ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 31

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ។
2សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង។
3ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំដោយ​ យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​ដឹកនាំ​ផ្លូវ​ទូល‌បង្គំផង។
4សូម​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់ ដោយគេ​លួច​លាក់​ដើម្បី​ចាប់​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ។
5ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ទូល‌បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់ ជា​ព្រះដ៏​ស្មោះ‌ត្រង់​អើយ ព្រះ‌អង្គ​បានប្រោស​លោះ​ទូល‌បង្គំ។
6ទូលបង្គំស្អប់អស់អ្នកណាដែលទុកចិត្តព្រះក្នុងលោកីយ ប៉ុន្តែទូលបង្គំទុកចិត្តព្រះអម្ចាស់វិញ។
7ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ។
8ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ ទៅក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។
9ឱ​ព្រះ‌អម្ចាស់អើយ សូម​មេត្តាដល់​ទូល‌ បង្គំផង ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹងនិង​រូប​កាយ​ទូល‌បង្គំ​ក៏​ដូចគ្នាដែរ។
10ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ។ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយដោយសារបាបរបស់ទូលបង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។
11ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល ជា​ពិសេសចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក ដែល​ស្គាល់​ទូល‌បង្គំ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​គេច​មុខ​ពី​ទូល‌បង្គំ។
12គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​បាក់បែក។
13ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មិនល្អរបស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់​គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ។ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។
14ប៉ុន្តែ ទូលបង្គំទុកចិត្តព្រះអង្គ ឱព្រះអម្ចាស់អើយ!​ទូលបង្គំទូលថា «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ»។
15វាសនា​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង។
16សូម​ឲ្យ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
17ឱ​ព្រះ‌អម្ចាស់អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ។
18សូម​ឲ្យ​បបូរ​មាត់​ភូត​ភរ​មិនអាចនិយាយបាន ជា​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត ដោយ​ព្រហើន និង​ប្រមាថ​មើល‌ងាយ។
19ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស!
20ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​អណ្ដាត​មិនល្អ។
21សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុងដែលសត្រូវ​ឡោម​ព័ទ្ធ។
22ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្ររបស់​ព្រះ‌អង្គ​» ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វររបស់​ទូល‌បង្គំ។
23គ្រប់អ្នកដែលតាមព្រះអង្គ គឺស្រលាញ់ព្រះអម្ចាស់។ ឱព្រះអម្ចាស់ ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរណ៏។
24សូមរឹងមាំហើយទុកចិត្តចុះ គ្រប់គ្នាដែលទុកចិត្តលើព្រះអម្ចាស់ដើម្បីបានសង្រ្គោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។