1លោកបូអូសបានទៅដល់ទ្វារក្រុង ហើយអង្គុយនៅទីនោះ។ ពេលនោះបុរសជាញាតិជិតបំផុត ដែលលោកបាននិយាយបានមកដល់។ លោកបូអូសមានប្រសាសន៍ទៅគាត់ថា៖ «សូមចូលមកហើយអង្គុយទីនេះសិន»។ បុរសនោះបានមកហើយអង្គុយចុះ។
2លោកបូអូសបានអញ្ជើញចាស់ទុំនៃក្រុងនេះចំនួនដប់នាក់មក រួចពោលឡើងថា «សូមអញ្ជើញអង្គុយនៅទីនេះសិន»។ ដូច្នេះពួកគេបានអង្គុយចុះ។
3លោកបូអូសមានប្រសាសន៍ទៅកាន់ញាតិជិតបំផុតនោះថា៖ «បងស្រីណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។
4ខ្ញុំគិតថាគួរតែជម្រាបបង សូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំនៅទីនេះជាសាក្សី និងបងប្អូនឯទៀតៗដែលមានវត្តមាននៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ បងទិញចុះ! ប៉ុន្តែ ប្រសិនបើបងមិនទិញទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ព្រោះនៅទីនេះមិនមានអ្នកណាមានសិទ្ធិទិញទេ គឺមានតែបង បន្ទាប់ពីបងគឺខ្ញុំ។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ»។
5លោកបូអូសក៏មានប្រសាសន៍ទៀតថា៖ «នៅថ្ងៃដែលបងទិញដីស្រែពីបងស្រីណាអូមី នោះបងត្រូវតែយកនាងរស់សាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនតយើងដែលស្លាប់ទៅហើយនៅ»។
6សាច់ញាតិនោះក៏ពោលថា៖ «បើដូច្នេះខ្ញុំមិនអាចទិញបានទេ ព្រោះវាធ្វើឲ្យខូចប្រយោជន៍និងបាត់បង់មរតកផ្ទាល់ខ្លួនរបស់ខ្ញុំ។ ដូច្នេះ ប្អូនអាចមានសិទ្ធិទិញយកដីនេះ ប្អូនទិញចុះ»។
7កាលដើមឡើយនៅក្នុងស្រុកអ៊ីស្រាអែលនៅពេលដែលគេទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើងហុចឲ្យគ្នាទៅវិញទៅមក ដើម្បីទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នា ក្នុងស្រុកអ៊ីស្រាអែល។
8ដូច្នេះ បុរសជាញាតិជិតបំផុតមានប្រសាសន៍ទៅលោកបូអូសថា៖ «សូមប្អូនទិញវាចុះ!» ហើយលោកក៏ដោះស្បែកជើងរបស់លោក។
9លោកបូអូសក៏មានប្រសាសន៍ទៅកាន់ចាស់ទុំនិងមនុស្សទាំងអស់ថា៖ «ថ្ងៃនេះអ្នករាល់គ្នាគឺជាសាក្សី ថាខ្ញុំបានទិញអ្វីៗទាំងអស់ដែលជារបស់បងប្រុសអេលីម៉ាឡេក រួមទាំងអ្វីៗដែលជារបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូម៉ី។
10ខ្ញុំក៏សូមយកនាងរស់សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធរបស់ខ្ញុំដែល ដើម្បីឲ្យកេរ្ត៍មរតករបស់គាត់នៅតែជារបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យទាត់ដើម្បីរក្សាឈ្មោះរបស់គាត់ ដើម្បីរក្សាឈ្មោះរបស់គាត់ឲ្យនៅគង់វង្សក្នុងចំណោមបងប្អូនរបស់គាត់និង នៅទ្វារក្រុងនេះតទៅ។
11មនុស្សទាំងអស់ និងចាស់ទុំដែលនៅទីនោះក៏និយាយថា៖ «យើងទាំងអស់គ្នាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលមកក្នុងផ្ទះរបស់លោកបានដូចជានាងរ៉ាជែល និងនាងលេអា គឺដូចជាស្រ្តីទាំងពីរនាក់ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានទ្រព្យសម្បត្តិស្តុកស្តុម្ភនៅអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
12សូមព្រះអម្ចាស់ប្រទានពរឲ្យលោក និងនាងមានកូនចៅច្រើន ដូចជាគ្រួសារលោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»
13នោះលោកបូអូសបានយកនាងរស់ធ្វើជាភរិយា។ លោកបានរួមរស់នឹងនាង ហើយព្រះអម្ចាស់បានប្រទានឲ្យនាងមានផ្ទៃពោះ និងសម្រាលបានកូនប្រុសមួយ។
14ពួកស្រ្តីៗនិយាយទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានចៅប្រុសមកឲ្យនាង ដោយមិនបានទុកឲ្យនាងរស់នៅដោយមិនមានសាច់ញាតិ។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីក្នុងស្រុកអ៊ីស្រាអែល។
15សូមឲ្យចៅនេះស្តារជីវិតរបស់អ្នកឲ្យមានសុភមង្គលឡើងវិញ ដ្បិត កូននេះបានកើតពីកូនប្រសារដែលនាងស្រឡាញ់ ជាកូនដែលប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត។
16នាងណាអូមីយកទារក ទៅផ្តេកនៅក្នុងដើមទ្រូងរបស់គាត់ ហើយបីបាច់ថែរក្សាទារកនោះ។
17ស្ត្រីអ្នកជិតខាងទាំងនោះបានពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ»។ គេហៅគាត់ថា៖ «អូបេឌ»។ លោកអូបេឌនេះហើយជាឪពុករបស់លោកអ៊ីសាយ ដែលជាបិតារបស់ព្រះបាទដាវីឌ។
18នេះជាពូជពង្សលោកពេរេស លោកពេរេសជាឪពុកលោកហេតស្រុន
19លោកហេតស្រុនជាឪពុកលោករ៉ាម លោករ៉ាមជាឪពុកលោកអមីណាដាប់
20លោកអមីណាដាប់ជាឪពុកលោកណាសូន លោកណាសូនជាឪពុកលោកសាលម៉ូន
21លោកសាលម៉ូនជាឪពុកលោកបូអាស លោកបូអាសជាឪពុកលោកអូបេដ
22លោកអូបេដជាឪពុកលោកអ៊ីសាយ លោកអ៊ីសាយជាឪពុកព្រះបាទដាវីឌ។