1«ជនជាតិអុីស្រាអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះ អម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
2ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ ផ្សេងៗនៅលើមេឃ ដូចប្រជាជាតិទាំងឡាយដែរ។
3ដ្បិតជំនឿសាសនារបស់មនុស្សទាំងនោះ សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4ក្រោយមកពួកគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
5អ្វីដែលគេធ្វើពីដៃទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
6ព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរ ព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
7តើមនុស្សណាដែលមិនកោតខ្លាចព្រះអង្គ ដ្បិតព្រះអង្គជាព្រះមហាក្សត្ររបស់ប្រជាជាតិនានា? ដ្បិតព្រះអង្គសមនឹងទទួលការនោះ ដ្បិតនៅក្នុងនគរទាំងប៉ុន្មាន គឺគ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។
8ពួកគេសុទ្ធតែជាមនុស្សល្ងីល្ងើ ជាអ្នកគោរពរូបព្រះ ប៉ុន្តែ ជាដុំឈើ!
9គេនាំយកប្រាក់ផែជាផ្ទាំងមកពីទឹកដីតើស៊ីស និងមាសពីទឹកដីអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់។
10ប៉ុន្តែ ព្រះអម្ចាស់ជាព្រះដ៏ពិត។ ព្រះអង្គជាព្រះមានព្រះជន្មរស់ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច។ ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងជនជាតិមិនអាចនឹងធន់នៅ ចំពោះសេចក្ដីក្រោធបស់ព្រះអង្គបានឡើយ។
11ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
12ប៉ុន្តែ ព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ហើយបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។
13ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
15ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16ប៉ុន្តែ ព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអុីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
17អស់អ្នកដែលនៅក្នុងកំឡុង ពួកខ្មាំងឡោមព័ទ្ធអ្នកជុំវិញ ចូរប្រមូលអីវ៉ាន់អ្នកចេញពីទឹកដីទៅ។
18ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! ឥឡូវនេះ យើងនឹងបោះចោលពួកអ្នកទឹកដីនេះ។ យើងមឹងធ្វើទុក្ខដល់ពួកគេ ហើយឲ្យពួកគេស្គាល់ដៃយើង»។
19វរហើយខ្ញុំ! ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺខ្លាំងណាស់។ ដូច្នេះហើយខ្ញុំនិយាយថា៖ «នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទ្រាំទ្រ»។
20ត្រសាលរបស់ខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញជាពីរ។ ពួកគេបានយកកូនចៅខ្ញុំចាកចេញពីខ្ញុំ ហើយមិនបានឃើញពួកគេទៀតទេ។ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតដែរ។
21ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះអម្ចាស់ទេ ហេតុនោះបានជាគេមិនបានចំរុងចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
22មានឮសូរដំណឹងនឹងមកដល់ «មើល! វានឹងកើតឡើង ការរញ្ជួយដីមកពីខាងជើង ដើម្បីធ្វើឲ្យទីក្រុងនានាក្នុងទឹកដីយូដាត្រូវបំផ្លាញ ក្លាយជាទីអាស្រ័យរបស់ចចកវិញ»។
23ព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
24ព្រះអម្ចាស់អើយ សូមតំរង់ផ្លូវទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ ក្រែងទ្រង់ធ្វើឲ្យទូលបង្គំសាបសូន្យទៅ។
25សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើជនជាតិដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ ហើយទៅលើអស់ទាំងគ្រួសារគេ ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប គេបានត្របាក់លេប ព្រមទាំងរំលីងអស់ ហើយបំផ្លាញទីលំនៅរបស់គេដែរ។