1ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប។ ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ នឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។
2ខ្ញុំរក្សាភាពស្ងៀម ឥតនិយាយស្ដី គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។
3ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង។ ហើយអណ្ដាតខ្ញុំពោលថា។
4ឱព្រះអម្ចាស់អើយ! សូមឲ្យទូលបង្គំដឹងពីជីវិតចុងក្រោយរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង។ ដើម្បីឲ្យទូលបង្គំសូមបង្ហាញទូលបង្គំដើម្បីឲ្យទូលបង្គំដឹងផង។
5មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះនៅចំពោះព្រះអង្គ។ ពិតណាស់ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ សម្រាក
6ជាការពិត មនុស្សមានជីវិត ប្រៀបដូចជាស្រមោល។ ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិទុក តែមិនដឹងថាអ្នកណានឹងទទួលនោះទេ។
7ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វីទៅ? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
8សូមសង្គ្រោះទូលបង្គំឲ្យរួចពីអំពើបាប របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។
9ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។
10សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំផង ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។
11ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើបាបរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ សម្រាក
12ឱព្រះអម្ចាស់អើយ! សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
13សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំស្លាប់ទៅ»។