ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 29

Read Scripture freely. Divine Threads study for this chapter is coming later.

1មនុស្សម្នាក់ដែលបានទទួលការស្តីបន្ទោស តែបើអ្នកនោះនៅតែរឹងរូសនឹងធ្វើឲ្យបាក់ក ហើយពិបាកនឹងព្យាបាលណាស់។
2កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែបើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។
3អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត តែ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។
4ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ទឹកដីបាន​ចម្រើន​ តែ​ស្ដេច​ដែលមានចិត្តអាក្រក់ រមែង​ធ្វើ​ឲ្យ​ទឹកដី​ហិន‌ហោច។
5អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់ជើង​ខ្លួន​ឯង។
6មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន ប៉ុន្តែមនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​។
7មនុស្ស​សុចរិត​តែងតែ​យល់​ពីបញ្ហា​របស់​ជន​ក្រីក្រ ប៉ុន្តែ​មនុស្ស​អាក្រក់ មិន​យល់​ពីបញ្ហាទាំងនោះទេ។
8មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្កឲ្យ​មាន​ភ្លើងឆេះពេញ​ទីក្រុង តែ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។
9ពេលមនុស្ស​មាន​ប្រាជ្ញា​ទាស់គ្នា ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ គាត់​ខឹង ឬ​សើច​ក្ដី ហើយ​គាត់​មិន​បាន​ស្ងប់​ចិត្ត​ទេ។
10ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ តែ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។
11មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ ប៉ុន្តែ ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​ចិត្ត។
12កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ជាងដើម។
13អ្នកក្រីក្រហើយនិងមនុស្សរងទុក្ខលំបាក គឺដូចគ្នា ព្រះអម្ចាស់បានបើកភ្នែកមនុស្សទាំងពីរនោះភ្លឺឡើង។
14ប្រសិនបើស្តេចនឹងកាត់ទោសដល់ពួកអ្នកក្រដោយផ្អែកលើសេចក្តីពិត នោះបល្ល័ង្កព្រះអង្គនឹងស្ថិតនៅជារៀងរហូត។
15រំពាត់ហើយនិងការបង្រៀនដោយប្រាជ្ញា តែកូនដែលមិនព្រមទទួលការប្រដៅពីម្តាយ នឹងធ្វើឲ្យមានអាម៉ាស់។
16ពេលមនុស្សអាក្រក់នៅក្នុងអំណាច អំពើអាក្រក់នោះកាន់តែរីកចម្រើន ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលចុះរបស់មនុស្សអាក្រក់ដែរ។
17សូមបង្រៀនកូនអ្នកនោះអ្នកនឹងបានសម្រាក ពួកគេនឹងនាំភាពរីករាយមកកាន់ជីវិតរបស់អ្នក។
18កន្លែងណាដែលគ្មានការថ្លែងពីនិមិត្តទេ នោះមនុស្សនឹងវង្វេងទៅគ្រប់ទីកន្លែង ប៉ុន្តែអ្នកណាដែលរក្សាក្រឹត្យវិន័យនោះនឹងបានពរវិញ។
19ទាសករគឺមិនអាចកែតម្រូវដោយពាក្យ ដ្បិតទោះបីជាគេយល់ក៏ដោយនៅតែមិនបានចម្លើយនោះទេ។
20តើបើឃើញអ្នកម្នាក់ដែលមានពាក្យមិនល្អ? បើអញ្ចឹងមែនមនុស្សអាក្រក់គឺប្រសើរជាងអ្នកនោះទៅទៀត។
21បើអ្នកណាទំរើសអ្នកបម្រើរបស់ខ្លួនតាំងពីក្មេង ចុងក្រោយអ្នកនឹងរកឃើញថាមានបញ្ហាច្រើន។
22មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ ហើយអ្នក​ដែល​ចិត្ត​កំរោលជាចៅហ្វាយ រមែង​ប្រព្រឹត្ត​អំពើ​បាបច្រើន។
23អំនួតរបស់មនុស្សនាំឲ្យគាត់បាក់​មុខ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួនខាងឯវិញ្ញាណនឹងបានទទួលការលើកតម្កើង។
24អស់អ្នកណាដែលរួមស្អប់ទៅលើជីវិតរបស់ខ្លួនឯងវិញ នឹងមិនស្តាប់ឮអ្វី ក៏មិននិយាយអ្វីដែរ។
25ការខ្លាចដល់មនុស្សគឺនឹងត្រូវជាប់អន្ទាក់ ប៉ុន្តែអ្នកណាដែលបានទុកចិត្តលើព្រះអម្ចាស់នឹងបានទទួលការជួយគាំទ្រវិញ។
26មនុស្សជាច្រើនតែងស្វែងរកមុខអ្នកគ្រប់គ្រង ប៉ុន្តែព្រះអម្ចាស់វិញនឹងទទួលក្តីយុត្តិធម៌សម្រាប់មនុស្សវិញ។
27មនុស្សទុច្ចរិតគឺ មិនចូលចិត្តមនុស្សសុចរិតនោះទេ ប៉ុន្តែហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។