ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 23

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​បាឡាម​បានទូលទៅ​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរ​នៅ​ទី​នេះឲ្យទូលបង្គំ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។
2ដូច្នេះ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាមសំណូមពរ​​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​កន្លែងថ្វាយ​តង្វាយ​​នីមួយៗ។
3បន្ទាប់មក លោក​បាឡាម​ទូលទៅ​ព្រះ​បាទ​បាឡាក់ទៀត​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ នោះទូលបង្គំ​នឹងទូលដល់​ព្រះ‌ករុណា»។ ដូច្នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំត្រង់កន្លែង​ដែល​គ្មាន​ដើម​ឈើ។
4នៅ​ពេល​ដែ​ល​លោកបាឡាម​​នៅ​លី​កំពូលភ្នំ ព្រះជាម្ចាស់បាន​យាង​មក​ជួបលោក ហើយ​លោក​បាឡាមបាន​ទូល​​​ព្រះអង្គថា៖ «ទូលបង្គំ​បាន​សង់​កន្លែង​ថ្វាយ​តង្វាយ​​ប្រាំ‌ពីរ ហើយនៅ​លើកន្លែង​ថ្វាយ​តង្វាយនោះ​ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។
5ព្រះ‌អម្ចាស់បានដាក់ព្រះបន្ទូល​នៅ​ក្នុង​មាត់របស់​លោកបាឡាម ហើយ​ប្រាប់គាត់ថា៖ ចូរ​ត្រឡប់​ទៅ​ជួប​ព្រះបាទបាឡាក់​វិញ ហើយ​និយាយ​ប្រាប់គេ​ទៅ។
6ដូច្នេះ លោក​បាឡាម​ក៏ត្រឡប់​ទៅ​គាល់ព្រះ‌បាទ​បាឡាក់ ដែលកំពុង​គង់​នៅ​ក្បែរ​តង្វាយ​ដុតរបស់ទ្រង់ ដោយ​មានមេដឹកនាំ​ទាំង​អស់​របស់​ជន‌ជាតិ​ម៉ូអាប់​នៅ​ជា​មួយ​ដែរ។
7​នោះ លោក​បាឡាម​ក៏ចាប់ផ្តើម​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ទូលបង្គំមក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ទូលបង្គំ​​ពី​ភ្នំ​ទិស​បូព៌ា​ ហើប្រាប់ថា៖ «ចូរ​មក​ដាក់​បណ្ដាសា​​យ៉ាកុបឲ្យ​​យើង!» ពួក​គេបានប្រាប់ទៀតថា៖ «ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!»
8តើ​ឲ្យ​ទូលបង្គំដាក់​បណ្ដាសា​អ្នក​ដែលព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត? តើ​ឲ្យ​ទូលបង្គំ​​រារាំង​​​អ្នក​ដែលព្រះ‌អម្ចាស់​មិនរារាំង​ដូច​ម្ដេច​បាន?
9ពី​លើ​កំពូល​ថ្ម​នេះ ទូលបង្គំ​ឃើញ​ពួក​គេ។​ ពី​លើ​កំពូល​ភ្នំ​នេះ ទូលបង្គំសម្លឹង​មើល​ពួក​គេ។ មើល៍! មានជន​ជាតិមួយដែល​រស់នៅតែម្នាក់ឯង ដោយ​មិន​ចាត់ទុកពួក​គេ​ដូចជនជាតិធម្មតាមួយទេ។
10តើ​នរណា​អាច​រាប់​ខ្សាច់របស់លោកយ៉ាកុប ឬរាប់​ចំនួនមួយ​ភាគ​បួន​របស់ជនជាតិអ៊ីស្រាអែល​បាន?​ សូម​ឲ្យ​ទូលបង្គំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ម្នាក់ ហើយ​សូម​ឲ្យ​ជីវិត​របស់ទូលបង្គំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរចុះ!»។
11ព្រះ‌បាទ​បាឡាក់​មាន​រាជឱង្កាទៅ​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាននាំ​​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ មើល៍! លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។
12លោកបាឡាមបាន​ឆ្លើយ​ថា៖ «តើមិន​គួរ​ឲ្យទូលបង្គំប្រុង​ប្រយ័ត្ន​និយាយ​​តែ​អ្វី​ដែល​ព្រះ​អម្ចាស់ដាក់​ក្នុង​មាត់​របស់ទូលបង្គំទេឬ?
13នោះ ​ព្រះ‌បាទ​បាឡាក់​មានរាជឱង្កា​ថា៖ «ដូច្នេះ​ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់។ លោកនឹង​​ឃើញ​ពួក​គេ​តែជិតៗ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។
14ស្ដេចក៏​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយស្ដេចបាន​​សង់កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរនៅទីនោះ។ នៅ​លើ​លើ​កន្លែង​ថ្វាយ​តង្វាយ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។
15បន្ទាប់មក ​លោក​បាឡាមបាន​ទូល​​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ពេលដែលទូលបង្គំ​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់នៅទីនោះ»។
16ដូច្នេះ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ហើយ​បាន​ដាក់​ពាក្យ​នៅក្នុង​មាត់​របស់គាត់។ ព្រះអង្គ​បា​ន​មាន​បន្ទូលថា៖ «ចូរ​ត្រឡប់ទៅ​ជួប​​បាឡាក់​វិញ ដើម្បី​ប្រាប់ពាក្យ​របស់​យើង​ដល់​គេ»។
17លោក​បាឡាម​ក៏ត្រឡប់​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួកមេដឹកនាំ​របស់​ជន‌ជាតិ​ម៉ូអាប់​​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​គាត់​ថា៖ «តើព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។
18លោក​បាឡាម​ចាប់ផ្តើម​ថ្លែង​ដូច​ត​ទៅ៖ «ឱព្រះ‌រាជា​បាឡាក់អើយ! សូម​ក្រោកឡើង! ហើយ​ស្ដាប់ទូលបង្គំ​ឲ្យ​ច្បាស់ ទាំង​ព្រះអង្គ និង​​​ព្រះ‌បាទ​ស៊ីប‌ព័របុត្រា​របស់ព្រះអង្គ។
19ព្រះ‌ជាម្ចាស់​មិន​មែន​មនុស្ស​​ទេ ព្រះ​អង្​គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​​ក៏​​មិន​​ចេះ​​ប្តូរ​គំនិត​របស់​ព្រះអង្គ​​ដូច​មនុស្សដែរ។ តើ​ព្រះអង្គ​បាន​សន្យាអ្វីមួយ​ ហើយ​ព្រះអង្គ​មិន​​ធ្វើតាម​ដែរឬទេ? តើ​ព្រះអង្គ​ធ្លាប់មានបន្ទូល​ថា​នឹង​ធ្វើអ្វីមួយ​ ហើយមិនបានធ្វើឬទេ?
20មើល៍! ទូលបង្គំ​បាន​ទទួល​បញ្ជាឲ្យ​ពរ។ ព្រះជា​ម្ចាស់បាន​ប្រទាន​ព្រះពរហើយ​ ខ្ញុំមិនអាច​ឲ្យផ្លាស់ប្ដូរបានទេ។
21គ្មាន​ការលំបាកនៅ​ក្នុង​ពួក​យ៉ាកុបឡើយ ឬទុក្ខ​វេទនា​ណា​នៅក្នុងកូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គង់​នៅ​ជា​មួយ​ពួក​គេ ហើយពួក​គេ​ប្រកាស​ថា មហា‌ក្សត្រ​របស់​ពួក​គេគង់ក្នុងចំណោមពួកគេ។
22ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។
23គ្មានមន្ត‌អាគម​​អាច​ធ្វើ​ប្រឆាំង​នឹងលោក​​យ៉ាកុប​បាន​ទេ ហើយ​ក៏គ្មាន​គ្រូ​ទាយណា​អាច​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ឈឺចាប់បានដែរ។​ នឹង​មាន​គេ​​ថ្លែងអំពី​លោកយ៉ាកុប និងជនជាតិអ៊ីស្រាអែលថា ចូរ​សម្លឹងមើលអ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចុះ!
24មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ដូច​សិង្ហ​ឈ្មោលស្ទុះឡើង ហើយ​ចាប់រំពារ។ ​វា​មិន​ដេក​វិញ​ទេ​ ទាល់តែ​បាន​ស៊ីរំពារ ហើយ​ហុត​ឈាម​សត្វ​ដែល​វា​បាន​សម្លាប់។
25ពេលនោះ ព្រះ‌បាទ​បាឡាក់បាន​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «កុំ​ដាក់​បណ្ដាសា​ពួក​គេ ហើយក៏​​កុំ​ឲ្យ​ពរ​ពួកគេ​​ឡើយ!»។
26ប៉ុន្ដែ លោក​បាឡាម​តបទៅ​​ព្រះបាទបាឡាក់​ថា៖ «តើ​ទូលបង្គំមិន​​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយទេឬ​ថា ទូលបង្គំ​ត្រូវ​​និយាយអ្វីដែល​ព្រះ‌អម្ចាស់​ប្រាប់ទូល​បង្គំ​ឲ្យ​និយាយ​»។
27ដូច្នេះ ​ព្រះ‌បាទ​បាឡាក់បាន​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ឥឡូវនេះ សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេឲ្យ​យើង»។
28ព្រះ‌បាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែលមើល​ទៅ​ឃើញទី​រហោ‌ស្ថាន។
29លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់កន្លែងថ្វាយប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ»។
30ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​អ្វី​​ដែលលោក​បាឡាមបាន​ប្រាប់។ ស្ដេចបាន​​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​នីមួយៗ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។