ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 29

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដោយនិយាយថា៖
2«ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុន គឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ
3នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយខ្ញុំដើរកាត់ភាពងងឹតដោយពន្លឺរបស់ព្រះអង្គ។
4ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះ ព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ព្រះជាម្ចាស់បានគង់នៅក្នុងទីលំនៅរបស់ខ្ញុំ​។
5ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ
6នោះហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ!
7ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង ហើយពេលខ្ញុំអង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ
8ពួកក្មេង​យុវជន​បានឃើញ​ខ្ញុំ គេ​នាំ​គ្នា​ដក​ខ្លួន​ថយទៅទីឆ្ងាយដែរ ហើយពួក​អ្នកចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរឡើងនៅចំពោះខ្ញុំផងដែរ។
9ពួក​មេ​ដឹក​នាំ​ឈប់​និយាយ យក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម នៅពេលដែរខ្ញុំចូលទៅដល់ទីនោះ។
10សម្លេងរបស់ពួកអ្នក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់ ហើយមាត់របស់ពួកគេក៏បិទ មិន​ហ៊ាន​និយាយ​ស្ដី​អ្វីទៀតទេ។
11ដ្បិតនៅពេលត្រចៀក របស់ពួកគេបាន​ឮ​ខ្ញុំ​និយាយ នោះពួកនឹងគេ​ឲ្យ​ពរ​ខ្ញុំ ពេលភ្នែករបស់​គេ​ឃើញ​ខ្ញុំ ពួកគេនឹងធ្វើសាក្សី​ហើយនឹងយល់ស្រប់តាម​ខ្ញុំដែរ
12ដ្បិត​ពេល​មនុស្ស​ជួបទុក្ខលំបាក​ស្រែកឡើង នោះខ្ញុំ​ជួយ​យក​អាសា​គេ ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រា និងអ្នកដែលគ្មាន​ទី​ពឹង​ដែរ។
13អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ ច្រៀង​ដោយ​អំណរ​សប្បាយផងដែរ។
14សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​របស់ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ។
15ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់ និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។
16ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ ហើយ​ខ្ញុំជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្ស ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។
17ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។
18ពេល​នោះ ខ្ញុំ​និយាយ​ថា៖ ខ្ញុំ​នឹងស្លាប់នៅក្នុងទីលំនៅរបស់ខ្ញុំ ហើយជីវិតរបស់នឹងបានវែងដូចចំនួនគ្រាប់ខ្សាច់។
19ហើយ​ឫស​របស់ខ្ញុំនឹងចាក់​ទៅ​រក​ទឹក ហើយ​នៅ​ពេល​យប់ មាន​សន្សើម​ធ្លាក់​មក​លើ​មែកផងដែរ។
20​កិត្តិយស​ទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មី ដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។
21មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។
22បន្ទាប់ពី​ខ្ញុំ​និយាយ​ផុត​​ហើយ​នោះ គ្មាន​នរណា​ប្រកែក​តវ៉ា​ទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។
23ពួក​គេតែងតែ​រង់‌ចាំ​ខ្ញុំ ដូចពួកគេ​រង់‌ចាំ​ទឹក​ភ្លៀងដែរ ហើយពួកគេបានបើកមាត់យ៉ាងធំ ដើម្បីផឹកយកពាក្យរបស់ខ្ញុំ គឺ​ដូចពួកគេទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។
24ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​​មិន​ចង់ជឿទេ ពួកគេមិនបានបដិសេធពន្លឺដែលចេញពីមុខខ្ញុំទេ។
25ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេ ហើយ​ខ្ញុំ​រស់នៅ ដូច​ស្ដេច​ដែលនៅជាកងទ័ព​របស់​ខ្លួន និង​ដូច​អ្នក​លើក​ទឹក​ចិត្ត អស់​អ្នក​ដែល​កើត​ទុក្ខ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។