ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 146

Read Scripture freely. Divine Threads study for this chapter is coming later.

1សរសើរតម្តើងព្រះអម្ចាស់! ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។
2ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះជាម្ចាស់​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ។
3កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​ទុក​ចិត្ត​នឹង​មនុស្ស​លោក ដែល​មិន​អាច​សង្គ្រោះ​អ្នក​ណា​បាន​នោះ​ឡើយ។
4កាល​គេ​ផុត​ដង្ហើម​ទៅ គេវិល​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង គំនិត​របស់​គេ ក៏​សូន្យ​បាត់​ទៅ​ដែរ។
5មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។
6ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។
7ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង
8ព្រះ‌អម្ចាស់​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត។
9ព្រះ‌អម្ចាស់​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។
10ព្រះ‌អម្ចាស់​នឹង​សោយ‌រាជ្យ​អស់‌កល្ប​ជា‌និច្ច ឱ​ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក នឹង​សោយ‌រាជ្យ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ សរសើរតម្កើងព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។