1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2«ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប្រាប់ពួកគេថាៈ ពិធីបុណ្បសំខាន់ៗដែលត្រូវជួបជុំសម្រាប់ព្រះអម្ចាស់ ដែលអ្នកត្រូវប្រកាសឲ្យសហគមន៍ទាំងមូលបានបរិសុទ្ធ ទាំងនោះគឺជាពិធីបុណ្បដែលមិនផ្លាស់ប្តូររបស់យើង។
3អ្នករាល់គ្នាអាចធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែនៅថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ ជាថ្ងៃសម្រាប់ សម្រាប់សហគមន៍ទាំងមូល។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះនោះជាថ្ងៃសប្ប័ទសម្រាប់ព្រះអម្ចាស់នៅគ្រប់ទីកន្លែងទាំងអស់ដែលអ្នករាល់គ្នារស់នៅ។
4ពិធីបុណ្បដ៏សំខាន់ៗរបស់ព្រះអម្ចាស់ ដែលសហគមន៍ដ៏បរិសុទ្ធត្រូវកំណត់ពេលជួបជុំគ្នាៈ
5នៅខែទីមួយ ថ្ងៃទីដប់បួននៃខែ ក្រោយពេលថ្ងៃលេច ជាបុណ្បចម្លង ថ្វាយព្រះអម្ចាស់។
6នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែល គឺជាពិធីបុណ្បនំប៉័ងឥតមេ ថ្វាយព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេរយៈពេលប្រាំពីរថ្ងៃ។
7នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នកមិនត្រូវធ្វើការអ្វីនោះថ្ងៃនោះឡើយ។
8អ្នករាល់គ្នាត្រូវយកតង្វាយដុតថ្វាយព្រះអម្ចាស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ សហគមន៍ទាំងមូលត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយក្នុងថ្ងៃនោះអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
9ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
10«ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយប្រាប់គេថាៈ ពេលដែលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលយើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ហើយនៅពេលដែលអ្នករាល់គ្នាច្រូតស្រូវ អ្នករាល់គ្នាត្រូវនាំយកកណ្តាប់ទីមួយទៅជូនបូជាចារ្យ។
11គាត់នឹងលើកកណ្តាប់នោះនៅចំពោះព្រះអម្វាស់ ហើយថ្វាយដល់ទ្រង់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកតង្វាយពីអ្នករាល់គ្នា។ នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ បូជាចារ្យត្រូវលើកកណ្តាប់ស្រូវថ្វាយដល់យើង។
12នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវថ្វាយដល់យើង អ្នកត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
13តង្វាយម្សៅ ត្រូវយកម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង មកថ្វាយជាមួយតង្វាយដុតនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន។
14អ្នករាល់គ្នាមិនអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបានទេរហូតដល់ពេលដែលអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នក។ នេះជាច្បាប់ដែលត្រូវអនុវត្តរហូតតទៅគ្រប់ជំនាន់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងដែលអ្នករស់នៅ។
15រាប់ចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃសប្ប័ទ ដែលអ្នកបាននាំយកកណ្តាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។
16អ្នកត្រូវរាប់គិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ។ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។
17អ្នករាល់គ្នាត្រូវយកនំប៉័ងពីរពីផ្ទះរបស់អ្នករាល់គ្នា ដែលធ្វើពីម្សៅម៉ដ្តចំនួនពីរភាគដប់នៃអេផា។ នំប៉័ងនោះត្រូវធ្វើពីម្សៅម៉ដ្តដុតជាមួយមេនំប៉័ង នោះជាតង្វាយនំប៉័ងដំបូងបង្អស់ដែលអ្នករាល់គ្នានឹងត្រូវថ្វាយព្រះអម្ចាស់។
18អ្នករាល់គ្នាត្រូវថ្វាយនំប៉័ង ជាមួយនឹងចៀមអាយុមួយឆ្នាំល្អឥតខ្ចោះ ចំនួនប្រាំពីរ គោស្ទាវមួយ និងចៀមឈ្មោលពីរ។ នោះជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ ជាមួយតង្វាយម្សៅ ព្រមទាំងស្រាទំពាំងបាយជូរ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះទ័យព្រះអម្ចាស់។
19អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយសម្រាប់យញ្ញបូជាលោះបាប និងចៀមឈ្មោលពីរអាយុមួយឆ្នាំជាតង្វាយនៃយញ្ញបូជាមេត្រីភាព។
20បូជាចារ្យត្រូវថ្វាយសត្វទាំងនេះ ព្រមទាំងនំប៉័ងដែលជាផលដំបូងថ្វាយព្រះអម្ចាស់ រួមជាមួយកូនចៀមពីរ។ ទាំងនោះគឺជាតង្វាយដ៏សក្ការៈថ្វាយដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។
21អ្នករាល់គ្នាត្រូវធ្វើការប្រកាសនៅក្នុងថ្ងៃនោះ។ សហគមន៍ទាំងមូលត្រូវបរិសុទ្ធ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅក្នុងថ្ងៃនោះឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តរហូតតទៅ នៅគ្រប់ជំនាន់និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
22ពេលដែលអ្នករាល់គ្នាច្រូតស្រូវពីស្រែរបស់អ្នក អ្នករាល់គ្នាមិនត្រូវច្រូតដល់ភ្លឺស្រែទេ ហើយក៏មិនត្រូវរើសគួរស្រូវដែលជ្រុះនោះដែរ។ អ្នករាល់គ្នាត្រូវទុកឲ្យអ្នកក្រទុគ៌ត និងជនបរទេសដែលរស់ក្នុងចំណោមអ្នករើសបរិភោគ។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។
23ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24«ចូរនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថាៈ នៅខែទីប្រាំពីរ ក្នុងថ្ងៃទីមួយនៃខែ គឺជាថ្ងៃសម្រាកសម្រាប់អ្នករាល់គ្នា ត្រូវធ្វើពិធីបុណ្យរំឭកជាមួយនឹងការផ្លុំត្រែ ហើយនិងការជួបជុំថ្វាយបង្គំព្រះអម្ចាស់។
25អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយនៅថ្ងៃនោះ ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់»។
26បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលម្តងទៀតមកលោកម៉ូសេថា៖
27«ឥឡូវនៅថ្ងៃទីដប់នៃខែទីប្រាំពីរ គឺជាថ្ងៃបុណ្យរំដោះបាប។ គឺត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយអ្នករាល់គ្នាត្រូវតមអាហារ និងថ្វាយតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
28អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចការអ្វីឡើយនៅថ្ងៃនោះ ព្រោះជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
29ប្រសិនបើ មានអ្នកណាម្នាក់មិនតមអាហារនៅថ្ងៃនោះទេ ត្រូវកាត់គេចេញពីចំណោមប្រជាជាតិរបស់គេ។
30ប្រសិនបើ មាននរណាម្នាក់ធ្វើការអ្វីមួយនៅថ្ងៃនោះ យើង ព្រះអម្ចាស់នឹងបំផ្លាញអ្នកនោះនៅក្នុងចំណោមប្រជាជាតិរបស់គេ។
31មិនត្រូវធ្វើការអ្វីមួយឡើយក្នុងថ្ងៃនោះ។ នេះគឺជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់គ្រប់ជំនាន់ និងនៅគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
32ថ្ងៃនេះគឺជាថ្ងៃសម្រាករបស់អ្នករាល់គ្នា ដូចជាថ្ងៃសប្ប័ទដែរ ហើយត្រូវតមអាហារ នៅថ្ងៃទីប្រាំបួននៅក្នុងខែនោះនៅពេលល្ងាច។ ចាប់ពីពេលល្ងាចនោះ រហូតដល់ល្ងាចវិញ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទដែរ»។
33ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
34«ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប្រាប់គេថាៈ ក្នុងថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ គឺជាថ្ងៃនៃពិធីបុណ្យបារាំ សម្រាប់តម្កើងព្រះអម្ចាស់។ វានឹងត្រូវជា ប្រាំពីរថ្ងៃចុងក្រោយ។
35នៅថ្ងៃទីមួយត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីមួយដែលនាំឲ្យហត់នឿយឡើយ។
36ជារៀងរាល់ថ្ងៃគ្រប់ប្រាំពីរថ្ងៃនេះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ នៅថ្ងៃទីប្រាំបីត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះអង្គ។ នេះគឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។
37ទាំងនេះគឺជាការកំណត់ថ្ងៃបុណ្បរបស់សម្រាប់ព្រះអម្ចាស់ ដែលអ្នករាល់គ្នាត្រូវថ្វាយបង្គំព្រះអង្គ ត្រូវធ្វើពិធីថ្វាយតង្វាយដុតដល់ទ្រង់ គឺតង្វាយដុតទាំងមូល រួមនឹងតង្វាយម្សៅ ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ថ្ងៃនីមួយៗ។
38ក្រៅពីពិធីបុណ្យទាំងនេះ អ្នករាល់គ្នាត្រូវកាន់ថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ហើយថ្វាយតង្វាយរបស់អ្នករាល់គ្នាសម្រាប់ពិធីបុណ្យទាំងនេះ មានតង្វាយលាបំណន់ និងតង្វាយស្ម័គ្រពីចិត្ត ថ្វាយដល់ព្រះអម្ចាស់។
39នៅពេលដែលអ្នកប្រមូលភោគផលចប់សព្វគ្រប់ហើយ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវប្រារព្ធពិធីបុណ្យបារាំ ដែលអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទីប្រាំពីរ។ អ្នករាល់គ្នាត្រូវឈប់សម្រាកនៅថ្ងៃទីមួយ ហើយនិងថ្ងៃទីប្រាំបីក៏ជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នាដែរ។
40នៅថ្ងៃទីមួយអ្នករាល់គ្នាត្រូវយកផ្លែឈើដែលល្អបំផុតពីដើមឈើដែលបែកមែកសាខា ធាងចាក និងមែកដ៏ត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមមាត់ទឹក មកធ្វើពិធីបុណ្យយ៉ាងសប្បាយរយៈពេលប្រាំពីរថ្ងៃចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នក។
41ជារៀងរាល់ឆ្នាំ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះរយៈពេលប្រាំពីរថ្ងៃ ថ្វាយព្រះអម្ចាស់។ នេះជាច្បាស់ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ នៅខែទីប្រាំពីរ។
42អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំរយៈពេលប្រាំពីរថ្ងៃ។ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវរស់នៅក្នុងបារាំរយៈពេលប្រាំពីរថ្ងៃ
43នោះកូនចៅរបស់អ្នករាល់គ្នាពីមួយជំនាន់ទៅមួយជំនាន់ នឹងអាចរៀនបានពីរបៀបដែលយើងបានឲ្យរាស្ត្រអ៊ីស្រាអែលរស់នៅក្នុងបារាំ នៅពេលដែលយើងនាំពួកគេចេញពីស្រុកអេស៊ីព្ទមក។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។»
44លោកម៉ូសេបានរៀបរាប់ប្រាប់ជនជាតិអ៊ីស្រាអែលអំពីរបៀបធ្វើពិធីបុណ្បសំខាន់ៗសម្រាប់សសើរតម្កើងព្រះអម្ចាស់។