1គេបានធ្វើជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយបានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ពីព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។
2អស់អ្នកដែលបានវិលត្រឡប់មកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកអ្នកបម្រើនៅព្រះវិហារ។
3កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
4នៅក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ដែលជាកូនរបស់លោកអុមរី ដែលជាកូនរបស់លោកអ៊ីមរី លោកអ៊ីមរីជាកូនរបស់លោកបានី ក្នុងអំបូរពេរេស ដែលជាកូនរបស់លោកយូដា។
5ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជាកូនច្បងគេ និងកូនចៅរបស់គាត់។
6ក្នុងអំបូរសេរ៉ាមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន ៦៩០នាក់។
7ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូ ជាកូនរបស់លោកមេស៊ូឡាម លោកមេស៊ូឡាមជាកូនរបស់លោកហូដាវា លោកហូដាវាជាកូនរបស់លោកហាសេនួ។
8លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី លោកមីករីជាកូនរបស់លោកមេស៊ូឡាម មេស៊ូឡាមជាកូនរបស់លោកសេផាធា លោកសេផាធាជាកូនរបស់លោករេហួល លោករេហួលជាកូនរបស់លោកយីបនីយ៉ា។
9បងប្អូនរបស់ពួកគេរាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។
10ក្រុមបូជាចារ្យមានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន។
11លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា។ លោកហ៊ីលគីយ៉ាជាកូនរបស់លោកមេស៊ូឡាម។ លោកមេស៊ូឡាមជាកូនរបស់លោកសាដុក។ លោកសាដុកជាកូនរបស់លោកមេរ៉ាយ៉ូត។ លោកមេរ៉ាយ៉ូតជាកូនរបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។
12លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកផាសហ៊ើរ លោកផាសហ៊ើជាកូនរបស់លោកម៉ាល់គា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាកូនរបស់លោកយ៉ាសេរ៉ាៗជាកូនរបស់លោកមេស៊ូឡាមៗជាកូនរបស់មេស៊ីលេមីតៗជាកូនរបស់លោកអ៊ីមមើរ
13ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១, ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
14ក្រុមលេវីមានសេម៉ាយ៉ា ជាកូនលោកហាស៊ូប លោកហាស៊ូបជាកូនរបស់លោកអាសរីកាំ លោកអាសរីកាំជាកូនរបស់លោកហាសាបយ៉ាក្នុងអំបូរម៉្រារី។
15លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាថានា ជាកូនរបស់លោកមីកា លោកមីកាជាកូនរបស់លោកស៊ីកគ្រី លោកស៊ីកគ្រីជាកូនរបស់លោកអេសាភ។
16ក៏មានលោកអូបាឌា ជាកូនរបស់លោកសេម៉ាយ៉ាផងដែរ លោកសេម៉ាយ៉ាជាកូនរបស់លោកកាឡាល លោកកាឡាលជាកូនរបស់លោកយេឌូថិន។ លោកបេរេគា ជាកូនរបស់លោកអេសា លោកអេសាជាកូនរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនេថូផា។
17ក្រុមឆ្មាំទ្វារ មានលោកសាលូម លោកអាកគូប លោកថាលម៉ូន លោកអហ៊ីម៉ាន និងបងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។
18ពីដើមមក ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួងនៅប៉ែកខាងកើតជាទ្វារនៃជំរំកូនចៅលេវី។
19លោកសាលូមជាកូនរបស់លោកកូរេ លោកកូរេជាកូនរបស់លោកអេបៀយ៉ាសាប់ លោកអេបៀយ៉ាសាប់ជាកូនរបស់លោកកូរ៉ា ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ា មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ។
20លោកភីនេហាស ជាកូនរបស់លោកអេឡាសារធ្វើជាអ្នកដឹកនាំហើយព្រះអម្ចាស់បានគង់នៅជាមួយលោក។
21លោកសាការីជាកូនរបស់លោកមេសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។
22អស់អ្នកដែលត្រូវគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយបានជំរឿនតាមភូមិរបស់គេមានចំនួនទាំងអស់២១២នាក់។ ឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាទុកដោយប្រជាជននៅក្នុងភូមិរបស់ពួកគេ។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាព្យាការីបានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
23ដូច្នេះ ពួកគេនិងកូនចៅរបស់ពួកគេក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់ព្រះអម្ចាស់គឺមាត់ទ្វារពន្លាជួបព្រះជាម្ចាស់។
24មានពួកឆ្មាំទ្វារនៅគ្រប់ទិសទាំងបូន ខាងកើត ខាងលិច ខាងជើង និងខាងត្បូង។
25រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកប្តូរវេនជួយការងាររបស់ពួកគេក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
26តែពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និងទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។
27ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់និងបើកទ្វាររៀងរាល់ព្រឹក។
28ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញក៏ត្រូវរាប់ដែរ។
29អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារនៅក្នុងទីសក្ការ ព្រមទាំងម៉្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។
30ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។
31លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរ៉ា មានភារកិច្ចធ្វើនំដែលសម្រាប់ថ្វាយជាតង្វាយ។
32រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ងនៃព្រះវត្តមានព្រះអម្ចាស់ ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃឈប់សំរាក។
33ពួកអ្នកចម្រៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិត ពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។
34នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។
35លោកយេហ៊ីអែល និងប្រពន្ធរបស់គាត់ឈ្មោះម៉ាកា ជាអ្នកសង់ក្រុងគីបៀន រស់នៅក្នុងក្រុងគីបៀននោះ។
36កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល នើរ ណាដាប
37កេដោរ អហ៊ីយ៉ូ សាការី និងមីកឡូត។
38លោកមីកឡូតជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
39លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគីស៊ូអា អប៊ីណាដាប់ និងអែសបាល។
40កូនរបស់សម្ដេចយ៉ូណាថានគឺមេរីបបាល ហើយលោកមេរីបបាលជាឪពុករបស់លោកមីកា។
41កូនរបស់លោកមីកាមាន ពីថូន មេឡេក និងថារា និងអហាស។
42លោកអហាសជាឪពុករបស់លោកយ៉ារ៉ា។ លោកយ៉ារ៉ាជាឪពុករបស់លោកអលេមេត។ លោកអលេមេត លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរី ជាឪពុករបស់លោកម៉ូសា។
43លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា។ លោករេផាយ៉ាជាឪពុករបស់លោកអេលាសា។
44លោកអេលេសាជាឪពុករបស់លោកអសេល។ លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូកេរូ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។