1មនុស្សសុចរិតត្រូវវិនាសអន្ដរាយ តែអត់មានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅ គ្មានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញ ឲ្យរួចពីចំពោះការអាក្រក់នោះទេ។
2អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
3ប៉ុន្តែមកទីនេះ អ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ហើយជាកូនរបស់ស្រីផឹតក្បត់ និងស្រីដែលបានធ្វើឲ្យខ្លួនទៅជាពេស្យា។
4តើអ្នកកំពុងសើចចំអកឲ្យនរណា? តើអ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា? តើអ្នករាល់គ្នាមិនមែនជាពូជពង្សបះបោរដែលជាកូនចៅនៃការបោកបញ្ឆោតទេឬ?
5អ្នកបានដុតខ្លួនរបស់អ្នករាល់គ្នា ដោយបានដេកនៅក្រោមអូស នៅក្រោមដើមឈើខៀវខ្ចី ហើយអ្នករាល់គ្នាសម្លាប់កូនចៅនៅបាតទន្លេនោះដែរ និងនៅខាងក្រោមក្រហែងថ្ម។
6នៅក្នុងចំណោមរបស់ដែលរលើប នៅក្នុងទន្លេបាតជ្រោះជាវត្ថុដែលបានផ្ដល់ឲ្យដល់អ្នក។ ពួកគេបានចាត់ទុកវត្ថុជាទីសក្ការៈរបស់គេ។ អ្នករាល់គ្នាច្រួចស្រា ហើយបានសែនដល់របស់ទាំងនោះ ហើយដ៏បានថ្វាយដង្វាយស្រូវផងដែរ។ តើការបែបនេះគួរឲ្យយើងរីករាយបានទេ?
7អ្នកបានរៀបចំគ្រែរបស់អ្នកនៅលើភ្នំខ្ពស់។ អ្នកក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជា។
8អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ អ្នកបានឃើញផ្លូវឯកជនរបស់គេ។
9អ្នករត់ទៅថ្វាយបង្គំព្រះម៉ូឡុកជាមួយប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន ហើយគ្រឿងក្រអូប របស់អ្នកបានចម្រើនឡើង អ្នកបានឲ្យពួកនាំសារទៅឆ្ងាយៗ គឺរហូតទៅដល់ស្ថានមច្ចុរាជ ។
10អ្នកបាននឿយហត់នឹង ដំណើរដ៏វែងឆ្ងាយរបស់អ្នកប៉ុន្តែអ្នកមិនដែលនិយាយថា «វាអស់សង្ឃឹមទេ»។ គឺអ្នកបានទទួលជីវិតដោយដៃអ្នកខ្លួនឯង អ្នកមិនបានអស់កម្លាំងទេ។
11«តើអ្នកព្រួយបារម្ភអំពីនរណា? តើអ្នកបានភ័យខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់យើងនោះ? ដោយព្រោះតែយើងនៅស្ងៀមយូរពេក ហើយបានជាអ្នករាល់គ្នាមិន កោតខ្លាចដល់យើងសោះ។
12យើងនឹងប្រកាស់អំពីសេចក្តីសុចរិតដែលអ្នកបានធ្វើ ហើយប្រាប់គ្រប់ដែលអ្នកបានប្រព្រឹត្ត តែការទាំងនោះមិនអាចជួយដល់អ្នកបានទេ។
13ពេលអ្នកស្រែកអង្វរករ សូមឲ្យរូបចម្លាក់ព្រះដែលអ្នកបានជ្រើសរើសជួយសង្គ្រោះអ្នកផង។ ផ្ទុយទៅវិញ ខ្យល់នឹងផាត់រូបព្រះទៅទាំងអស់។ ចំណែកអ្នកដែលមកជ្រកកោនជាមួយយើង នឹងទទួលទឹកដីជាមត៌ក ហើយនឹងកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើងទៀតផង។
14ព្រះអម្ចាស់មានព្រះបន្ទូលថា«ចូរត្រួសត្រាយរៀបចំផ្លូវ ហើយដកថ្មដែលធ្វើឲ្យជំពប់ដួល ចេញពីផ្លូវរបស់ប្រជាជនយើង!»
15ដ្បិតនេះជាអ្វីដែលព្រះដ៏ខ្ពស់ ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា «យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេគាបសង្កត់ខាងវិញ្ញាណ ដើម្បីធ្វើឲ្យវិញ្ញាណមនុស្សដែលត្រូវបានគេគាបសង្កត់មានសង្ឃឹម ធ្វើឲ្យចិត្តរបស់មនុស្សសោគសង្រេងបានសង្ឃឹមផងដែរ។
16ដ្បិតយើងនឹងមិនចោទប្រកាន់ជារហូតទេ មិនបានខឹងជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់នៅមុខយើង ជីវិតដែលយើងបានបង្កើត។
17ដោយសារតែអំពើបាប អំពើឃោឃៅរបស់គេចម្រើនឡើង យើងបានខឹងហើយជំនុំជម្រះគេ យើងបានបាំងមុខយើងដោយខឹង ប៉ុន្តែគេបានត្រឡប់មកនៅចំពោះដូងចិត្តយើងទៀត។
18យើងបានឃើញអស់ទាំងផ្លូវរបស់គេ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ព្រមទាំងសម្រាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។
19យើងដែលបង្កើតបបូរមាត់ចេញជាផលផ្លែ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់អ្នកដែលនៅឆ្ងាយៗ និងអ្នកដែលនៅជិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រោសពួកគេឲ្យបានជាសះស្បើយ។
20ប៉ុន្តែមនុស្សអាក្រក់វិញប្រៀបបាននឹងសមុទ្រដែលបក់បោក មិនដែលសម្រាក ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។
21មនុស្សអាក្រក់នឹងមិនបានសេចក្ដីសុខសាន្តទេ នេះជាព្រះបន្ទូលរបស់ទ្រង់»។