ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង ប៉ុន្តែ​សម្ដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។
2សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង ប៉ុន្តែមាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងី‌ល្ងើ។
3ព្រះ‌អម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។
4ពាក្យ​នៃការព្យាបាលប្រៀប​ដូច​ជា​ដើម​ឈើ​នៃជីវិត ប៉ុន្តែ​សម្ដី​បោកប្រាស​នាំ​ឲ្យ​ធ្លាក់​ចុះខាងវិញ្ញាណ។
5មនុស្ស​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​កែតម្រូវជា​មនុស្ស​ឆ្លាត។
6ផ្ទះ​របស់​មនុស្ស​សុចរិត​តែង​មានសម្បត្តិច្រើន តែ​ទ្រព្យ​ដែល​រក​បាន​ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។
7ពាក្យរបស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះ‌បណ្ដាល​ចេះដឹង តែ​មនុស្ស​ខ្លៅ​វិញ គ្មានចិត្តធ្វើបែបនេះទេ។
8ព្រះ‌អម្ចាស់​មិន​សព្វ ព្រះ‌ហឫទ័យ ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ទៀង‌ត្រង់វិញ។
9ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។
10អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ ចំណែក​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។
11​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី នឹងត្រូវបើកចំហរនៅចំពោះព្រះអម្ចាស់ តើចិត្ត​មនុស្ស​វិញ ព្រះអង្គ​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​?
12មនុស្ស​វាយ‌ឫក​ខ្ពស់​មិន​ចូល​ចិត្ត​ពាក្យកែតម្រូវទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។
13ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីក‌រាយ តែ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូត‌ស្រងាត់។
14អ្នកមានចិត្ត​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ តែ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងី‌ល្ងើ។
15ចំពោះ​មនុស្ស​កម្សត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ តែ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។
16ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។
17កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។
18មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជំលោះ តែ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។
19ផ្លូវ​របស់​មនុស្ស​ខ្ជិលគឺដូចជាកន្លែងមួយដែល​មាន​សុទ្ធ​តែ​បន្លា ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើនឹងធំ​ល្អ។
20កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត ប៉ុន្តែមនុស្ស​​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយរបស់ខ្លួន។
21មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ប៉ុន្តែមនុស្ស​ចេះ​យល់គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។
22ខ្វះ​ការ​ពិគ្រោះ​គ្នាគម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។
23ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។
24មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។
25ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។
26ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។
27មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន តែ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។
28បេះដូងរបស់មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ ចំណែក​មនុស្ស​អាក្រក់​រមែង​និយាយ​ចេញពីសេចក្តីអាក្រក់។
29ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត។
30ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​តែងនាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។
31អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។
32អ្នក​ណា​បដិសេធ​ការ​ប្រៀន‌ប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង តែ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​កែតម្រូវ​តែងតែ​រីកចំរើនខាងចំណេះដឹង​។
33ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុងរឿង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។