1ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងរបស់ព្រះគ្រិស្ដយេស៊ូ និងលោកធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលចូលរួមការងារជាមួយយើង
2សូមជម្រាបមកប្អូនស្រីអាប់ភា ហើយជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង ព្រមទាំងសូមជម្រាបមកក្រុមជំនុំដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន។
3សូមព្រះព្រះគុណ និងសេចក្តីសុខសាន្តដល់បងប្អូនពីព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើង។
4ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែដំណាលពីលោកប្អូន។ ខ្ញុំតែងតែអរព្រះគុណដ៏ព្រះជាម្ចាស់របស់ខ្ញុំជានិច្ច។
5ដ្បិត ខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូន នៅចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះអ្នករួមជំនឿទាំងអស់។
6ខ្ញុំអធិស្ឋានសូមឲ្យមានការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ។
7ខ្ញុំពិតជាមានអំណរ និងការលើកទឹកចិត្តយ៉ាងខ្លាំង ដោយសារឃើញសេចក្តីស្រឡាញ់របស់លោកប្អូន ព្រោះចិត្តរបស់ប្រជាជនដ៏វិសុទ្ធបានធូរស្បើយដោយសារលោកប្អូន។
8ទោះបីខ្ញុំមានសិទ្ធិគ្រប់ទាំងអស់នឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ដ ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក៏ដោយ
9ក៏ព្រោះតែសេចក្តីស្រលាញ់ទើបខ្ញុំមកអង្វរលោកប្អូន។ ខ្ញុំ ប៉ូល ដែលមានវ័យកាន់តែចាស់ហើយ ឥឡូវនេះក៏ជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដយេស៊ូថែមទៀតផង។
10ខ្ញុំសូមអង្វរលោកប្អូនអំពីកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។
11ពីដើម គាត់គ្មានប្រយោជន៍អ្វីដល់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះគាត់ពិតជាមានប្រយោជន៍ដល់លោកប្អូន ក៏ដូចជាមានប្រយោជន៍ដល់ខ្ញុំដែរ។
12ខ្ញុំសូមចាត់គាត់ ឲ្យវិលមករកលោកប្អូនវិញ ដែលគាត់ប្រៀបបីដូចជាដួងចិត្តរបស់ខ្ញុំ។
13ខ្ញុំក៏មានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អនេះ។
14ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយមិនមានការយល់ព្រមពីលោកប្អូនឡើយ។ ខ្ញុំមិនចង់ឱ្យការប្រព្រឹត្ដល្អរបស់ប្អូន ធ្វើទាំងទើសទាល់នោះទេ គឺធ្វើដោយស្ម័គ្រចេញពីចិត្តវិញ។
15ប្រហែលជាគាត់ត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈ ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញជាដរាបតទៅ
16មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតនោះទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ជាមនុស្សពិសេសបំផុតសម្រាប់ខ្ញុំ។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។
17ដូច្នេះ ប្រសិនបើលោកប្អូនចាត់ទុកខ្ញុំជាបងប្អូនរួមជំនឿមែន សូមទទួលយកគាត់ឲ្យបានដូចជាទទួលយកខ្ញុំដែរ។
18ប្រសិនបើ គាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោកប្អូន សូមគិតលើខ្ញុំចុះ។
19ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យទាំងនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (តែខ្ញុំមិនចាំបាច់រំឭកទេថា លោកប្អូនក៏នៅជំពាក់ខ្ញុំដែរនោះទេ)។
20លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំ ដោយយល់ដល់ព្រះនាមព្រះអម្ចាស់ ហើយសូមធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយក្នុងអង្គព្រះគ្រិស្ដផង។
21ខ្ញុំសូមសរសេរមកលោកប្អូន ដោយភាពជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំនេះទៅទៀត។
22ក្នុងពេលជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ដ្បិតខ្ញុំសង្ឃឹមថា ដោយសារបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ នោះខ្ញុំនឹងបានមកជួបបងប្អូនជាក់ជាមិនខាន។
23លោកអេប៉ាប្រាសដែលបានជាប់ឃុំឃាំងជាមួយនឹងខ្ញុំ ព្រោះតែព្រះគ្រិស្ដយេស៊ូ សូមជម្រាបសួរមកលោកប្អូន
24ហើយព្រមទាំងលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលរួមការងាររបស់ខ្ញុំដែរ។
25សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់លោកប្អូន។ អាម៉ែន។