ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 148

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ នៅ​ស្ថាន​បរម‌សុខ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។
2ទេវតា​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។
3ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ផ្កាយ​ដ៏​ភ្លឺ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ។
4ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក ដែល​នៅ​ពី​លើ​មេឃ​អើយ។
5ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។
6ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។
7ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ចេញ​ពី​ផែនដី ឯង​ដែល​ជា​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ និង​ទី​ជម្រៅ​ទាំង​ប៉ុន្មាន
8ភ្លើង និង​ព្រឹល ហិមៈ និង​ចំហាយ​ទឹក ខ្យល់​ព្យុះដែល​សម្រេច​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
9ភ្នំ​ធំ​ភ្នំ​តូច​ទាំង​ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តា‌ត្រៅ​ទាំង​ប៉ុន្មាន
10សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។
11ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី
12យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ។
13ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។
14ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អុីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ សរសើរ​ព្រះ‌អម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។