ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 41

Read Scripture freely. Divine Threads study for this chapter is coming later.

1«ចូរ​​ស្ដាប់ខ្ញុំ​និយាយដោយស្ងៀមស្ងាត់ចុះ ចូលឲ្យប្រជា‌រាស្ត្រ​ទាំង‌ឡាយ​​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​​មកជិតចុះហើយនិយាយ សូមឲ្យយើង​ចូលមកជិតដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។
2តើ​នរណាជាអ្នក​បំផុសគំនិតមក​ពី​ទិស​ខាង​កើត សូមហៅអ្នកនោះក្នុងភាពសុចរិត ដល់ការរបស់គាត់ធ្វើឬ? ព្រះអង្គដាក់ប្រជា‌ជាតិ​ទាំង‌ឡាយនៅខាងគាត់ដើម្បីជួយគាត់ឲ្យ​បង្ក្រាប​ស្ដេច​ទាំងនោះ។ លោកនាំពួកគេមកចំពោះមុខដាវរបស់គាត់ ដូចជាខ្យល់បក់ចំបើងជាមួយគ្រាប់ព្រួញរបស់គាត់។
3លោក​ដេញ​តាម​ពួក​គេ ហើយលោក​បានឆ្លង​កាត់​ ដោយ​គ្មានគ្រោះ​ថ្នាក់​ ដោយជើង​របស់​លោក​រហ័សណាស់។
4តើ​អ្នកណាអាចនឹងធ្វើការទាំងនេះដូចលោកបាន? តើអ្នកណា​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​នោះ? យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ គឺយើងនេះហើយ។
5ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ហើយប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ពួកគេមានការញ័រ​រន្ធត់។
6ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​ពោល​ទៅ​កាន់​បងប្អូន​របស់​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង។
7ដូច្នេះ ពួកជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា ផ្សារ​ដូច្នេះ «ល្អ​ណាស់។» ពួកគេ​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។
8ប៉ុន្តែអ្នក ដែលជាជន‌ជាតិ​អីុស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អប្រាហាំ ដែល​ ជា​មិត្ត​សម្លាញ់​របស់​យើង​
9អ្នកត្រូវបានយើងនាំចេញ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ហើយជាអ្នកដែលយើង​បាន​ហៅ​អ្នក​ពីកន្លែងឆ្ងាយ​មក ជាអ្នកដែលយើង​បាន​និយាយ​ទៅ​កាន់​ថា «​ជា​អ្នក​បម្រើ​​យើង» យើង​បាន​ជ្រើស​រើសអ្នក ហើយ​មិន​បោះ​បង់​ចោល​អ្នក​ដែរ។
10កុំ​ភ័យ​ខ្លាច​អ្វី ដ្បិតយើង​ស្ថិត​នៅ​ជា​មួយ​អ្នក។ កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក។ យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។
11មើល៍! ពួក​គេនឹងត្រូវ​អាម៉ាស់ហើយនិង​បាក់​មុខផង សម្រាប់អ្នកដែលបានខឹងនិងអ្នក ពួកគេនឹងមិនបានអ្វីហើយវិនាស សម្រាប់អ្នកដែលទាស់និងអ្នក។
12អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់។
13ដ្បិត ​យើង​ ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា «កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ»។
14កុំខ្លាចអ្វីឡើយ កូន​ចៅ​យ៉ាកុប និងបុរសនៃ​អីុស្រា‌អែល​អើយ ពួកអ្នកខ្សោយដូចដង្កូវ​ យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល យើង​ជួយ​អ្នកនិង​លោះ​អ្នក​ជា​មិន​ខាន នេះ​ជាព្រះ‌បន្ទូល ​របស់​ព្រះ‌អម្ចាស់នៃជនជាតិអុីស្រាអែល។
15មើល៍! យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។
16អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អីុស្រា‌អែល។
17ជន​ក្រីក្រ និង​អ្នកជួបទុក្ខលំបាក​ស្វែង​រក​ទឹក ប៉ុន្តែមិនមានទឹកនោះទេ ហើយអណ្តាតពួកគេ​ស្រេកទឹកខ្លាំង​។ យើង​ជា​ព្រះ‌អម្ចាស់ ​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អីុស្រា‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ទេ។
18យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌ធំ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។
19យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន។ យើងនឹងត្រៀមដើម​កកោះ ស្រល់នៅទីរហោស្ថាន ជាមួយស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។
20យើងនឹងធ្វើការទាំងនេះ ដើម្បីឲ្យមនុស្ស​ទាំង​អស់​មើល​ឃើញ ហើយ​ដឹងផង និង​យល់​ជា​មួយ​គ្នា​ថា ជាដីរបស់​ព្រះ‌អម្ចាស់បានធ្វើការនេះ ជា​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អុីស្រា‌អែល បានបង្កើតពួកវាមក។
21«សូមបង្ហាញរបស់អ្នកមក» ព្រះបន្ទូលនៃព្រះអម្ចាស់ «សូមជជែកពីការល្អសម្រាប់ព្រះរបស់អ្នក» មានបន្ទូលទៅកាន់ពួកយាកុប។
22សូមឲ្យព្រះទាំងនោះ ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត ដូច្នេះយើង​ដឹងអំពី​ការអ្វី។ តើព្រះទាំងនោះប្រាប់អ្វីពី​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត ដូច្នេះយើងអាចបង្ហាញដល់ពួកគេ ហើយដឹងពីអ្វីដែលនឹងត្រូវកើតឡើងជាពិត។
23ចូរ​និយាយ​ប្រាប់​យើង​អំពី​អនាគត នោះយើងនឹងដឹងថាអ្នកគឺជាព្រះ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ឬ ល្អ​ក្ដី ដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។
24មើល៍! អ្នកគឺព្រះក្លែងក្លាយហើយការងារឯងក៏គ្មានន័យដែរ ហើយពួកអ្នកដែលជ្រើសរើសឯង សុទ្ធ​តែ​ជា​មនុស្ស​គម្រក់។
25យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។
26តើ​នរណា​បានប្រកាស​​អំពីការទាំង​នេះ​ តាំងពីដើម ដែលយើងអាចដឹងនោះ? មុនពេលនេះ ដែលយើងគួរនិយាយថា «អ្នកជាព្រះ?» តែផ្ទុយទៅវិញគ្មានការអ្វីមួយកើតឡើង ពិតហើយក៏មិនឮអ្នកនិយាយអ្វីដែរ។
27យើង​ទេ​តើ ដែល​បាន​ប្រាប់ដល់ ក្រុង​ស៊ីយ៉ូន​ «មើលន៍ គេមកហើយ» ខ្ញុំបាន​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម។
28យើង​ក្រឡេក​មើល​ទៅ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះក្នុង​ចំណោម​​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ឬ​ឆ្លើយ ​នឹង​សំណួរ ដែល​យើង​សាក​សួរ​នោះ​ទេ។
29មើល៍! ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។