ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 46

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើងព្រះវត្តមាននៃព្រះអង្គនៅចាំជួយ ក្នុង​ពេល​មាន​អាសន្ន។
2ដូច្នេះ ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​សមុទ្រដែរ
3ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំនានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ សម្រាក
4មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។
5ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​ទីក្រុង ហើយទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ព្រះអង្គ​នឹង​សង្គ្រោះទីក្រុងនោះ តាំង​ពី​ពេល​ថ្ងៃ​រះ។
6ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​របស់ព្រះអង្គ ផែនដី​ក៏​រលាយ​អស់​ទៅ។
7ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ សម្រាក
8ចូរ​នាំ​​មើល​ចុះ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង នៅ​លើ​ផែនដី​នេះ។
9ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។
10សូមនៅស្ងៀមចុះ ដោយដឹងថាយើងគឺជាព្រះជាម្ចាស់ យើងនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងប្រជាជាតិផ្សេងៗ យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដីដែរ។
11ព្រះអម្ចាស់នៃពិភពទាំងមូល គងនៅជាមួយ ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង ​ជ្រក​របស់​យើង។ សម្រាក
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។