ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ទាំងនេះគឺជាពាក្យ​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។
2​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ទឹកដីយូដា
3ព្រះអង្គ​មានព្រះ‌បន្ទូល​ម្តងទៀតមកដល់​លោក​ នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ទឹកដី​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ទឹកដី​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​។
4​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖
5«មុន​ដែល​យើង​បាន​​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ គឺ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ព្យាការី ដល់​គ្រប់ជនជាតិផ្សេងៗ»។
6«​ព្រះ‌អម្ចាស់‌ដ៏ជាព្រះអើយ» ខ្ញុំបានឆ្លើយថា «ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត ​ទូល‌បង្គំ​នៅក្មេង​»។
7ប៉ុន្តែ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​និយាយថា អ្នក​ក្មេងពេក​ឡើយ ​អ្នក​ត្រូវ​តែ​ទៅគ្រប់ទីកន្លែងដែលយើងបញ្ចូនអ្នកឲ្យទៅ ហើយ​និយាយអ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ!
8កុំ​ឲ្យ​ខ្លាច​ចំពោះពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​ឲ្យ​អ្នក​រួច នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់»។
9បន្ទាប់​មក ព្រះ‌អម្ចាស់​លូក​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ។
10យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រម្លើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។
11​ព្រះ‌បន្ទូល​នៃព្រះអម្ចាស់មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ ​មែក»។
12ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​បានមើលលើ​ពាក្យ​របស់​យើង​ដើម្បីឲ្យបាន​សម្រេច​ជា​រូប​រាង»។
13ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ខ្ញុំ​ជាលើទីពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង»។
14​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ដែលរស់នៅលើទឹកដីទាំងនោះ។
15ដ្បិត​ យើង​នឹង​ហៅ​គ្រប់​ទាំង​ប្រជាជន​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំ‌វិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ទឹកដី​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
16​យើង​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង។
17ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ! ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត!
18មើល៍! នៅ​ថ្ងៃ​នេះ យើង​បាន​តាំង​អ្នក​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចម្បាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សម្រាប់​ត​នឹង​ទឹកដី​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​នឹង​បណ្ដា‌ជន​ទាំង‌ឡាយ​នៅ​ទឹកដី​នេះ​ផង។
19គេ​នឹង​ត​ជាមួយ​អ្នក តែ​មិន​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​អ្នក​ឲ្យ​រួច» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។