ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 21

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជាចារ្យជាកូនចៅអើរ៉ុនដូចតទៅៈ បូជាចារ្យ មិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសព មនុស្សស្លាប់ណាម្នាក់ក្នុងចំណោមប្រជាជនរបស់អ្នករាល់គ្នាឡើយ។
2លើកលែងតែសាច់ឈាមបង្កើតដូចជាៈ ម្តាយបង្កើត ឪពុកបង្កើត កូនប្រុសបង្កើត កូនស្រីបង្កើត បងប្អូនប្រុសបង្កើត
3ឬបងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករ ដែលនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ ប៉ុន្តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
4ប៉ុន្តែ បូជាចារ្យមិនត្រូវបណ្តោយឲ្យខ្លួនទៅជាសៅហ្មង ដោយសារទំនាក់ទំនងផ្សេងៗ ដែលនាំឲ្យខ្លួនសៅហ្មងឡើយ។
5បូជាចារ្យមិនត្រូវកោរសក់ ក៏មិនត្រូវកោរជាយពុកចង្ការដែរ ឬធ្វើពិធីឆូតសាច់របស់ពួកគេដែរ។
6ពួកគេត្រូវតែវិសុទ្ធ សម្រាប់ព្រះរបស់ពួកគេ ហើយមិនត្រូវបន្ថោកព្រះនាមនៃព្រះរបស់ពួកគេដែរ ព្រោះបូជាចារ្យមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែបរិសុទ្ធ។
7បូជាចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូច ហើយក៏មិនត្រូវយកស្ត្រីដែលលែងប្តី ធ្វើជាប្រពន្ធដែរ ព្រោះពួកគេបានញែកសម្រាប់ព្រះជាម្ចាស់។
8ត្រូវចាត់ទុកបូជាចារ្យជាមនុស្សដ៏វិសុទ្ធ ព្រោះពួកគេគឺជាអ្នកថ្វាយនំប៉័ងដល់ព្រះជាម្ចាស់របស់អ្នក។ បូជាចារ្យត្រូវតែបរិសុទ្ធសម្រាប់អ្នករាល់គ្នា ដ្បិត យើងព្រះអម្ចាស់ដែលបានញែកគេជាបរិសុទ្ធ យើងជាព្រះដ៏វិសុទ្ធ។
9ប្រសិនបើ កូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នោះនាងបានបន្ថោកឪពុករបស់នាង។ ដូចនេះ ត្រូវយកនាងទៅដុតទាំងរស់។
10មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ដែលបានទទួលការចាក់ប្រេងតែងតាំងឲ្យបំពេញមុខងារ ហើយអ្នកដែលប្រសិទ្ធិពរឲ្យស្លៀកសម្លៀកបំពាក់ពិសេសសម្រាប់មហាបូជាចារ្យ មិនត្រូវដកឆ្នួតក្បាលចេញ ហើយក៏មិនត្រូវហែកសម្លៀកបំពាក់របស់គាត់ដែរ។
11មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព ហើយធ្វើឲ្យខ្លួនគាត់សៅហ្មងនៅឡើយ ទោះបីជាឪពុកម្តាយបង្កើតក្តី។
12មហាបូជាចារ្យមិនត្រូវចាកចេញពីបរិវេននៃទីសក្ការៈរបស់ព្រះអម្ចាស់ឡើយ។​ ព្រោះគាត់ជាមហាបូជាចារ្យ ដែលបានទទួលការចាក់ប្រេងតាំងពីព្រះរបស់គាត់។ ​យើងគឺជាព្រះអម្ចាស់។
13មហាបូជាចារ្យត្រូវរៀបការជាមួយតែនឹងស្រ្តីព្រហ្មចារីតែប៉ុណ្ណោះ។
14គាត់មិនត្រូវយកស្រ្តីមេមាយ ស្រ្តីដែលលែងលះប្តី ឬស្រ្តីពេស្យាឡើយ។ គាត់មិនត្រូវយកស្រ្តីប្រភេទនោះឡើយ។​ ត្រូវរៀបការតែនឹងនារីក្រមុំព្រហ្មចារី ក្នុងអំបូររបស់គាត់តែប៉ុណ្ណោះ
15ដូច្នេះ គាត់នឹងមិនធ្វើឲ្យកូនរបស់គាត់ទៅជាសៅហ្មងក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាវិសុទ្ធ»។
16ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
17«ចូរប្រាប់លោកអើរ៉ុន ប្រាប់ថាៈ ក្នុងចំណោមពូជពង្សរបស់អ្នក គ្រប់ជំនាន់ មិនត្រូវអនុញ្ញាតឲ្យអ្នកដែលមានរូបរាងខុសធម្មតា​​ នាំយកតង្វាយទៅថ្វាយព្រះរបស់អ្នកទេ។
18មនុស្សណាដែលមានរូបរាង្គមិនធម្មតា ពុំអាចចូលទៅជិតព្រះអម្ចាស់បានទេ ដូចជាៈ មនុស្សខ្វាក់ ឬមនុស្សខ្ញើចជើង អ្នកដែលមានរូបរាងមិនប្រក្រតី ឬមិនគ្រប់លក្ខណៈ
19មនុស្សដែលស្វិតដៃ​ ឬស្វិតជើង
20អ្នកដែលមានគមនៅលើខ្នង​ មនុស្សដែលស្គមខុសពីធម្មតា ឬមនុស្សតឿ អ្នកដែលស្រឡេវភ្នែក ឬមនុស្សដែលមានរោគសញ្ញាដូចជាកើតរមាស់ កើតស្រែង ប្រដាប់ភេទមិនល្អ។
21ក្នុងចំណោមពូជ្យពង្សបូជាចារ្យអើរ៉ុន អ្នកដែលមានរូបរាងមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ទេ។ ដោយគេមានរូបរាងមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារទៅថ្វាយព្រះរបស់គេបានទេ។
22គាត់អាចបរិភោគអាហាររបស់ព្រះអម្ចាស់ ទោះជាអាហារដ៏វិសុទ្ធ ឬអាហារដ៏វិសុទ្ធបំផុតក្តី។
23ប៉ុន្តែ គេមិនអាចចូលទៅក្នុងវាំងនន ចូលទៅក្បែរអាសនៈបានទេ ព្រោះគេមានរូបរាងកាយមិនប្រក្រតី ដូច្នេះគេមិនអាចធ្វើឲ្យសៅហ្មងដល់ទីដ៏វិសុទ្ធរប់យើងបានទេ ដ្បិត យើងគឺព្រះអម្ចាស់ ដែលធ្វើឲ្យទីនោះទៅជាវិសុទ្ធ។»
24លោកម៉ូសេនាំយកពាក្យទាំងនេះមកប្រាប់អើរ៉ុន និងកូនប្រុសៗរបស់គាត់ រួមទាំងប្រជាជនអ៊ីស្រាអែលទាំងមូលផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។