតាមបែបស័ក្កសមចំពោះព្រះជាម្ចាស់ ដែលបានត្រាស់ហៅអ្នកមកក្នុងព្រះរាជ្យ និងសិរីល្អរបស់ព្រះអង្គផ្ទាល់។
13ដោយហេតុផលនេះហើយ យើងក៏អរគុណដល់ព្រះជាម្ចាស់ជានិច្ច។ ដ្បិត នៅពេលអ្នករាល់គ្នាបានទទួលព្រះរាជសាររបស់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានឮ អ្នករាល់គ្នាបានទទួលពីយើង អ្នករាល់គ្នាប្រៀបដូចជាព្រះបន្ទូលរបស់ព្រះផ្ទាល់។ គឺព្រះបន្ទូលនេះហើយដែលធ្វើការនៅក្នុងចំណោមអ្នករាល់គ្នា និងក្នុងចំណោមអ្នកជឿដែរ។
14ដ្បិត បងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាគំរូរបស់ក្រុមជំនុំផ្សេងៗរបស់ព្រះជាម្ចាស់ ដែលនៅក្នុងយូដា នៅក្នុងព្រះគ្រិស្តយេស៊ូ។ ដ្បិត អ្នករាល់គ្នាក៏បានរងទុក្ខដូចគ្នាពីបងប្អូនជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលពួកគេបានរងទុក្ខពីសាសន៍យូដាដែរ។
15គឺជាសាសន៍យូដាហើយដែលបានសម្លាប់ទាំងព្រះអម្ចាស់យេស៊ូ និងពួកព្យាការី។ គឺពួកយូដាហើយ ដែលបណ្តេញពួកយើងចេញ។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យទេ។ ផ្ទុយទៅវិញ ពួកគេប្រឆាំងជាមួយមនុស្សគ្រប់គ្នា។
16ពួកគេបានហាមប្រាមយើងមិនឲ្យប្រកាសទៅកាន់សាសន៍ដទៃ ដើម្បីឲ្យពួកគេបានសង្គ្រោះឡើយ។ ជាលទ្ធផល ពួកគេបានធ្វើឲ្យបាប ធ្លាក់មកលើពួកគេកាន់តែច្រើន។ សេចក្តីក្រោធត្រូវតែធ្លាក់មកលើពួកគេនៅទីបញ្ចប់។
17បងប្អូនអើយ យើងត្រូវបានញែកដោយឡែកពីបងប្អូន តែមួយរយៈខ្លីតែប៉ុណ្ណោះ ខាងឯសាច់ឈាម ប៉ុន្តែមិនមែនខាងឯចិត្តគំនិតរបស់យើងទេ។ ជាពិសេសយើងមានចិត្តប្រាថ្នាចង់ឃើញមុខអ្នករាល់គ្នាយ៉ាងខ្លាំង។
18ដ្បិត ខ្ញុំ ប៉ូល ម្តងហើយម្តងទៀត យើងចង់មកឯអ្នករាល់គ្នាណាស់ ប៉ុន្តែ សាតាំងបានរារាំងយើង។
19ដ្បិត តើអ្វីទៅជាសេចក្តីសង្ឃឹមនៃអនាគតរបស់យើង ឬអំណរ ឬជាភួងជ័យនៅចំពោះព្រះអម្ចាស់យេស៊ូនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬអី?
20ដ្បិតអ្នករាល់គ្នាគឺជាសិរីល្អ និងជាអំណររបស់យើង។