ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 37

Read Scripture freely. Divine Threads study for this chapter is coming later.

1កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នកដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ
2ដ្បិតពួក​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។
3ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។
4ចូរ​យក​ព្រះ‌អម្ចាស់ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។
5ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។
6ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រសៀល។
7សូម​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​រហ័សខឹងឡើយ ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។
8សូមកុំរហ័ស​កំខឹង ហើយ​មាន​ចិត្តក្ដៅ​ក្រហាយ។ សូមកុំខ្វាល់ចិត្តពេក។ ការទាំងនោះគ្រានតែនាំយើងឲ្យមានបញ្ហាទេ។
9ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌អម្ចាស់ នឹង​បាន​ទទួល​ទឹក​ដី​ជា​មរតក។
10នៅតែ​បន្តិច​ទៀត មនុស្ស​អាក្រក់ នឹងលែង​មាន​ទៀត​ហើយ ​អ្នក​នឹងខំ​រក​មើល​កន្លែង​គេ តែគេ​មិន​នៅទី​នោះ​ទៀតដែរ។
11ប៉ុន្តែ មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មរតក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។
12មនុស្ស​អាក្រក់គេ​បង្កើត​គម្រោង​ការ​អាក្រក់ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត។
13​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថាថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។
14ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នកដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់។
15តែ​ដាវ​របស់​គេ​នឹង​ចាក់​ចូល ទៅ​ក្នុង​បេះ​ដូង​ខ្លួន​គេវិញ ហើយ​ធ្នូរ​របស់​គេ​នឹង​ត្រូវ​បែក​បាក់។
16ទ្រព្យ​បន្តិច​បន្តួច​ដែល​មនុស្ស​សុចរិត​មាន នោះ​ប្រសើជាងទ្រព្យ​ដ៏ច្រើន របស់​មនុស្ស​អាក្រក់​ជា​ច្រើន​នាក់។
17ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌អម្ចាស់ជួយ​មនុស្ស​សុចរិតវិញ។
18ព្រះ‌អម្ចាស់បាន​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មរតក​របស់​គេនៅ​ជាប់​ជា​ដរាប។
19ពួកគេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​លំបាក​ឡើយ។ ហើយ​នៅ​វេលា​អំណត់មកដល់ ពួកគេ​នឹង​មាន​ជា​បរិបូរ។
20ប៉ុន្តែ ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​នឹង​សាប​សូន្យ​ទៅ គឺ​នឹង​រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង។
21មនុស្ស​អាក្រក់​ខ្ចី​គេ តែ​មិន​សង​វិញ​ឡើយ ឯ​មនុស្ស​សុចរិត​វិញ មាន​ចិត្ត​សទ្ធា ហើយ​ចេះ​ឲ្យ​ទៅ​អ្នក​ដទៃ។
22ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរដោយព្រះ‌ជាម្ចាស់ នឹង​ទទួល​​ទឹក‌ដី​ជា​មរតក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។
23ព្រះ‌អម្ចាស់តាំង​ជំហាន​របស់​មនុស្សឲ្យ​បាន​មាំ​មួន​ពេល​ព្រះ‌អង្គ​សពព្រះ‌ហឫ‌ទ័យនឹង​ផ្លូវ​របស់​គេ។ ទោះ​បើ​គេជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌អម្ចាស់ព្រះអង្គកាន់​ដៃ​គេ​ជាប់។
24ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយតែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។
25ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ​ សុំ​ទាន​អាហារ​ដែរ។
26ពួកគេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។
27ចូរ​បែរ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អវិញ ហើយ​អ្នក​នឹង​រស់នៅ​ដោយសុខសាន្តជា​រៀង​ដរាប។
28ដ្បិត​ព្រះ‌អម្ចាស់ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធរបស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។
29មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មរតក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។
30មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។
31ក្រឹត្យ‌វិន័យនៃ​ព្រះជាម្ចាស់​របស់​គេ នៅ​ជាប់​ក្នុង​ចិត្តគេ ហើយ​ពេលគេដើរនឹងមិនដូលឡើយ។
32មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។
33ប៉ុន្ដែ ព្រះ‌អម្ចាស់មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។
34ចូរ​រង់‌ចាំ​ព្រះ‌អម្ចាស់ចុះ ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ដែរ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មរតក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវវិនាស។
35យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។
36ប៉ុន្ដែ គេ​ទៅ​បាត់ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។
37ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ទីបំផុត​នៃ​មនុស្សទាំង​នោះ នឹងបាន​សុខ​សាន្ត។
38មនុស្សមានបាប នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ចុង​បំផុត​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ។
39ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រាលំបាក។
40ព្រះ‌អម្ចាស់​សង្គ្រោះ និង​សង្គ្រោះពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។