ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 137

Read Scripture freely. Divine Threads study for this chapter is coming later.

1យើង​បាន​អង្គុយ​ចុះ នៅ​មាត់​ទន្លេ​ទឹកដី​បាប៊ីឡូន យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន។
2នៅ​ទី​នោះ យើង​បាន​ព្យួរ​ស៊ុង​របស់​យើង នៅ​ដើម​ចាក។
3ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង ទៅ​ជា​ឈ្លើយ បានសុំ​ឲ្យ​យើង​ច្រៀង គឺ​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​យើង គេ​បាន​សុំ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយ គេ​ពោល​ថា «ចូរ​ច្រៀង​បទ​មួយ​របស់​ក្រុង​ស៊ីយ៉ូន ឲ្យ​យើង​ស្តាប់​ផង»។
4តើឲ្យ​យើង​ច្រៀង​បទ​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​កើត?
5ក្រុង​យេរូ‌សាឡិម​អើយ ប្រសិន‌បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្តាំ​របស់​ខ្ញុំ​ភ្លេច​ជំនាញ​របស់​វា​ទៅ​ចុះ។
6ប្រសិន‌បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នកទេ ប្រសិន‌បើ​ខ្ញុំ​មិន​ដាក់​ក្រុង​យេរូ‌សាឡិម ឲ្យ​ខ្ពស់លើស​ជាង​អំណរ​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំទេ នោះ​សូម​ឲ្យ​អណ្ដាត​ខ្ញុំ ស្អិត​ជាប់​នឹង​ក្រអូម​មាត់​ខ្ញុំ​ទៅ​ចុះ។
7​ព្រះ‌អម្ចាស់អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ»។
8​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ឯង​នឹង​ត្រូវ​វិនាស​មិន​ខាន មាន​ពរ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯង តាម​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង។
9មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​ចាប់​កូន​តូចរបស់​ឯង ទៅ​បោក​នឹង​ថ្ម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។