1«នៅក្នុងគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលការទាំងនេះថា៖ ពួកគេនឹងនាំយកឆ្អឹងនៃស្តេចជនជាតិយូដា ហើយនិងឆ្អឹងពួកអ្នកដឹកនាំ និងឆ្អឹងរបស់ពួកសង្ឃ ឆ្អឹងរបស់ពួកព្យាការី និងឆ្អឹងរបស់ពួកអ្នកដែលនឹងទទួលមរតកនៅក្រុងយេរូសាឡិមចេញពីផ្នូរចេញមក។
2ក្រោយមក ពួកគេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលពួកគេបានស្រឡាញ់ និងគោរពប្រតិបត្តិ ហើយប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង។ និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។
3ចំណែកឯ ពួកអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4អ្នកត្រូវប្រាប់គេថា៖ ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ៖ បើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ? បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ?
5តើហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម ទាំងនេះបានវង្វេងចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ? ពួកគេកាន់ខ្ជាប់តាមពាក្យបញ្ឆោត ហើយមិនព្រមប្រែចិត្តទេ។
6យើងនឹងរំពៃមើល៍ ហើយប្រុងស្តាប់ ប៉ុន្តែពួកគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា «តើយើងបានធ្វើអ្វីនេះ?» គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។
7សត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែប្រជារាស្ត្ររបស់យើង គេមិនស្គាល់ច្បាប់របស់ព្រះអម្ចាស់ទេ។
8ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាថា៖ «យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះអម្ចាស់ នៅជាមួយយើងដែរដូច្នេះ?» តែមើល៍ ស្លាបប្រកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរ។
9ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន គេបានបោះបង់ព្រះបន្ទូលនៃព្រះអម្ចាស់ ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
10ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នក ដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ សុទ្ធតែលោភលន់ ចាប់តាំងពីព្យាការី រហូតដល់បូជាចារ្យ គ្រប់គ្នាប្រព្រឹត្តសេចក្ដីបោកប្រាស់។
11គេបានព្យាបាលរបួសឲ្យប្រជារាស្ត្រយើង បន្តិចបន្តួចទេ ហើយនិយាយថា «សុខសាន្ត សុខសាន្ត» ក្នុងកាលដែលគ្មានសេចក្ដីសុខសោះ។
12កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម តើគេមានសេចក្ដីខ្មាសឬទេ? ពួកគេគ្មានសេចក្ដីខ្មាសទេ ក៏មុខក្រាស់ផង! ដូច្នេះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល ព្រះអម្ចាស់មានព្រះបន្ទូលថា៖ នៅវេលាដែលយើងដាក់ទោសដល់គេ នោះគេនឹងត្រូវវិនាស។
13ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែឧទម្ពរនៅដើមវា។ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលយើង បានឲ្យដល់គេនឹងសូន្យបាត់ទៅ។
14ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ? ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
15យើងបានទន្ទឹងចាំសេចក្ដីសុខ ប៉ុន្តែ ឥតមានអ្វីល្អមកសោះ ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា តែមើល៍ បានតែសេចក្ដីវេទនា។
16មានឮសូរសណ្ឋឹក នៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវនោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបទឹកដី និងរបស់ទាំងប៉ុន្មានដែលនៅក្នុងទឹកដី ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ។
17ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! យើងនឹងចាត់ពស់វែក ឲ្យមកកណ្ដាលអ្នករាល់គ្នា ជាពស់ដែលគ្មានគ្រូធ្មប់ណាអាចសណ្តំបាន នឹងចឹកអ្នករាល់គ្នា»។
18ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
19មើល៍! សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានព្រះ មហាក្សត្រហើយឬ? ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសារ រូបព្រះក្លែងក្លាយជាព្រះឥតបានការរបស់ជនជាតិដទៃដូច្នេះ?
20រដូវចម្រូតកន្លងផុតទៅ រដូវប្រាំងក៏ជិតផុតទៅដែរ តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
21ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
22តើនៅទឹកដីកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមជាសះស្បើយដូច្នេះ?