ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទសាឡូម៉ូនបានចងសម្ពន្ពមិត្តដោយរៀបការជាមួយកូនស្រីស្តេចផារោនជាស្តេចស្រុកអេស៊ីប។ ទ្រង់បាននាំកូនស្រីរបស់ស្តេចផារោនមកនៅក្នុងក្រុងរបស់ស្តេចដាវីឌរហូតដល់ទ្រង់បានសាងសង់ដំណាក់របស់ព្រះអង្គ ព្រះវិហារបស់ព្រះអម្ចាស់ និងជញ្ជាំងក្រុងយេរូសាឡឹមរួចរាល់។
2ប្រជាជនបានថ្វាយតង្វាយនៅទីខ្ពស់ៗ ដោយសារដំណាក់របស់ព្រះអម្ចាស់មិនទាន់សង់រួចរាល់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់នៅឡើយ។
3ព្រះបាទសាឡូម៉ូនបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះអម្ចាស់ដោយដើរតាមដំបូន្មានរបស់ស្តេចដាវីឌជាបិតា លើកលែងតែការថ្វាយតង្វាយដុត និងគ្រឿងក្រអូបនៅទីខ្ពស់ៗប៉ុណ្ណោះ។
4ស្តេចបាន​យាង​ទៅ​គីបៀន ដើម្បីថ្វាយតង្វាយនៅទីនោះ ព្រោះនៅទីនោះជាទីដ៏ខ្ពស់។ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតមួយពាន់នៅលើអាសនានោះ។
5ព្រះអម្ចាស់បានមកជួបព្រះបាទសាឡូម៉ូននៅ​​គីបៀនក្នុងសុបិន្តនៅពេលយប់ ព្រះអង្គមានបន្ទូលថា៖ «ចូរសូមមកចុះ! តើយើងគួរឲ្យអ្វីដល់អ្នក»?
6ដូច្នេះ ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ចំពោះអ្នកបម្រើរបស់ព្រះអង្គ គឺចំពោះស្តេចដាវីឌជាបិតារបស់ទូលបង្គំ ដោយសារតែទ្រង់បានដើរដោយទុកចិត្ត ដោយសេចក្តីសុចរិត និងដោយចិត្តស្មោះត្រង់។ ព្រះអង្គបានរក្សាសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ ហើយបានប្រទានឲ្យបុត្រារបស់ដាវីឌបានគង់លើបល្ល័ង្ករបស់ស្តេចនៅថ្ងៃនេះដែរ។
7ឥឡូវនេះ ព្រះអម្ចាស់របស់ទូលបង្គំអើយ ព្រះអង្គបានឲ្យអ្នកបម្រើរបស់ព្រះអង្គឡើងសោយរាជ្យជំនួសស្តេចដាវីឌជាបិតារបស់ទូលបង្គំ ទោះបីជាទូលបង្គំនៅក្មេងក៏ដោយ។ ទូលបង្គំមិនដឹងថាត្រូវទៅក្រៅ ឬចូលក្នុងដូចម្តេចទេ។
8អ្នកបម្រើរបស់ព្រះអង្គនៅក្នុងចំណោមមនុស្សដែលព្រះអង្គបានជ្រើសរើស ជាមនុស្សដ៏អស្ចារ្យ ដែលមានចំនួនច្រើនដែលមិនអាចរាប់បាន។
9ដូច្នេះចូរឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានដួងចិត្តដែលមានប្រាជ្ញ ដើម្បីអាចវិនិច្ឆ័យប្រជារាស្រ្តរបស់ព្រះអង្គ ដូច្នេះទូលបង្គំអាចញែកដាច់ពីគ្នារវាងការល្អ និងការអាក្រក់។ តើនរណាអាចវិនិច្ឆ័យប្រជារាស្រ្តដ៏អស្ចារ្យរបស់ព្រះអង្គបាន»?
10សំណើរដែលព្រះបាទសាឡូម៉ូនទូលសូមនេះធ្វើឲ្យព្រះអម្ចាស់គាប់ព្រះហឫទ័យណាស់។
11ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ស្តេចថា៖ ​«ដោយសារតែអ្នកបានសុំការនេះពីយើង ហើយមិនបានសុំឲ្យខ្លួនអ្នកមានអាយុវែង ឬឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬសុំជីវិតរបស់ខ្មាំងសត្រូវរបស់អ្នកឡើយ ប៉ុន្តែ បានសុំការយល់ដឹង ដើម្បីគ្រប់គ្រងដោយយុត្តិធម៌វិញ
12ឥឡូវនេះ យើងនឹងធ្វើតាមអ្វីដែលអ្នកបានសុំពីយើង។ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងចិត្តដែលយល់ដឹង ដូច្នេះ នឹងគ្មាននរណាម្នាក់ប្រៀបនឹងអ្នកបានឡើយ ទោះបីជាអ្នកមុន ឬក្រោយអ្នកក្តី។
13យើងក៏នឹងប្រទានដល់អ្នកនូវអ្វីដែលអ្នកមិនបានសុំដែរ ទាំងទ្រព្យសម្បត្តិ និងកិត្តិយស ដូច្នេះនៅក្នុងថ្ងៃអាយុអ្នកនឹងគ្មានស្តេចឯណាប្រៀបាននឹងអ្នកឡើយ។
14បើអ្នកដើរនៅក្នុងផ្លូវរបស់យើង និងរក្សាច្បាប់ និងបញ្ញត្តិរបស់យើង ដូចជាបិតារបស់អ្នកបានធ្វើ នោះយើងនឹងឲ្យអ្នកបានអាយុវែង។
15បន្ទាប់មក ព្រះបាទសាឡូម៉ូនបានតើនឡើង ហើយបានដឹងថានោះជាយល់សុបិន។ ស្តេចបានត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយបានឈរនៅចំពោះហឹបនៃសម្ពន្ពមេត្រីរបស់ព្រះអម្ចាស់។ ស្តេចបានថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព និងធ្វើពិធីជប់លៀងសម្រាប់អ្នកបម្រើទាំងអស់។
16បន្ទាប់មក មានស្ត្រីពេស្យាពីរនាក់បានមកគាល់ស្តេច និងបានឈរនៅចំពោះមុខស្តេច។
17ស្ត្រីម្នាក់ទូលថា៖ «បពិតព្រះករុណា ស្ត្រីនេះ និងទូលបង្គំបានរស់នៅក្នុងផ្ទះតែមួយ រួចទូលបង្គំ និងនាងបានសម្រាលកូនដូចគ្នានៅក្នុងផ្ទះនោះ។
18បីថ្ងៃក្រោយពីខ្ញុំម្ចាស់បានសម្រាលកូន នាងក៏បានសម្រាលកូនដែរ។ យើងរស់នៅជាមួយគ្នា។ ក្រៅពីយើងគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះទេ មានតែយើងពីរនាក់ប៉ុណ្ណោះ។
19បន្ទាប់មក កូនរបស់ស្ត្រីនេះបានស្លាប់នៅពេលយប់ ដោយសារនាងកិនលើកូននោះ។
20ដូច្នេះ នាងក៏ក្រោកឡើងនៅពេលយប់ ហើយបានយកកូនពីក្បែរខ្ញុំម្ចាស់ទៅ នៅពេលដែលខ្ញុំម្ចាស់ដេកលក់ ហើយដាក់កូននោះនៅក្បែរទ្រូងនាង ហើយបានដាក់កូនដែលបានស្លាប់របស់នាងនៅក្បែរទ្រូងខ្ញុំម្ចាស់វិញ។
21នៅពេលដែលខ្ញុំម្ចាស់ក្រោកឡើងនៅពេលព្រឹកដើម្បីបំបៅកូន កូននោះបានស្លាប់ហើយ។ ប៉ុន្តែ នៅពេលដែលខ្ញុំម្ចាស់ពិនិត្យមើលកូននោះនៅពេលព្រឹក កូននោះមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ គឺមិនមែនជាកូនបង្កើតរបស់ខ្ញុំម្ចាស់ទេ»។
22បន្ទាប់មក ស្ត្រីម្នាក់ទៀតទូលថា៖ «ទេ កូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ ហើយកូនដែលស្លាប់ជាកូនរបស់នាងទៅវិញទេ»។ ស្ត្រីដំបូងបានទូលថា៖ «ទេ កូនដែលស្លាប់ជាកូនរបស់នាងទេ ហើយកូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ»។ នេះជាអ្វីដែលពួកគេបានជជែកគ្នានៅចំពោះស្តេច។
23បន្ទាប់មក ស្តេចទូលថា៖ «ម្នាក់ៗនិយាយថា៖ «កូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនរបស់នាងគឺស្លាប់ហើយ» ហើយម្នាក់ទៀតនិយាយថា៖​ «ទេ កូនដែលស្លាប់ជាកូនរបស់នាង ហើយកូនរបស់ខ្ញុំជាកូនដែលនៅរស់»។
24ស្តេចទូលថា៖​ «ចូរយកដាវឲ្យយើង»។ ដូច្នេះ គេក៏បានយកដាវមកថ្វាយស្តេច។
25បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ចូរកាប់កូនដែលនៅរស់ជាពីរចំណែក ហើយឲ្យពាក់កណ្តាលដល់ស្រ្តីនេះ ហើយពាក់កណ្តាលទៀតឲ្យស្ត្រីនោះ»។
26បន្ទាប់មក ស្រ្តីដែលមានកូននៅរស់បានទូលទៅស្តេច ដោយសារនាងមានចិត្តពេញទៅដោយក្តីមេត្តាសម្រាប់កូនរបស់នាង ហើយនាងទូលថា៖ «បពិតព្រះករុណា ចូរឲ្យកូនដែលនៅរស់ទៅនាងចុះ ហើយកុំសម្លាប់កូននេះឡើយ»។ ប៉ុន្តែ ស្ត្រីម្នាក់ទៀតទូលថា៖ «កូននេះមិនគួរជារបស់នាង ឬរបស់ខ្ញុំឡើយ។ យើងត្រូវចែកគ្នា»។
27បន្ទាប់មក ស្តេចឆ្លើយ និងមានរាជឱង្ការថា៖​ «ចូរឲ្យកូនដែលនៅរស់ដល់ស្ត្រីទីមួយទៅ ហើយកុំសម្លាប់កូននេះឡើយ។ នាងគឺជាម្តាយរបស់កូននេះ»។
28នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮពីការវិនិច្ឆ័យដែលស្តេចបានធ្វើ ពួកគេកោតខ្លាចស្តេច ដោយសារតែពួកគេបានឃើញពីប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងស្តេចចំពោះការវិនិច្ឆ័យនេះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។