1ព្រះអម្ចាស់សោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ។ ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើក។
2ព្រះអម្ចាស់ធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។
3សូមឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។
4ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។
5ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។
6លោកម៉ូសេ និងលោកអើរ៉ុន ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ ហើយលោកសាំយូអែល ក៏នៅក្នុងចំណោមអស់អ្នក ដែលអំពាវនាវរកព្រះនាមព្រះអង្គ។ គេបានអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។
7ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកលោក ពីក្នុងបង្គោលពពក ពួកលោកបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គ ព្រមទាំងក្រឹត្យក្រមដែលព្រះអង្គ បានប្រទានដល់ពួកលោក។
8ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។
9ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។