1លោកអេលីម៉ាឡេក ជាស្វាមីនាងណាអូមីមានសាច់ញាតិម្នាក់ឈ្មោះ លោកបូអូសជាអ្នកមានសម្បត្តិស្តុកស្តម្ភ និងមានឥទ្ធិពល។
2នាងរស់ជាសាសន៍ម៉ូអាប់ពោលទៅនាងណាអូមីថា៖ «សូមអ្នកម្តាយអនុញ្ញាតឲ្យកូនទៅរើសកួរស្រូវតាមស្រែនានាទៅ គង់តែមានគេអាណិតទុកឲ្យកូនរើសតាមក្រោយគេមិនខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូនស្រី!»។
3នាងរស់ចេញទៅរើសកួរស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ។ គាប់ជួននាងបានទៅរើសប៉ះចំស្រែរបស់លោកបូអូស ដែលជាសាច់ញាតិរបស់ លោកអេលីម៉ាឡេក។
4ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម លោកពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា»។ គ្រប់គ្នាតបវិញថា៖ «សូមព្រះប្រទានពរលោក»។
5លោកបូអូសសួរទៅកាន់អ្នកបម្រើរបស់គាត់ ដែលអ្នកត្រួតលើពួកអ្នកច្រូតថា៖ «តើនាងជាអ្នកណា?»
6អ្នកបម្រើជាមេត្រួតលើអ្នកច្រូតឆ្លើយថា៖ «នាងគឺជាសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ ជាមួយណាអូមី។
7នាងបានសុំខ្ញុំថា សូមអនុញ្ញាតឲ្យខ្ញុំរើសគួរស្រូវដែលជ្រុះនៅក្នុងស្រែពីក្រោយពួកអ្នកច្រូតស្រូវផងចុះ នាងបានមកទីនេះតាំងពីព្រឹករហូតមកដល់ពេលនេះ នាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់តែប៉ុណ្ណោះ»។
8លោកបូអូសនិយាយទៅនាងរស់ថា៖ «នាងអើយ សូមស្តាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងឡើយ! ហើយកុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅទីនេះជាមួយអ្នកបម្រើស្រីៗរបស់ខ្ញុំចុះ។
9ចូរឃ្លាំមើលតែក្នុងស្រែ បើអ្នកច្រូតទៅណាចូរទៅតាមក្រោយស្រីៗទាំងនោះទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យគេប៉ះពាល់នាងទេ។ ហើយប្រសិនបើនាងស្រេកទឹក ចូរទៅពិសាទឹកក្នុងខ្អមដែលអ្នកបម្រើរបស់ខ្ញុំបានដងទុកនោះចុះ»។
10ពេលនោះនាងរស់បានឱនមុខក្រាបដល់ដីពីមុខលោកបូអូស ហើយនិយាយទៅកាន់លោកថា៖ «ហេតុអ្វីបានជាលោកប្រណីមេត្តាដល់ ដែលខ្ញុំជាជនបរទេសដូច្នេះ?»
11លោកឆ្លើយតបទៅនាងវិញថា៖ «មានគេប្រាប់ខ្ញុំ ពីកិច្ចការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេក ចាប់តាំងពីប្តីនាងស្លាប់ចោលទៅ។ នាងបានចាកចេញពីឪពុក ម្តាយ និងទឹកដីកំណើតរបស់នាងមកតាមម្តាយក្មេក ហើយមករស់នៅក្នុងចំណោមជនជាតិដែលនាងមិនស្គាល់។
12សូមព្រះអម្ចាស់តបស្នងមកនាងវិញស្របតាមការដែលនាងប្រព្រឹត្ត។ សូមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានរង្វាន់ដល់នាងជាបរិបូរ ព្រោះនាងបានមកជ្រកក្រោមម្លប់បារមីរបស់ព្រះអង្គ»។
13បន្ទាប់មក នាងពោលថា៖ «លោកម្ចាស់មានចិត្តប្រណីសណ្តោសមកលើនាងខ្ញុំពន់ប្រមាណ លោកបានមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំ ទោះបីនាងខ្ញុំមានឋានៈទាបជាអ្នកបម្រើរបស់លោកក្តី»។
14នៅពេលបរិភោគអាហារ លោកនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់ដុំនំប៉័ងរបស់នាងមកក្នុងទឹកជ្រលក់នេះទៅ»។ នាងរស់អង្គុយជិតពួកអ្នកច្រូត ហើយលោកហុចលាជទៅឲ្យនាង នាងហូបរហូតឆ្អែត ហើយទុលលាជដែលនៅសល់នោះផង។
15បន្ទាប់មក នាងក៏ក្រោកឡើងរើសស្រូវទៀត លោកបូអូសបានបញ្ជាអ្នកបម្រើប្រុសៗរបស់គាត់ថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងដែលមានកណ្តាប់ស្រូវផង កុំឃាត់នាងអី។
16ហើយក៏ទម្លាក់កួរស្រូវខ្លះពីកណ្តាប់ឲ្យនាងផង កុំបន្ទោសនាងអី»។
17ដូច្នេះ នាងបានរើសកួរស្រូវនៅក្នុងស្រែរហូតដល់ពេលល្ងាច។ ហើយនាងក៏បែនស្រូវដែលនាងបានរើសនោះ បានជិតមួយថាំង។
18នាងបានលើកវាទូលហើយត្រឡប់ទៅភូមិវិញ។ ម្តាយក្មេករបស់នាងបានឃើញស្រូវដែលបានរើសបាន ហើយនាងរស់ក៏បានយកលាជដែលនាងយកពីអាហាររបស់នាងមកឲ្យម្តាយក្មេកដែរ។
19ម្តាយក្មេករបស់នាងបានសួរនាងថា៖ «តើថ្ងៃនេះកូនបានទៅរើសស្រូវនៅឯណា តើកូនបានទៅធ្វើការនៅទីណា? សូមព្រះប្រទានពរដល់អ្នកដែលបានជួយកូន»។ បន្ទាប់មក នាងរស់ក៏បានប្រាប់ម្តាយក្មេកអំពីម្ចាស់ស្រែដែលនាងបានទៅរើសកួរស្រូវនោះ។ នាងប្រាប់ថា៖ «ម្ចាស់ស្រែដែលកូនបានចូលទៅរើសកួរស្រូវនៅថ្ងៃនេះ គាត់មានឈ្មោះថា បូអូស»។
20នាងណាអូមីបានតបទៅកូនប្រសារថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់គាត់ គឺដល់អ្នកដែលមិនបានបោះបង់ភក្តីភាពរបស់គាត់ទាំងចំពោះអ្នកនៅរស់ និងអ្នកដែលបានស្លាប់»។ នាងណាអូមីបានពោលទៅកាន់នាងរស់ទៀតថា៖ «បុរសនេះគឺជាញាតិជិតដិតរបស់យើង គាត់ក៏ជាម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
21នាងរស់ជាសាសន៍ម៉ូអាប់ពោលថា៖ «គាត់បានប្រាប់ខ្ញុំថា នាងត្រូវនៅរើសកួរស្រូវក្បែរស្រីបម្រើរបស់ខ្ញុំ រហូតទាល់តែផុតរដូវចម្រូត»។
22នាងណាអូមីនិយាយទៅនាងរស់ជាកូនប្រសារស្រីរបស់នាងថា៖ «គឺជាការល្អណាស់! ដែលកូននៅរើសស្រូវជាមួយអ្នកស្រីបម្រើរបស់លោក ដូច្នេះ កូននឹងមិនត្រូវគេធ្វើបាប នៅពេលដែលកូនទៅរើសស្រូវក្នុងស្រែដទៃនោះទេ»។
23ដូច្នេះ នាងរស់ក៏នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសរហូតទាល់តែផុតរដូវចម្រូត។ នាងរស់បានបន្តរស់នៅជាមួយម្តាយក្មេកបន្តទៅទៀត។