ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 48

Read Scripture freely. Divine Threads study for this chapter is coming later.

1សូមស្ដាប់ការនេះ កូនចៅរបស់លោកយ៉ាកុបដែលមានឈ្មោះថាអុីស្រាអែលហើយមកពីពូជពង្សរបស់យូដា អ្នកដែលបានស្បថនៅចំពោះព្រះនាមព្រះអម្ចាស់ ហើយស្រែកអង្វររកព្រះនាមរបស់ជនជាតិអុីស្រាអែល ប៉ុន្តអ្នករាល់គ្នាមិនបានសម្ដែងនូវភាពស្មោះត្រង់និង​ភាពសុចរិកឡើយ។
2ដ្បិតគេហៅខ្លួនឯងថាជាប្រជាជននៃក្រុងដ៏វិសុទ្ធហើយទុកចិត្តលើព្រះរបស់ជនជាតិអុីស្រាអែល ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
3«យើង​បានប្រកាសប្រាប់អ្នក តាំង​ពី​យូរ‌ណាស់​មក​ហើយ សេចក្ដី​ដែលចេញ​ពី​មាត់​យើង​ ហើយឲ្យ​អ្នកគេបាន​ដឹង​ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​មែន ហើយក៏កើត​មួយជា​រំពេច​ដែរ។
4ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស សាច់ដុំករបស់អ្នករឹងដូចដែកហើយថ្ងាសរបស់អ្នកដូចជាលង្ហិន
5ហេតុនេះហើយ បានជាខ្ញុំប្រាប់អោយអ្នកបានដឹងជាមុន យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ការដែលនឹង​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​និយាយ​ថា «គឺ​រូប​ព្រះ​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ» ឬ «គឺ​រូប​ព្រះ​ដែល​ខ្ញុំ​បង្កើត បាន​ធ្វើ​ឲ្យ​ការ​កើត​មក»។
6អ្នករាល់គ្នាបានឮពីការណ៍ទាំងនេះ មើលទៅភស្តុតាងទាំងនោះ ហើយអ្នកនឹងមិនទទួលស្គាល់ អ្វីដែលយើងបានប្រាប់ថាជាការពិតទេ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។
7​ឥឡូវនេះ មិន​មែន​កាល​ពី​បុរាណ​ទេ ការណ៍ទាំងនោះនឹងកើត រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​គេនិយាយពីការណ៍​នេះ​ទេ ដូច្នេះអ្នក​មិនអាចនិយាយថា «ពិតណាស់ ខ្ញុំ​ស្គាល់​ការណ៍​នោះ​ហើយ»។
8អ្នកមិនដែល​បាន​ឮ​សោះ មិន​បាន​ដឹងទេ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​បោកប្រាស់ ហើយ​អ្នកបាន បះ‌បោរ​តាំង​ពីចាប់កំណើតមក។
9ដោយយល់ដល់នាមយើងនឹងបំបាត់សេចក្ដីក្រោធរបស់យើង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។
10មើល៍ យើង​បាន​បន្សុទ្ធ​អ្នក ប៉ុន្តែមិនដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេគឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។
11ដ្បិតយើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង តើធ្វើដូចម្តេចដើម្បីឱ្យឈ្មោះខ្ញុំត្រូវអាម៉ាស់? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។
12ចូរស្តាប់យើងយ៉ាកុបនិងអុីស្រាអែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។
13ត្រូវហើយ ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។
14ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! ក្នុងចំណោមអ្នករាល់គ្នាតើមាននរណាម្នាក់ដែលបានប្រកាសសេចក្ដីទាំងនេះ? សម្ព័ន្ធមិត្តរបស់យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន គេ នឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ប្រឆាំងនឹងជនជាតិខាល់ដេ។
15យើង គឺ​យើង​នេះ​ហើយបាន​ថ្លែង យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការបាន។
16ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ ពេល​ការ​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ»។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះបានចាត់ខ្ញុំអោយមកនិងព្រះវិញ្ញាណរបស់ព្រះអង្គ។
17ព្រះអម្ចាស់ជាព្រះដ៏ប្រោសលោះនិងជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលបង្រៀនអ្នកពីរបៀបដែលអ្នកអាចទទួលជោគជ័យបាន។
18ប្រសិនបើអ្នកបានធ្វើតាមបញ្ញត្ដិរបស់ខ្ញុំ! ពេលនោះសេចក្តីសុខសាន្តនិងភាពថ្កុំថ្កើងរបស់អ្នកនឹងហូរដូចជាទន្លេហើយសេចក្តីសង្គ្រោះរបស់អ្នកនឹងដូចជារលកសមុទ្រ។
19កូនចៅរបស់អ្នកនឹងកើនចំនួនច្រើនឥតគណនា ដូចខ្សាច់ ចំណែកកូនចៅដែលចេញពីផ្ទៃរបស់អ្នកកើនចំនួនច្រើនដូចគ្រាប់ខ្សាច់ផងដែរ ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានគេកាត់ចេញ ឬ​បំផ្លាញ​ពី​មុខ​យើងនោះ​ឡើយ។
20ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន! ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ! ចូរ​បន្លឺ​សំឡេងប្រកាស​យ៉ាង​សប្បាយ! ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី! ចូលនិយាយ​ថា «ព្រះអម្ចាស់បានរំដោះយ៉ាកុបជាអ្នកបំរើរបស់ព្រះអង្គ»។
21​ពួក​គេ​នៅ​មិនស្រែកទឹកទេនៅពេលព្រះអង្គនាំឆ្លងវាល​ហួត‌ហែង ព្រះជាម្ចាស់បានធ្វើឱ្យទឹកហូរចេញពីថ្មសម្រាប់ពួកគេ ដោយអង្គបំបែកថ្មហើយទឹកក៏ហូរចេញមក។
22ព្រះអម្ចាស់មានព្រះបន្ទូលថា មនុស្សអាក្រក់អត់មានក្តីសុខសាន្តទេ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។