1ពេលលោកផាសហ៊ើរ ជាកូនរបស់សង្ឃអ៊ីមមើរ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះជាម្ចាស់ បានថាព្យាការីយេរេមាកំពុងថ្លែងទំនាយសេចក្ដីទាំងនេះ។
2ដូច្នេះលោកផាសហ៊ើរក៏វាយព្យាការីយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ កំផែងរបស់ព្រះវិហារនៃព្រះជាម្ចាស់។
3លុះថ្ងៃបន្ទាប់ លោកផាសហ៊ើរក៏នាំព្យាការីយេរេមាចេញពីគុកមកវិញ ខណៈនោះ ព្យាការីយេរេមាប្រាប់លោកថា៖ «ព្រះជាម្ចាស់ មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ មីស្សាប៊ីបវិញ។
4ដ្បិតព្រះអង្គមានព្រះបន្ទូលដូច្នេះថា "យើងនឹងធ្វើឲ្យអ្នកជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសម្លាញ់របស់អ្នកផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់អ្នកនឹងឃើញដែរ យើងនឹងប្រគល់ទឹកដីយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃនៃស្ដេចបាប៊ីឡូន ស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ទឹកដីបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង។
5យើងនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ យើងនឹងប្រគល់ព្រះរាជទ្រព្យរបស់ពួកស្តេចទឹកដីយូដាទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកនាំទៅឯទឹកដីបាប៊ីឡូន។
6ឯអ្នកផាសហ៊ើរអើយ អ្នក និងអស់អ្នកដែលអាស្រ័យនៅផ្ទះអ្នកនឹងត្រូវនាំទៅជាឈ្លើយ គឺអ្នកនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះអ្នកត្រូវស្លាប់។ ហើយគេនឹងកប់អ្នកនៅទឹកដីនោះ គឺទាំងអ្នក និងពួកមិត្តសម្លាញ់អ្នកដែលអ្នកបានថ្លែងទំនាយកុហកដល់គេនោះផង»។
7ព្រះអម្ចាស់អើយ ព្រះអង្គបានបញ្ជោតទូលបង្គំ ហើយទូល បង្គំក៏បណ្ដោយតាម។ ព្រះអង្គមានកម្លាំងជាងក៏បានឈ្នះទូលបង្គំ។ ទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។
8ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះអម្ចាស់ ធ្វើឲ្យត្រឡប់ជាសេចក្ដីដំណៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ។
9ប្រសិនបើទូលបង្គំទូលថា ទូលបង្គំនឹងមិនគិតពីព្រះអម្ចាស់ទៀតទេ។ ទូលបង្គំក៏មិនពោលពីព្រះនាមរបស់ព្រះអង្គទៀតដែរ។ គឺដូចជាភ្លើងដែលឆះដូងចិត្តនិងឆ្អឹងរបស់ទូលបង្គំដែរ។ ដូច្នេះទូលបង្គំមានបញ្ហាច្រើនដែលមិនអាចធ្វើបាន។
10ទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ។ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង។ ដូច្នេះ យើងនឹងឈ្នះវាបាន នោះ យើងនឹងសងសឹកនឹងវា។
11ប៉ុន្តែ ព្រះអង្គគង់ជាមួយទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត។ ពួកគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាស វានឹងមិនអាចបំភេចបាន។
12ព្រះអម្ចាស់នៃពិភពទាំងមូលអើយ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។
13ចូរច្រៀងថ្វាយព្រះជាម្ចាស់ ចូរសរសើរដល់ព្រះអម្ចាស់ចុះ ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ បានពរឡើយ
15សូមឲ្យត្រូវបណ្ដាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ មានអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
16សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះជាម្ចាស់បានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសម្រែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
17ពីព្រោះគេមិនបានសម្លាប់ខ្ញុំ ពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំរហូតទៅ។
18ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?