ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 65

Read Scripture freely. Divine Threads study for this chapter is coming later.

1«យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។
2យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង!
3ពួកគេជាមនុស្ស​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជានិច្ច ដោយការ​អាក្រក់​នៅ​មុខ​យើង ពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​ អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។
4ពួក​គេ​អង្គុយនៅកណ្តាល​ផ្នូរ​ខ្មោច ទាំងបើកភ្នែកពេញមួយ​យប់ គេ​បរិភោគ​សាច់​ជ្រូក និង​សំឡគួរខ្ពើមនៅ​ក្នុង​ចាន​របស់​គេ។
5ពួកគេនិយាយថា «ចូរចៀសចេញ កុំ​ចូលមកជិតខ្ញុំអី ព្រោះ​ខ្ញុំ​បរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។
6ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង
7គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។
8នេះគឺជាអ្វីព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ «នៅពេលទំពាំង‌បាយជូរ​មាន​ផ្លែ​ចង្គោម នោះមានម្នាក់និយាយ​ថា កុំ​បំផ្លាញ​វាអី ព្រោះ​ផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ពួកគេទាំងអស់ឡើយ។
9យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។
10​សារ៉ូននឹងក្លាយជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។
11ប៉ុន្តែ ​អ្នក​រាល់​គ្នា​ដែលបាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយ​បែរ​ជា​រៀបចំ​តុ​សែន​ព្រះ​មានលាភ​ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។
12យើង​នឹង​ប្រហារ​អ្នក​​ឲ្យស្លាប់​ដោយ​មុខ​ដាវ ហើយអ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ដើម្បីឲ្យគេសម្លាប់ ព្រោះយើង​បាន​ហៅ តែ​អ្នក​​មិន​ឆ្លើយ​ទេ ពេលយើង​បាន​និយាយ អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅមុខយើង ហើយជាអំពើ​ដែល​យើង​មិន​ពេញ​ចិត្ត»។
13ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា «មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក​ មើល អ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។
14មើល អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។
15អ្នកនឹង​ជាប់ឈ្មោះ​ ​សម្រាប់​ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់​បណ្ដាសា យើងគឺ​ព្រះ‌អម្ចាស់​លើទាំងព្រះនឹង​សម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។
16អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។
17មើលនោះ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។
18ប៉ុន្តែចូរ​អ្នកអរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡិម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។
19ក្រុង​យេរូ‌សាឡិម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ។
20នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។
21ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។
22គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។
23ពួកគេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។
24មុនពេល​ដែលគេសូម យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ ហើយកំឡុងពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។
25ពេល​នោះ ចចកនិង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ ពួកវានឹង​លែង​សុីបំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។