ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 39

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅគ្រានោះ ព្រះចៅម្រដាក់ បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្តេចស្រុកបាប៊ីឡូនបានថ្វាយព្រះរាជសារ នឹង អំណោយមកថ្វាយព្រះបាទហេសេគា ត្បិតស្តេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយក៏បានជាសះស្បើយឡើងវិញ។
2ព្រះបាទហេសេគាមានព្រះទ័យរីករាយជាមួយការទាំងនោះ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលព្រះអង្គតម្កល់វត្ថុមានតម្លៃ ដែលធ្វើពីប្រាក់ មាស ព្រមទាំងគ្រឿងក្រអូប ប្រេងមានតម្លៃ និងគ្រឿងសព្វាវុធនានា និងអ្វីៗផ្សេងទៀតដែលរក្សានៅក្នុងឃ្លាំងរាជទ្រព្យនោះ។ គ្មានអ្វីដែលមាននៅក្នុងរាជវាំង និងក្នុងនគរដែលព្រះបាទហេសេគាមិនបានបង្ហាញដល់រាជទូតស្រុកបាប៊ីឡូនឡើយ។
3រួចមកព្យាការីអេសាយបានចូលគាល់ព្រះបាទហេសេគា ទាំងទូលសូរថា «តើមនុស្សទាំងនោះបានទូលអ្វីខ្លះជាមួយព្រះករុណា? តើពួកគេមកពីណាដែរ?» ព្រះបាទហេសេគាមានរាជឱង្ការថា «ពួកគេមកពីស្រុកឆ្ងាយ គឺស្រុកបាប៊ីឡូន ដើម្បីមកគាល់យើង»។
4លោកអេសាយក៏ទូលសួរថា «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងរាជវាំងរបស់ព្រះករុណា?» ព្រះបាទហេសេគាតបវិញថា «ពួកគេបានឃើញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំងរបស់យើង គ្មានរបស់ណាមួយដែលយើងមិនបានបង្ហាញដល់ពួកគេទេ»។
5ហើយលោកអេសាយ ក៏ទូលទៅព្រះបាទហេសេគាថា «សូមព្រះករុណាសណ្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល
6មើល៍! នឹងមានគ្រាមួយមកដល់ ដែលគេនឹងមកប្រមូលយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលបុព្វបុរសព្រះករុណាបានរក្សាទុកនៅក្នុងរាជវាំងដរាបដល់សព្វថ្ងៃនេះ ហើយនឹងនាំយកទៅក្រុងបាប៊ីឡូន។ គ្មានអ្វីនៅសល់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7បុត្រាទាំងអស់ដែលកើតចេញពីទ្រង់ នឹងត្រូវគេចាប់យកទៅធ្វើជាមហាតលិក នៅក្នុងរាជវាំងរបស់ស្តេចស្រុកបាប៊ីឡូន»។
8ក្រោយមក ស្តេចហេសេគាក៏មានរាជឱង្ការទៅលោលអេសាយថា «នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកបានថ្លែង»។ ត្បិតព្រះរាជាគិតថា «ពីព្រោះនៅក្នុងជីវិតយើង មានសន្តិភាព និងសេចក្តីសុខសាន្តហើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។