ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 70

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង។
2សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ។
3សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។
4សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ មាន​ចិត្ត​ត្រេក​អរ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ពោល​ជា‌និច្ច​ថា «ព្រះ​ធំ​អស្ចារ្យ»
5ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ។ ឱ​ព្រះ‌អម្ចាស់អើយ សូម​កុំបង្អង់​ឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។