ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលដែលស្តេចដាវីឌកាន់តែចាស់ជរាទៅ គេបានដណ្តប់ភួយឲ្យទ្រង់ ប៉ុន្តែ មិនបានធ្វើឲ្យទ្រង់កក់ក្តៅទេ។
2ដូច្នេះ អ្នកបម្រើរបស់ស្តេចបានទូលទៅកាន់ទ្រង់ថា៖ «ចូរយើងរកស្រីព្រហ្មចារីវ័យក្មេងម្នាក់ថ្វាយស្តេចជាចៅហ្វាយរបស់យើង។ ចូរឲ្យនាងបម្រើ និងមែលថែស្តេច។ ចូរឲ្យនាងដេកនៅក្នុងរង្វង់ដៃស្តេច ដូច្នេះ ស្តេចជាចៅហ្វាយរបស់យើងនឹងបានកក់ក្តៅ»។
3ដូច្នេះ គេបានរកស្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលមាននៅក្នុងទឹកដីអ៊ីស្រាអែល។ ពួកគេរកបាននាងអប៊ី‌សាកជាអ្នក​ភូមិ​ស៊ូ‌ណែម ហើយបាននាំនាងមកថ្វាយស្តេច។
4នាងមានរូបឆោមស្រស់ស្អាតណាស់។ នាងបានបម្រើ និងថែរក្សាស្តេច ប៉ុន្តែ ស្តេចមិនបានរួមរស់ជាមួយនាងទេ។
5នៅពេលនោះ​សម្តេចអដូ‌នី‌យ៉ាជាកូនរបស់​នាង​ហាគីត បាន​លើក​ខ្លួន​ឡើងដោយនិយាយថា៖ «ខ្ញុំនឹងក្លាយជាស្តេច»។ ដូច្នេះ គាត់ក៏បានរៀបចំរទេះសេះ និងអ្នកជិះសេះដែលមានអ្នករត់ពីមុខគាត់ហាសិបនាក់។
6ឪពុករបស់គាត់មិនដែលបន្ទោសគាត់ដោយថា៖ «ហេតុអ្វីបានជាកូនធ្វើនេះ ឬធ្វើនោះឡើយ»? សម្តេចអដូនីយ៉ាក៏ជាបុរសសង្ហាម្នាក់ ដែលកើតបន្ទាប់ពីសម្តេចអាប់‌សា‌ឡុម។
7​សម្តេចបាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់លោក​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ។ ពួកគេបានតាម​សម្តេចអដូ‌នី‌យ៉ា​ ហើយបានជួយគាត់។
8ប៉ុន្តែ លោកបូជាចារ្យសាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​​លោកយេហូ‌យ៉ាដា ព្យាការី​ណាថាន លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និងពួកបុរស​ដ៏​អង់‌អាច​របស់​​ព្រះបាទដាវីឌ មិន​បានដើរតាមសម្តេចអដូ‌នី‌យ៉ា​ទេ។
9សម្តេចអដូនីយ៉ាបានថ្វាយចៀម គោឈ្មោល និងកូនគោបំប៉ន នៅថ្ម​សូហេ‌លែត ដែលនៅក្រោយ​អេន‌រូកែល។ សម្តេចបានយាងព្រះរាមគឺបុត្រាទាំងអស់របស់ស្តេច និងបានអញ្ជើញអ្នកបម្រើរបស់ស្តេចទាំងអស់នៅស្រុកយូដាទាំងមូលផង។
10ប៉ុន្តែ សម្តេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​បុរស​ដ៏​អង់‌អាច និងសម្តេច​សាឡូម៉ូន ជា​អនុជរបស់ស្តេចមកចូលរួមឡើយ។
11បន្ទាប់មក លោកណាថានបានទូលទៅព្រះនាងបេតសេបាជាមាតារបស់សម្តេចសាឡូម៉ូនថា៖ «តើព្រះនាងមិនបានឮថាសម្តេចអដូនីយ៉ាជាប្រុសរបស់ព្រះនាង​ហាគីតបានក្លាយជាស្តេចទាំងស្តេចដាវីឌជាចៅហ្វាយរបស់យើងមិនបានដឹងរឿងនេះទេឬអី?
12ដូច្នេះ ទូលបង្គំសូមឲ្យយោបល់ដល់ព្រះនាង ដើម្បីឲ្យព្រះនាងអាចរក្សាជីវិតរបស់ព្រះនាង និងបុត្ររបស់ព្រះនាងសាឡូម៉ូនបាន។
13ចូរចូលទៅគាល់ស្តេចដាវីឌ ហើយទូលទ្រង់ថា៖ «ស្តេចដ៏ជាចៅហ្វាយ តើព្រះអង្គមិនបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គទេថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងយើងទេឬអី? តើហេតុអ្វីបានជាស​ម្តេចអដូនីយ៉ាឡើងសោយរាជ្យទៅវិញ?
14ក្នុងពេលដែលនាងកំពុងទូលទៅស្តេច ទូលបង្គំនឹងនៅក្រោយព្រះនាង និងទូលពាក្យនេះឡើងម្តងទៀត»។
15ដូច្នេះ ព្រះនាងបាតសេបាបានទៅដំណាក់របស់ស្តេច។ ស្តេចកាន់តែជរាណាស់ហើយ ហើយព្រះនាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែមកំពុងបម្រើស្តេច។
16ព្រះនាងបាតសេបាបានក្រាប និងថ្វាយបង្គំនៅមុខស្តេច។ បន្ទាប់មក ស្តេចសួរថា៖ «តើនាងចង់បានអ្វី»?
17ព្រះនាងក៏ទូលស្តេចថា៖ «ព្រះករុណា ព្រះអង្គបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គដោយមានព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គជាសាក្សីថា៖​ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនោះនឹងគង់លើបល្ល័ង្កយើង»។
18ឥឡូវនេះ មើលចុះ សម្តេចអដូនីយ៉ាគឺជាស្តេចហើយ ហើយព្រះអង្គដែលជាស្តេចមិនបានដឹងរឿងនេះនៅឡើយ។
19សម្តេចអដូនីយ៉ាបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន និងបានអញ្ជើញបុត្រទាំងអស់របស់ស្តេច លោកបូជាចារ្យយ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែលោក​ពុំ​បាន​យាងសម្តេច​សាឡូម៉ូនជាអ្នកបម្រើរបស់ព្រះអង្គឲ្យចូលរួមទេ។
20សម្រាប់ព្រះអង្គវិញ លោកម្ចាស់ ភ្នែករបស់ប្រជាជនអ៊ីស្រាអែលគឺសម្លឹងមកលើព្រះអង្គ រង់ចាំឲ្យព្រះអង្គប្រាប់ពួកគេ ថាតើនរណានឹងត្រូវគង់លើបល្ល័ងបន្តពីព្រះអង្គ។
21ម៉្យាងវិញទៀងវានឹងកើតឡើង នៅពេលដែលស្តេចសោយទីវង្គតជាមួយបិតារបស់ស្តេច គេនឹងចាត់ទុកនាងខ្ញុំ និងកូនរបស់នាងខ្ញុំសាឡូម៉ូនជាឧក្រិដ្ឋជនមិនខាន។
22នៅពេលដែលព្រះនាងកំពុងទូលស្តេចនៅឡើយ លោកព្យាការីណាថានក៏ចូលមកដល់។
23អ្នកបម្រើរបស់ស្តេចទូលស្តេចថា៖ «លោកព្យាការីណាថាននៅទីនេះ»។ នៅពេលដែលលោកចូលមកចំពោះស្តេច លោកបានគោរពស្តេចដោយឱនមុខដល់ដីនៅចំពោះស្តេច។
24លោកណាថានទូលថា៖ «ស្តេចដ៏ជាចៅហ្វាយរបស់ទូលបង្គំអើយ តើព្រះអង្គធ្លាប់មានបន្ទូលថា៖ «សម្តេចអដូនីយ៉ានឹងគ្រងរាជតពីយើង ហើយសម្តេចអដូនីយ៉ានឹងគង់លើបល្ល័ងយើងដែរឬទេ»?
25នៅថ្ងៃនេះ សម្តេចអដូនីយ៉ាបានចុះទៅ ហើយបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមជាច្រើន ហើយក៏បានអញ្ជើញបុត្រាទាំងឡាយរបស់ស្តេច ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ពួកគេទាំងអស់បានបរិភោគ និងផឹកស្រាស្រវឹងនៅចំពោះមុខសម្តេច និងទូលថា៖ «សូមឲ្យស្តេចអដូនីយ៉ាមានព្រះជន្មយឺនយូ»!
26ប៉ុន្តែ សម្រាប់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លោកបូជាចារ្យសាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និងអ្នកបម្រើរបស់ព្រះអង្គ​សម្តេចសាឡូម៉ូន គឺសម្តេចមិនបានអញ្ជើញពួកយើងទេ។
27តើព្រះករុណាបានធ្វើការនេះដោយមិនបានប្រាប់ដល់យើងជាអ្នកបម្រើរបស់ព្រះអង្គឬ តើនរណាគួរអង្គុយលើបល្ល័ង្កតពីព្រះអង្គ»?
28បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖​ «សូមហៅព្រះនាងបាតសេបាឲ្យត្រឡប់មកជួបយើងវិញ»។ ព្រះនាងក៏បានចូលមកគាល់ស្តេច ហើយបានឈរនៅមុខស្តេចផង។
29ស្តេចបានស្បថដោយមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ គឺព្រះអង្គបានរំដោះយើងចេញពីបញ្ហា
30ដូចដែលយើងបានសន្យាជាមួយព្រះនាងដោយនូវព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងរបស់យើង យើងនឹងធ្វើនៅថ្ងៃនេះ»។
31បន្ទាប់មក ព្រះនាងបាតសេបាក៏បានឱនមុខដល់ដីនៅចំពោះមុខស្តេចហើយទូលថា៖ «សូមឲ្យស្តេចដ៏ជាចៅហ្វាយមានព្រះជន្មគង់នៅរៀងរហូត»!
32ព្រះបាទដាវីឌមានរាជឱង្ការថា៖​ «សូមហៅលោកបូជាចារ្យសាដុក លោកព្យាការីណាថាន និងលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាមកជួបយើង»។ ដូច្នេះពួកគេក៏មកគាល់ស្តេច។
33ស្តេចមានបន្ទូលទៅពួកគេថា៖ «សូមប្រមូលអ្នកបម្រើរបស់ចៅហ្វាយអ្នកទៅជាមួយអ្នករាល់គ្នា ហើយឲ្យសាឡូម៉ូនជិះលើលារបស់យើង ហើយដង្ហែទៅ​ប្រភព​ទឹក​គីហុន។
34សូមឲ្យលោកបូជាចារ្យសាដុក លោកព្យាការីណាថានចាក់ប្រេងតាំងតែសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយផ្លុំត្រែ និងប្រកាសថា៖ ​«សូមឲ្យស្តេចសាឡូម៉ូនមានព្រះជន្មយឺនយូរ»!
35បន្ទាប់មក អ្នកត្រូវដើរតាមក្រោយបុត្រនោះ ហើយបុត្រនោះនឹងគង់លើបល្ល័ង្ករបស់យើង ហើយបុត្រនោះនឹងក្លាយជាស្តេចជំនួសយើង។ យើងបានតែងតាំងបុត្រនោះឲ្យគ្រប់គ្រងលើអ៊ីស្រាអែល និងយូដាទាំងមូល»។
36លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាបានទូលទៅស្តេចវិញថា៖ «ចូរឲ្យការនេះបានសម្រេចចុះ! សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់ស្តេចដ៏ជាចៅហ្វាយបានឲ្យការនេះកើតឡើង។
37សូមឲ្យព្រះអម្ចាស់គង់នៅជាមួយស្តេចសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ និងធ្វើឲ្យបល្ល័ង្ករបស់សាឡូម៉ូនប្រសើរជាងបល្ល័ង្ករបស់ព្រះករុណាទៅទៀត»។
38ដូច្នេះ លោកបូជាចារ្យសាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីមចេញទៅ ហើយឲ្យស្តេចសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។
39លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរំ ហើយចាក់ប្រេងអភិសេកលេីស្តេចសាឡូម៉ូន។
40បន្ទាប់មក គេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានព្រះជន្មយឺនយូ»! បន្ទាប់មក មនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោរពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសម្លេងរបស់ពួកគេ។
41សម្តេចអដូនីយ៉ា និងភ្ញៀវដែលនៅជាមួយសម្តេចបានឮរឿងនេះក្រោយពីពួកគេបានបញ្ចប់ការជប់លៀង។ នៅពេលដែលលោកយូអាប់បានឮសម្លេងត្រែ លោកនិយាយថា៖ «ហេតុអ្វីបានជាមានសម្លេងអឺងកងនៅក្នុងក្រុងដូច្នេះ»?
42នៅពេលដែលលោកកំពុងនិយាយនៅឡើយ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរបានចូលមក។ សម្តេចអដូនីយ៉ានិយាយថា៖ «សូមអញ្ជើញមក បើអ្នកជាមនុស្សអង់អាច​ និងនាំដំណឹងល្អមកមែន»។
43លោកយ៉ូណាថានបានឆ្លើយទៅសម្តេចអដូនីយ៉ាថា៖ «ស្តេចដាវីឌជាចៅហ្វាយរបស់យើងបានលើកសាឡូម៉ូនជាស្តេចហើយ
44ហើយស្តេចបានបញ្ជូនបូជាចារ្យសាដុកទៅជាមួយលោកព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម។ ពួកគេបានឲ្យសម្តេចសាឡូម៉ូនជិះលារបស់ស្តេចដាវីឌ។
45លោកបូជាចារ្យសាដុក ​និងព្យាការី​ណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេចនៅប្រភពទឹកស៊ីហុន ហើយបានចេញពីទីនោះមកវិញដោយអំណរ ដូច្នេះហើយ បានជាក្រុងទាំងមូលឮសម្លេងអឺងកង។ នេះជាសម្លេងដែលសម្តេចបានឮ។
46សម្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករាជ្យដែរ។
47លើសពីនេះទៅទៀត អ្នកបម្រើរបស់ស្តេចបានមកឲ្យពរដល់ស្តេចដាវីឌ ដោយនិយាយថា៖ «សូមឲ្យព្រះរបស់ស្តេចបានធ្វើឲ្យព្រះនាមរបស់សាឡូម៉ូនប្រសើរជាងនាមរបស់ព្រះអង្គ និងឲ្យបល្ល័ង្ករបស់បុត្រនេះប្រសើរជាងបល្ល័ង្ករបស់ព្រះអង្គដែរ។ បន្ទាប់មកស្តេចក៏បានថ្វាយបង្គំដល់គ្រែ។
48ស្តេចក៏បានទូលថា៖ «សូមឲ្យព្រះអម្ចាស់បានពរ គឺព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានឲ្យមនុស្សបានគង់លើបល្ល័ង្ករបស់់ទូលបង្គំនៅថ្ងៃនេះ ហើយឲ្យភ្នែករបស់ទូលបង្គំផ្ទាល់បានឃើញការនេះ»។
49បន្ទាប់មក ភ្ញៀវទាំងអស់របស់សម្តេចអដូនីយ៉ាក៏មានភាពភ័យខ្លាច។ ពួកគេបានក្រោកឡើង ហើយម្នាក់ៗទៅតាមផ្លូវរបស់គេរៀងៗខ្លួន។
50សម្តេចអដូនីយ៉ាភ័យខ្លាចសម្តេចសាឡូម៉ូន ហើយបានក្រោកឡើង រួចចេញទៅ និងបានតោងស្នែងរបស់អាសនាជាប់។
51បន្ទាប់មក មានគេមកប្រាប់សម្តេចសាឡូម៉ូនថា៖ «ឃើញទេ សម្តេចអដូនីយ៉ាបានភ័យខ្លាចសម្តេចសាឡូម៉ូនយ៉ាងខ្លាំង គឺគាត់បានតោងស្នែងរបស់អាសនា ហើយមានរាជឱង្ការថា៖ «ចូរឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំសិនមកថា ព្រះអង្គនឹងមិនធ្វើគត់អ្នកបម្រើរបស់ទ្រង់នឹងដាវឡើយ»។
52ព្រះបាទសាឡូម៉ូនបានទូលថា៖ «បើសម្តេចបង្ហាញថា ទ្រង់ជាមនុស្សសក្តិសមនឹងគោរពមែន នោះគ្មានសក់មួយសរសៃរបស់ទ្រង់ណានឹងត្រូវជ្រុះទៅដីឡើយ ប៉ុន្តែ បើរកឃើញថាទ្រង់បានប្រព្រឹត្តអំពើអាក្រក់វិញ នោះទ្រង់ត្រូវសុគត»។
53ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់គេទៅនាំសម្តេចអដូនីយ៉ាចុះពីអាសនាមក។ សម្តេចបានមក ហើយថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចស្តេចមានរាជឱង្ការទៅគាត់ថា៖ «ទៅដំណាក់របស់ទ្រង់ទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។