1កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយឆ្លងទៀត។
2ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់ ។
3គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន ។
4ពេលនេះលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។
5ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
6លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ។ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
7ខ្ញុំបាននិយាយថា មនុស្ស «មានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំគួរបង្រៀនពីប្រាជ្ញា។
8ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
9គឺមិនមែនដោយសារមនុស្សដែលមានប្រាជ្ញា ហើយក៏មិនមែនសារអាយុ ដែលអាចមានចំណេះដឹងនិង ការវិនិច្ឆ័យដែរ។
10ហេតុនេះ ខ្ញុំនឹងនិយាយទៅកាន់លោកម្ដង សូមស្តាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អំពីចំណេះដឹងរបស់ខ្ញុំ។
11មើល! ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
12ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ។
13ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ! មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
14ដ្បិតលោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
15លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
16តើគួរឲ្យខ្ញុំរង់ចាំដែរ ពីព្រោះមិនឃើញពួកគាត់និយាយទេ ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះទៀតហើយឬ?
17ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។
18ដ្បិត ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ វិញ្ញាណដែលនៅក្នុងខ្ញុំ បានបង្ខំខ្ញុំដែរ។
19មើល! ទ្រូងរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។
20ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
21ខ្ញុំមិនរើសមុខនរណាឡើយ ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
22ដ្បិត ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។