ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 3

Read Scripture freely. Divine Threads study for this chapter is coming later.

1កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​យើង​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែលយើង​បាន​ផ្ដែ‌ផ្ដាំ​ជានិច្ច។
2ដ្បិត ពាក្យរបស់យើងនឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។
3ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។
4ក្រោយមក​ កូន​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។
5កុំ​ពឹង​លើ​ចំណេះ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុងវិញ។
6ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​រៀបចំ​ផ្លូវ​របស់​កូន។
7កុំ​ចាត់​ទុក​ខ្លួន​កូន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ប៉ុន្តែ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដោយងាក​ចេញ​ពី​ការ​អាក្រក់។
8ការ​ទាំងនេះគឺ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។
9ចូរ​យក​ផល​ដំបូង​ពីផលដំណាំ និងសម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះអង្គ។
10ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រាទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរផង។
11កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្តដែរ នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​
12ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
13អ្នក​ណា​រក​ប្រាជ្ញា​ឃើញ និងយល់ដឹងពីយោបល់ អ្នក​នោះ​មាន​សុភមង្គល​ហើយ។
14ដ្បិត​ប្រាជ្ញា​ដែល​កូន​រក​បាន​នេះ​គឺប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​បាន​ចំណេញ​ប្រសើរ​ជាង​មាន​មាសផងដែរ។
15ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។​
16ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។
17ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។
18ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​នឹងរីករាយ។
19ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។
20ដោយសារព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ និង​ឲ្យ​ពពក​បង្អូរ​ភ្លៀង​ចុះ​មក។
21កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​កួន​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រាជ្ញា និង​គំនិត​វាង​វៃ​។
22ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​កូន ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​របស់កូនផង។
23នោះ​កូននឹង​បាន​ដើរ​តាម​ផ្លូវ​របស់កូន ដោយ​សេចក្ដី​សុខ ហើយ​ជើង​កូន​នឹង​មិន​ចំពប់​ឡើយ។
24ប្រសិន​បើ​កូន អង្គុយ​ចុះ នោះកូននឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​កូនចូល​ដេក នោះ​កូន​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។
25កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ
26ដ្បិត​ព្រះ‌អម្ចាស់នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​កូន ព្រះ‌អង្គ​នឹង​រក្សា​ជើងកូន​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។
27កាល​ណា​កូន​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពីកូន​ឡើយ។
28បើ​កាល​ណា​កូន​មាន​របស់​អ្វី​នៅ​ជិត​កូន ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។
29កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​កូន ដែល​អា‌ស្រ័យ​នៅ​ជិត​កូន ដោយ​សុខ​សាន្ត​នោះ​ឡើយ។
30បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​កូន នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ។
31កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ។
32ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌អម្ចាស់ តែ​ចំណែក​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។
33បណ្ដាសា​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ក្នុង​ផ្ទះ​របស់មនុស្ស​អា‌ក្រក់តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​ សុចរិត​វិញ។
34ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយតែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​អ្នកបន្ទាបខ្លួនវិញ។
35មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរតក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។