1នៅពេលនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើន។ នៅពេលពួកគេឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ
2ដូច្នេះ កូនចៅកាដ និងកូនចៅរូបេន បានមកមកប្រាប់លោកម៉ូសេ និងបូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ថា៖
3«នេះគឺជាបញ្ជីរនៃទីកន្លែងដែលពួកយើងបានធ្វើការសង្កេតមើល គឺក្រុងអាថារ៉ូត ក្រុងឌីបូន ក្រុងយ៉ាស៊ើរ ក្រុងនីមរ៉ា ក្រុងហែសបូន ក្រុងអេឡាលេ ក្រុងសេបាំ ក្រុងនេបូ និងក្រុងបេអូន។
4ទាំងនេះជាស្រុកដែលព្រះអម្ចាស់វាយយកបាននៅចំពោះមុខសហគមន៍អ៊ីស្រាអែល ហើយស្រុកទាំងនោះជាកន្លែងដ៏ល្អសម្រាប់ហ្វូងសត្វ។ យើងខ្ញុំជាអ្នកបម្រើលោក មានហ្វូងសត្វច្រើនណាស់»។
5ពួកគេនិយាយទៀតថា៖ «ប្រសិនបើ លោកមេត្តាយើងខ្ញុំ សូមលោកប្រគល់ស្រុកនេះឲ្យយើងខ្ញុំជាអ្នកបម្រើលោកមក។ មិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ទេ»។
6លោកម៉ូសេបានឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «តើគួរឲ្យបងប្អូនរបស់អ្នករាល់គ្នាចេញទៅធ្វើសង្គ្រាម ហើយអ្នករាល់រស់ទីនៅទីនេះឬ?
7ហេតុអ្វីបានជាអ្នកបំបាក់ទឹកចិត្តប្រជាជនអ៊ីស្រាអែលលែងចង់ចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេដូច្នេះ?
8ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះដែរ នៅពេលខ្ញុំចាត់ពួកគេ ពីស្រុកកាដេសបារនាឲ្យទៅពិនិត្យមើលស្រុក។ ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល
9បានឃើញស្រុកនោះ ពួកគេបានធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត ហើយពួកគេក៏បដិសេធមិនព្រមចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេនោះឡើយ។
10នៅថ្ងៃនោះ ព្រះអម្ចាស់ព្រះពិរោធជាខ្លាំង។ ព្រះអង្គបានស្បថថា៖
11«អស់អ្នកដែលបានចេញពីស្រុកអេស៊ីបមក ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានស្បថប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ពីព្រោះពួកគេពុំបានដើរតាមយើងដោយអស់ពីចិត្តទេ លើកលែងតែ
12កាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូន។ គឺមានតែកាលែប និងយ៉ូស្វេទេ ដែលបានបានដើរតាមដោយចិត្តស្មោះ»។
13ដូច្នេះ ព្រះពិរោធរបស់ព្រះអម្ចាស់ បានឆេះឡើងទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ដែលបានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអង្គត្រូវវិនាសអស់។
14មើល៍! អ្នករាល់គ្នាបានងើបឡើងនៅកន្លែងឪពុករបស់អ្នករាល់គ្នាហើយ គឺមនុស្សបាបមានកាន់តែច្រើន ដើម្បីបន្ថែមលើកំហឹងដ៏ខ្លាំងរបស់ព្រះអម្ចាស់ចំពោះជនជាតិអ៊ីស្រាអែលកាន់តែខ្លាំង។
15ប្រសិនបើ អ្នករាល់គ្នាបែរចេញលែងដើរតាមព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងទីរហោស្ថានម្ដងទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យជាជននេះត្រូវវិនាសទាំងអស់!»។
16ដូច្នេះ ពួកគេបានចូលមកជិតលោកម៉ូសេ ហើយប្រាប់ថា៖ «សូមអនុញ្ញាតិឲ្យយើងខ្ញុំសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់គ្រួសាររបស់យើងខ្ញុំ។
17ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំនឹងរៀបចំខ្លួនជាស្រេចនិងប្រដាប់ដោយអាវុធទៅជាមួយកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ ប៉ុន្ដែ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារ ពីព្រោះនៅមានជនជាតិផ្សេងទៀតដែលរស់នៅក្នុងស្រុក។
18យើងខ្ញុំមិនវិលត្រឡប់មកផ្ទះវិញឡើយ ទាល់តែកូនចៅអ៊ីស្រាអែលគ្រប់គ្នាបានទទួលមរតករបស់គេរៀងៗខ្លួន។
19យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងត្រើយម្ខាងនៃទន្លេយ័រដាន់ ទុកជាមរតក ពីព្រោះមរតករបស់យើងខ្ញុំនៅខាងកើតទន្លេយ័រដាន់នេះហើយ»។
20លោកម៉ូសេបានឆ្លើយទៅពួកគេថា៖ «ប្រសិនបើ អ្នករាល់គ្នាធ្វើតាមអ្វីដែលអ្នករាល់គ្នានិយាយមែន គឺបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសង្គ្រាម នៅចំពោះព្រះអម្ចាស់
21ហើយពួកអ្នកទាំងអស់គ្នាដែលប្រដាប់អាវុធ បានឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីមុខព្រះអង្គអស់
22ហើយស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះអម្ចាស់ នោះអ្នករាល់គ្នាអាចត្រឡប់ទៅវិញបាន។ អ្នករាល់គ្នានឹងគ្មានទោសនៅចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែលឡើយ។ ហើយស្រុកនេះនឹងបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់។
23ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ មើល៍! អ្នករាល់គ្នាមានបាបទាស់នឹងព្រះអម្ចាស់ហើយ។ ត្រូវដឹងថា អំពើបាបរបស់អ្នករាល់គ្នានឹងតាមទាន់អ្នករាល់គ្នា។
24ចូរសង់ក្រុងសម្រាប់គ្រួសាររបស់អ្នករាល់គ្នា និងសង់ក្រោលសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបាននិយាយនោះចុះ!»។
25កូនចៅកាដ និងកូនចៅរូបេន បានប្រាប់លោកម៉ូសេថា៖ «អ្នកបម្រើលោកនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។
26ចំណែក កូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនឹងនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ
27ហើយអ្នកបម្រើរបស់លោក នឹងឆ្លងទៅនៅចំពោះព្រះអម្ចាស់ដើម្បីធ្វើសង្គ្រាម គឺប្រុសៗទាំងអស់នឹងប្រដាប់អាវុធជាស្រេចសម្រាប់ធ្វើសង្គ្រាមតាមបង្គាប់របស់លោកម្ចាស់»។
28លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរក្នុងកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។
29លោកម៉ូសេបានមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើ កូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ហើយប្រុសៗទាំងអស់ដែលប្រដាប់អាវុធដើម្បីធ្វើសង្គ្រាមនៅចំពោះព្រះអម្ចាស់ ហើយប្រសិនបើ អ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។
30ក៏ប៉ុន្តែ ប្រសិនបើ ពួកគេមិនប្រដាប់អាវុធឆ្លងទៅជាមួយអ្នករាល់គ្នាទេ នោះពួកគេនឹងទទួលបានកម្មសិទ្ធិក្នុងស្រុកកាណានជាមួយអ្នករាល់គ្នាវិញ»។
31ដូចេ្នះ កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំជាអ្នកបម្រើរបស់លោក។
32យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះអម្ចាស់ តែទឹកដីដែលជាចំណែកមរតករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់នេះ»។
33ដូច្នេះ លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់ព្រះបាទអុក ជាស្តេចបាសាន ដល់កូនចៅកាដ និងកូនចៅរូបេន ហើយដល់ពាក់កណ្ដលនៃចំនួនមនុស្សក្នុងកុលសម្ព័ន្ធរម៉ាណាសេ កូនលោកយ៉ូសែប។ គាត់បានឲ្យស្រុកនោះដល់ពួកគេ ហើយគាត់បានចែកតាមចំនួនទីក្រុងដែលមានព្រំប្រទល់ ព្រមទាំងទីក្រុងទាំងប៉ុន្មានដែលនៅក្នុងស្រុកជុំវិញពួកគេ។
34កូនចៅកាដបានសង់ក្រុងឌីបូន ក្រុងអាថារ៉ូត ក្រុងអារ៉ូអ៊ើរ
35ក្រុងអាត្រូតសូផាន ក្រុងយ៉ាស៊ើរ ក្រុងយ៉ុកបិហា ក្រុងបេតនីមរ៉ា
36និងក្រុងបេតហារ៉នឡើងវិញ ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងធ្វើក្រោលសម្រាប់ហ្វូងសត្វពួកគេផងដែរ។
37កូនចៅរូបេនបានសង់ក្រុងហែសបូន ក្រុងអេឡាលេ ក្រុងគារយ៉ាថែម
38ក្រុងនេបូ និងក្រុងបាលមេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ាឡើងវិញ។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងទាំងឡាយ ដែលពួកគេបានសង់។
39ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ បានឡើងទៅស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដីនោះពីជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។
40បន្ទាប់មក លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយកូនចៅរបស់ពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
41លោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានចេញទៅវាយដណ្ដើមយកក្រុងនានា ហើយដាក់ឈ្មោះក្រុងទាំងនោះថាហាវ៉ុតយ៉ាអៀរ។
42លោកណូបាសបានចេញទៅវាយដណ្ដើមយកក្រុងកេណាត និងភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។