ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 9

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃទីប្រាំបីលោកម៉ូសេ កោះហៅលោកអើរ៉ុន និងកូនប្រុសៗរបស់គាត់ និងចាស់ទុំជនជាតិអ៊ីស្រាអែល។
2គាត់និយាយទៅលោកអើរ៉ុនថា៖​ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់យញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់តង្វាយដុតទាំងមូល ហើយថ្វាយនៅចំពោះព្រះអម្ចាស់។
3អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដូចតទៅ ត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់ជាយញ្ញបូជារំដោះបាប កូនគោមួយ និងកូនចៀមមួយ ដែលមានអាយុពីរឆ្នាំនិងល្អឥតខ្ចោះ សម្រាប់ជាតង្វាយដុតទាំងមូល
4ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់យញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ រួមទាំងតង្វាយម្សៅលាយជាមួយប្រេង ព្រោះនៅថ្ងៃនេះព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះអ្នករាល់គ្នា»។​
5ដូច្នេះពួកគេបាននាំយករបស់ទាំងអស់ដែលលោកម៉ូសេបានបង្គាប់ ទៅកាន់ព្រះពន្លាជួបព្រះអម្ចាស់ ហើយសហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលឈរនៅចំពោះព្រះអម្ចាស់។
6លោកម៉ូសេមានប្រសាសន៍ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើ ដូច្នេះ សិរីរុងរឿងរបស់ព្រះអង្គនឹងបង្ហាញឲ្យអ្នករាល់គ្នាបានឃើញ»។
7លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរបងចូលទៅជិតអាសនៈ ថ្វាយយញ្ញបូជារំដោះបាបសម្រាប់ខ្លួនរបស់បង និងរំដោះបាបប្រជាជនទាំងមូល និងថ្វាយតង្វាយដុតទាំងមូល សូមឲ្យព្រះអង្គលើកលែងទោសបង និងប្រជាជន ស្របតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់»។
8ដូច្នេះ លោកអើរ៉ុនទៅជិតអាសនៈ ហើយចាក់កសម្លាប់កូនគោសម្រាប់រំដោះបាបរបស់លោក។
9​កូនៗរបស់លោកអើរ៉ុនលើកឈាមជូនលោក ហើយលោកជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។
10លោកដុតខ្លាញ់ ក្រលៀនទាំងពីរ និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វនៅលើអាសនៈជាយញ្ញបូជារំដោះបាប ស្របតាមការបង្គាប់របស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ។
11រីឯសាច់ និង ស្បែក លោកយកទៅដុតនៅខាងក្រៅជំរំ។
12លោកអើរ៉ុនបានសម្លាប់ចៀមឈ្មោលជា តង្វាយដុតទាំងមូល ហើយកូនៗរបស់លោកលើកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនៅលើេជ្រុងទាំងបួននៃអាសនៈ។
13ពួកគេបានយកសាច់ដែលបានកាប់ដុំៗ និងក្បាលមកជូនលោក ហើយលោកដុតនៅលើអាសនៈ
14លោក​យកទឹកលាងពោះវៀន​ និងជើងរបស់វា រួចដុតនៅលើតង្វាយដុតទាំងមូល នៅលើអាសនៈ។
15បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនមកថ្វាយព្រះអម្ចាស់ ដូចជា ពពែឈ្មោលដែលប្រជាជនយកមកជាយញ្ញបូជារំដោះបាប លោកបានចាក់កវា ហើយថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។
16លោកថ្វាយតង្វាយដុតទាំងមូល តាមការបង្គាប់របស់ព្រះអង្គ។
17លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្តាប់ទៅដុតលើអាសនៈ បន្ថែមលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។
18គាត់ក៏ចាក់កគោបា និង ចៀមឈ្មោលដែលប្រជាជនបាននាំមកសម្រាប់យញ្ញបូជាមេត្រីភាព។ កូនៗរបស់លោកអើរ៉ុនយកឈាមជូនគាត់ រួចគាត់ប្រោះឈាមលើជ្រុងទាំងបួនរបស់អាសនៈ។
19ពួកគេយកខ្លាញ់នៃតង្វាយ កន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀ ក្រលៀន និងថ្លើម។
20រួចយកផ្នែកទាំងនោះដាក់លើសាច់ទ្រូង បន្ទាប់មក លោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។
21លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្តាំ ថ្វាយចំពោះព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់មក។
22បន្ទាប់ពី បានថ្វាយយញ្ញបូជារំដោះបាប តង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចហើយលោកបានលើកដៃជូនពរប្រជាជន ហើយលោកក៏ចុះមកវិញ។
23លោកម៉ូសេ និងលោកអើរ៉ុនបានចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ ហើយចេញមកវិញ និងជូនពរប្រជាជន ពេលនោះសិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកឲ្យប្រជាជនទាំងមូលបានឃើញ។
24ភ្លើងបានចេញមកពីព្រះអម្ចាស់ ហើយបញ្ឆេះតង្វាយដុតទាំងមូល និងខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបានស្រែកឡើង និងក្រាបចុះឱនមុខដល់ដី។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។