ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
2«ចូរប្រាប់អើរ៉ុន និងកូនប្រុសៗរបស់គាត់ និងប្រជាជនអ៊ីស្រាអែលទាំងអស់ថា ព្រះអម្ចាស់បានបង្គាប់មកថា៖
3ក្នុងចំណោមកូនចៅអ៊ីស្រាអែល ប្រសិនបើបុរសណាម្នាក់ចង់ចាក់កសម្លាប់គោ ចៀម ឬពពែ នៅក្នុងជំរំ ឬនៅក្រៅជំរំក្តី ក្នុងគោលបំណងថ្វាយជាយញ្ញបូជា
4ហើយប្រសិនបើ គាត់មិនយកសត្វនោះទៅច្រកចូលពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយព្រះអម្ចាស់ នៅមុខព្រះពន្លា គាត់ត្រូវមានទោសដោយការបង្ហូរឈាម។ គាត់បានបង្ហូរឈាម ហើយអ្នកនោះត្រូវកាត់ចេញពីចំណោមប្រជាជនរបស់គាត់។
5គោលបំណងនៃបទបញ្ជានេះ គឺដើម្បីឲ្យកូនចៅអ៊ីស្រាអែលនាំយកតង្វាយរបស់ពួកគេទៅជូនបូជាចារ្យនៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ដើម្បីបូជាចារ្យលើកថ្វាយព្រះអម្ចាស់ជាយញ្ញបូជាមេត្រីភាព គឺដើម្បីឃាត់គេកុំឲ្យសម្លាប់សត្វនៅទីវាល។
6បូជាចារ្យត្រូវប្រោះឈាមលើអាសនៈរបស់ព្រះអម្ចាស់ ត្រង់ច្រកទ្វារពន្លាជួបព្រះអម្ចាស់ ហើយគាត់ត្រូវដុតខ្លាញ់នៃតង្វាយនោះ ដែលជាក្លិនឈ្ងុយជាទីគាប់ព្រះទ័យព្រះអម្ចាស់។
7ដូច្នេះ គេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាង្គដូចពពែទៀតហើយ។ នេះគឺជាច្បាប់ដែលមិនមានការប្រែប្រួសសម្រាប់ប្រជាជនរបស់ពួកគេគ្រប់ជំនាន់ទាំងអស់។
8អ្នកត្រូវប្រាប់ពួកគេថា ប្រសិនបើ ជនជាតិអ៊ីស្រាអែលណាម្នាក់ ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ដែលមានបំណងថ្វាយតង្វាយដុត ឬយញ្ញបូជាអ្វីមួយ
9ប៉ុន្តែ មិនបាននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ នៅទ្វារចូលព្រះពន្លាជួបព្រះអម្ចាស់ទេនោះ ត្រូវកាត់គេនោះចេញពីចំណោមប្រជាជនរបស់គេ។
10ប្រសិនបើ នរណាម្នាក់ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់នៅជាមួយអ្នក ដែលបរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគឈាមនោះ ហើយយើងនឹងកាត់គេចេញពីចំណោមប្រជាជនរបស់គេ។
11ដ្បិត ជីវិតរបស់សត្វលោកទាំងអស់គឺនៅក្នុងឈាម។ យើងបានឲ្យអ្នករាល់គ្នាបង្ហូរឈាមលើអាសនៈ ដើម្បីធ្វើពិធីដោះបាប ឈាមដែលធ្វើពិធីអាចរំដោះបាបបាន ព្រោះក្នុងឈាមមានជីវិត។
12ដូច្នេះហើយបានជាយើងហាមថា មិនត្រូវមានជនជាតិអ៊ីស្រាអែលណាម្នាក់បរិភោគឡើយ សូម្បីតែ ជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាក៏ដោយ ក៏មិនត្រូវបរិភោគឈាមដែរ។
13នរណាម្នាក់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់ក្នុងចំណោពួកគេ ដែលប្រម៉ាញ់់ហើយសម្លាប់សត្វចតុបាត ឬសត្វស្លាបក្តី ត្រូវបង្ហូរឈាមសត្វនោះ ទៅលើដីហើយយកធូលីដីគ្របពីលើ។
14ដោយសារជីវិតសត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ដូច្នេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វណាមួយ ព្រោះជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាដែលបរិភោគឈាម ត្រូវកាត់ចេញពីចំណោមប្រជាជាតិរបស់ខ្លួន»។
15មនុស្សទាំងអស់ទោះបីជាជនជាតិអ៊ីស្រាអែល ឬជនបរទេសក្តី ដែលបរិភោគសត្វដែលងាប់ដោយសារជំងឺឬងាប់ដោយសារសត្វព្រៃហែក គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួន គេនឹងត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច បន្ទាប់មក គេនឹងបរិសុទ្ធវិញ។
16តែប្រសិនបើ គេមិនបោកសម្លៀកបំពាក់ និងងូតទឹកសម្អាតខ្លួនរបស់គេទេ គេនឹងមានកុំហុស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។