ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 33

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱមនុស្ស​សុចរិត​អើយ! ចូរ​រីក‌រាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ សូមសរសើរ​តម្កើង​ព្រះជាម្ចាស់ ដ៏សមគួរហើយក្នុងផ្លូវត្រឹមត្រូវ។
2ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់។
3ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ ហើយ​ប្រគំ​ភ្លេង​យ៉ាង​ពិរោះ​ឲ្យ​ឮ​រងំទាំង​ស្រែក​ដោយអំណរ។
4ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៀង​ត្រង់ ហើយ​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់។
5ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់។
6ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើមចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។
7ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។
8ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ។
9ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។
10ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។
11ផែនការ​របស់​ព្រះ‌អម្ចាស់ នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ សម្រាប់ គ្រប់​ជំនាន់​​។
12មាន​ពរ​ហើយ ជាតិ​សាសន៍​ណា ដែល​យក​ព្រះ‌អម្ចាស់ទុក​ជា​ព្រះ​របស់​ខ្លួន ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស ទុក​ជា​មរតក​របស់​ព្រះ‌អង្គ!
13ព្រះ‌អម្ចាស់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់។
14​ពី​ព្រះដំណាក់​ជាកន្លែងគង់នៅរបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី។
15គឺ​ព្រះ‌អង្គ​ហើយ​ដែល​បង្កើត​ចិត្ត របស់​គេ​ទាំង​អស់​គ្នា ក៏​ពិចារណា​មើល​អស់​ទាំង​ការដែល​គេ​ប្រព្រឹត្ត​ដែរ។
16គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​កម្លាំងខ្លួន​​ដែរ។
17សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំងរបស់​វា​បាន​ដែរ។
18មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់ ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
19ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។
20យើងរង់ចាំចំពោះ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។
21ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។
22ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ ​នៅជាមួយយើង​ ដូចដែល​យើង​ដាក់​សង្ឃឹម​ក្នុងព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។