ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ កូរិនថូស 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំ​ ប៉ូលជាអ្នកដែលព្រះយេស៊ូបានត្រាស់ហៅឲ្យធ្វើជាសាវ័ក តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង​លោក​សូស្ដែន ជាបងប្អួនរបស់យើង
2ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស និងអស់អ្នកដែលបានប្រោសជាវិសុទ្ធនៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលបានទទួលការត្រាស់ហៅឲ្យក្លាយជាប្រជាជនដ៏វិសុទ្ធ។ ពួកយើងក៏សូមផ្ញើសំបុត្រនេះទៅកាន់អស់អ្នក ដែលទូលអង្វររកព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្តនៅគ្រប់ទីកន្លែង ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។
3សូមឲ្យព្រះគុណ និងសេចក្តីសុខសាន្តបានដល់បងប្អូន ពីព្រះជាម្ចាស់បិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។
4ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំដើម្បីបងប្អូនជានិច្ច ដោយព្រោះតែព្រះគុណនៃព្រះជាម្ចាស់ ដែលព្រះគ្រិស្តយេស៊ូបានផ្តល់ឲ្យបងប្អូន។
5ព្រះអង្គបានធ្វើឲ្យបងប្អូនចម្រើនឡើងគ្រប់ទាំងផ្លូវ ទាំងពាក្យសម្តី និងការចេះដឹង
6ដូចជាទីបន្ទាល់អំពីព្រះគ្រិស្តដែលបានបញ្ជាក់ពីសេចក្តីពិត នៅក្នុងចំណោមបងប្អូនដែរ។
7ដូច្នេះហើយ បងប្អូនមិនខ្វះអំណោយទានខាងឯវិញ្ញាណណាមួយឡើយ ដូចជាអ្វីដែលបងប្អូនចង់បាន និងរង់ចាំការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងឡើយ។
8ព្រះអង្គនឹងចម្រើនកម្លាំងដល់បងប្អូនដើម្បីឲ្យដល់ទីបំផុត ដូច្នេះ បងប្អូននឹងរកកន្លែងបន្ទោសគ្មាន នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូគ្រិស្ត។
9ព្រះជាម្ចាស់ស្មោះត្រង់ ដែលបានត្រាស់ហៅបងប្អូនចូលមកប្រកបរួមជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។
10ឥឡូវនេះ បងប្អូនអើយខ្ញុំសូមទូន្មានអ្នករាល់គ្នា តាមរយៈព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត ចូលឲ្យអ្នកព្រមព្រៀងគ្នា​ ហើយក៏កុំឲ្យមានការបាក់បែកនៅក្នុងចំណោមបងប្អូនដែរ។ ត្រូវរួបរួមគ្នានិងមានគំនិតតែមួយ ព្រមទាំងមានគោលដៅតែមួយផង។
11បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន។
12ខ្ញុំនិយាយដូច្នេះ ដោយព្រោះ បងប្អូនម្នាក់ៗបាននិយាយថា៖ «ខ្ញុំនៅខាងលោកប៉ូល» ឬ «ខ្ញុំនៅជាមួយលោកអប៉ូ‌ឡូស» ឬ «ខ្ញុំនៅជាមួយលោកកេផាស» ឬ «ខ្ញុំនៅជាមួយព្រះគ្រិស្ត»។
13តើ​ព្រះ‌គ្រិស្ដបាន​បែង​ចែកទេ? តើប៉ូលបានជាប់ឆ្កាងសម្រាប់អ្នកមែនទេ? តើអ្នករាល់គ្នាទទួលពិធីជ្រមុជទឹកនៅក្នុងឈ្មោះរបស់ប៉ូលមែនទេ?
14ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែលខ្ញុំ​មិនបាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នកម្នាក់នៅក្នុងចំណោមបងប្អូនឡើយ លើក‌លែង​តែ​លោកគ្រីស‌ប៉ុស និងលោក​​កៃយុស​ប៉ុណ្ណោះ។
15បើដូច្នេះ គឺគ្មានអ្នកណាអាចនិយាយថា អ្នកត្រូវបានជ្រមុជទឹកដោយឈ្មោះខ្ញុំឡើយ។
16(ខ្ញុំក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ។ ក្រៅពីនេះ ខ្ញុំមិនដឹងថា តើខ្ញុំបានជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។
17ដ្បិត ព្រះគ្រិស្តមិនបានចាត់ខ្ញុំមក ដើម្បីធ្វើពិធីជ្រមុជទឹកនោះទេ ប៉ុន្តែ ចាត់ខ្ញុំមកប្រកាសដំណឹងល្អវិញ។ ព្រះអង្គមិនបានចាត់ខ្ញុំឲ្យមកដើម្បីប្រកាសដោយប្រើពាក្យ និងប្រាជ្ញារបស់មនុស្សឡើយ បើដូច្នេះមែន ឈើឆ្កាងនៃព្រះគ្រិស្ត​នឹងទៅ​ជា​អស់​ន័យហើយ។
18ដ្បិត ព្រះបន្ទូលអំពីឈើឆ្កាងគឺលីលា​ សម្រាប់អ្នកដែលកំពុងតែស្លាប់។ ប៉ុន្តែ ក្នុងចំណោមអ្នកដែលបានសង្រ្គោះ គឺជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់វិញ។
19ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ។ ​ខ្ញុំក៏នឹងធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។
20តើអ្នកប្រាជ្ញនៅឯណា? តើអ្នកមានវិជ្ជាជ្រៅជ្រះនៅឯណា? តើអ្នកតទល់សម្តីក្នុងលោកនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញានៃលោកីយ៍​នេះទៅ​ជា​លីលា​វិញទេឬអី?
21តាមរយៈប្រាជ្ញារបស់លោកីយ៍ មិនអាចស្គាល់ព្រះជាម្ចាស់បានទេ ប៉ុន្តែ​ ព្រះអង្គសព្វព្រះហឫទ័យជាពាក្យលីលានៃការប្រកាសដំណឹងល្អនេះវិញ ដើម្បីសង្រ្គោះដល់អ្នកណាដែលជឿវិញ។
22ដ្បិត សាសន៍យូដា ចង់តែឃើញទីសម្គាល់ និងការអស្ចារ្យទេ ហើយសាសន៍ក្រិកចង់ស្វែងរកប្រាជ្ញា។
23ប៉ុន្តែ ពួកយើងវិញ ប្រកាសអំពីព្រះគ្រិស្តសុគតនៅលើឈើឆ្កាង ធ្វើឲ្យសាសន៍យូដារវាតចិត្ត ហើយសាសន៍ក្រិកថាជាភាពលីលាទៅវិញ។
24ប៉ុន្តែ សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទោះជាសាសន៍យូដា ឬក្រិកក្តី គឺយើងប្រកាសពីព្រះគ្រិស្តជាឫទ្ធា‌នុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។
25ដ្បិត ភាពលីលារបស់ព្រះគឺជាប្រាជ្ញារបស់មនុស្ស ហើយភាពខ្សោយនៃព្រះជាម្ចាស់ ខ្លាំងជាងកម្លាំងមនុស្សទៅទៀត។
26បងប្អូនអើយ សូមមើលពីការត្រាស់ហៅរបស់អ្នក។ ក្នុងចំណោមបងប្អូន មិនសូវមានអ្នកមានប្រាជ្ញាកម្រិតខ្ពង់ខ្ពស់ក្នុងលោកនេះទេ។ ក៏មិនសូវមានបងប្អូនមានតួនាទីធំដែរ។ គ្មាន​អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមាន​ត្រកូល​ខ្ពស់​ផង។
27ប៉ុន្តែ ព្រះអង្គជ្រើសរើសការលីលានៅក្នុងលោក សម្រាប់ឲ្យអ្នកប្រាជ្ញខ្មាស។ ព្រះជាម្ចាស់ជ្រើសរើសអ្វីដែលខ្សោយក្នុងលោក ដើម្បីឲ្យអ្នកខ្លាំងពូកែត្រូវខ្មាសដែរ។
28ព្រះជាម្ចាស់បានជ្រើសរើសអ្វីដែលតូចតាច និងអ្វីដែលគេស្អប់ខ្ពើមនៅក្នុងលោកីយ៍នេះ។ ព្រះអង្គក៏ជ្រើសរើស សូម្បីរបស់ដែលគេគិតថាគ្មានតម្លៃ ដើម្បីនាំការនោះឲ្យរាប់ជាមានតម្លៃបំផុតវិញ។
29ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីកុំឲ្យអ្នកណាមានអំនួតនៅចំពោះព្រះអង្គឡើយ។
30ដោយសារអ្វីៗដែលព្រះអង្គបានធ្វើ ពេលនេះអ្នករាល់គ្នាបាននៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលនាំប្រាជ្ញាមកដល់យើងពីព្រះជាម្ចាស់។ ព្រះយេស៊ូបានត្រឡប់ទៅជាសេចក្តីសុចរិត និងបានវិសុទ្ធ ព្រមទាំងការលោះបាបរបស់យើងផងដែរ។
31ជាលទ្ធផល ដូចដែលបទគម្ពីរបានចែងថា៖ «សូមឲ្យអ្នកដែលមានអំនួត ចូរអួតតែពីព្រះអម្ចាស់បានហើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។