ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 42

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖
2«ទូលបង្គំ​ដឹងថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​ធ្វើ​ឲ្យ​ព្រះអង្គ ឈប់បាន​ឡើយ។
3ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ? ដ្បិត ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដោយ​ពុំ​ដឹង​ខ្លួន គឺ​ជាអ្វីដែល​លើស​​ពីការយល់ដឹង ដែល​ទូលបង្គំ​មិនបាន​​ដឹងពីមុន។
4ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ។
5កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។
6ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។
7ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​ជនជាតិ​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។
8ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ​សម្រាប់​អ្នក​​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ​យើង​នឹងទទួលពាក្យអធិស្ឋានគាត់ ហើយយើងមិនសងតាមអ្វីដែលាបនប្រព្រឹត្តឡើយ អ្នកមិនបាននិយាយអ្វីដែលត្រឹមត្រូវ ដូចយ៉ូបអ្នកបម្រើយើងបាននិយាយ»។
9លោក​អេលី‌ផាស​ជា​ជា​ជនជាតិថេម៉ាន លោក​ប៊ីល‌ដាដ​ជា​ជា​ជនជាតិ​ស៊ូអា និង​លោក​សូផារ​ជា​ជា​ជនជាតិ​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់ ហើយព្រះ‌អម្ចាស់​ក៏​ទទួល​លោក​យ៉ូប។
10ពេល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ទ្រព្យឲ្យ​លោក​​ពីរ​ដង​ច្រើន​លើស​មុន។
11បងប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។
12ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។
13លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។
14លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា យេមី‌ម៉ា កូន​ស្រី​ទី​ពីរ កេស៊ី‌យ៉ា និង​កូន​ស្រី​ទី​បី កេរេន ហាពូក។
15នៅ​ក្នុង​ទឹកដីនោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បងប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។
16ក្រោយ​មក លោក​យ៉ូប​រស់​បាន​ ១៤០​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។
17បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូរ​សប្បាយ​មក លោក​យ៉ូប ​ក៏​លា​ចាក​លោកទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។