ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 29

Read Scripture freely. Divine Threads study for this chapter is coming later.

1វេទនាដល់ ក្រុងអើរាល ក្រុងអើរាល ជាក្រុងដែលដាវីឌគង់នៅ ចូរធ្វើបុណ្យខួបរាល់ឆ្នាំទៅ។
2តែយើងនឹងវាយព័ទ្ធក្រុងអើរាល ហើយគេនឹងកើតទុក្ខសោកសង្រេង នឹងការទួញសោក ហើយក្រុងទាំងមូលនឹងបានដូចជាក្រុងអើរាល។
3យើងនឹងបោះជំរុំទ័ពព័ទ្ធដើម្បីទាស់ប្រឆាំងនឹងអ្នក ហើយរាយទ័ពជុំវិញ ហើយយើងនឹងលើកបន្ទាយទាស់នឹងអ្នកជាមួយនិងកំពែង ហើយយើងរៀបចំគ្រឿងសឹកដើម្បីច្បាំងនឹងអ្នក។
4អ្នកនឹងត្រូវផ្តួលចុះ ហើយអ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ។ សម្លេងរបស់អ្នកដូចជាខ្មោចចេញពីដី ហើយសម្លេងអ្នកនិងឮខ្សឹបៗចេញពីធូលីដីមក។
5ខ្មាំងសត្រូវរបស់អ្នកនឹងកើនឡើងយ៉ាងសណ្ធឹកដូចជាធូលីដី ហើយពួកកាចសាហាវនេះនឹងបានដូចជាអង្កាមដែលប៉ើងទៅ។ ហើយហេតុនោះកើតឡើងភ្លាមមួយរំពេច។
6ព្រះអម្ចាស់នៃពិភពទាំងមូល នឹងយាងមកជាមួយនឹងរន្ទះ ផែនដីរញ្ជួយ ខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ហើយក៏មានភ្លើងឆេះបំផ្លាញផង។
7វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់ គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍នឹងច្បាំងនឹងអើរាល នឹង បន្ទាយវាផង។
8គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ ដែលពេលភ្ញាក់ឡើងពោះនៅទទេវិញ។ គឺប្រៀបបានដូចមនុស្សដែលស្រេកទឹកដែលសុបិន្តឃើញខ្លួនបានផឹកទឹក តែពេលគេភ្ញាក់ឡើងគេនៅតែស្រេកទឹក។ ពិតណាស់ ដូច្នេះហើយបានជាមានមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងទាស់ជាមួយនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ។
9អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ។
10ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា។ ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នា​គឺជាពួកគ្រូទាយ។
11គ្រប់ទាំងនិមិត្តក្លាយជាពាក្យនៅសៀវភៅ ដែលបានបោះត្រា ដែលគេឲ្យសៀវភៅនេះទៅកាន់អ្នកសិក្សាដោយនិយាយថា «សូមអានសៀវភៅនេះចុះ» ហើយអ្នកនោះក៏ឆ្លើយមកវិញថា «ខ្ញុំមើលមិនបានទេដោយគេបានបិទត្រាបាត់ហើយ»។
12បើគេឲ្យសៀវភៅនេះទៅកាន់អ្នកមិនចេះអាន «សូមអានសៀវភៅនេះចុះ» នោះគេនឹងឆ្លើយវិញថា «ខ្ញុំមិនចេះអានអក្សរទេ»។
13ព្រះអម្ចាស់បានមានបន្ទូលថា «សាសន៍នេះបានចូលមកជិតយើង ដោយបបូរមាត់របស់គេ និងថ្វាយកិត្តិយសដល់យើងតែមាត់ប៉ុណ្ណោះ តែចិត្តរបស់គេបានឃ្លាតឆ្ងាយពីយើងហើយ។ ការថ្វាយកិត្តិយសរបស់គេគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមនុស្សបង្រៀនប៉ុណ្ណោះ។
14ហេតុដូច្នេះ មើលយើងនឹងធ្វើការមួយយ៉ាងអស្ចារ្យនៅចំណោមសាសន៍នេះ ជាការអស្ចារ្យ ហើយប្លែក។ នោះតម្រិះរបស់អ្នកប្រាជ្ញនឹងរលាយសាបសូន្យ ហើយការយល់ឱ្យបានយោបល់របស់ពួកគេក៏រលត់បាត់ទៅផង»។
15វេទនាដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់ អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត គេបានពោលថា «តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?»
16អ្នករាល់គ្នាគិតខុសហើយ! តើគួរឲ្យជាងស្មូនប្រៀបដូចជាដីឥដ្ឋឬ របស់ដែលគេបានបង្កើតមកនឹងនិយាយពីអ្នកដែលបង្កើតគេ​មកឡើងថា «អ្នកនោះមិនមែនជាអ្នកបង្កើតខ្ញុំមកទេ» ឬ នឹងពោលទៅអ្នកដែលបានបង្កើតគេមកថា «អ្នកនោះនឹងមិនយល់អ្វីឡើយ?»
17នៅតែបន្តិចទៀតប៉ុណ្ណោះ ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ។
18នៅថ្ងៃនោះមនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ។
19មនុស្សដែលជិៈជាន់គេនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល។
20មនុស្សដែលគ្មានមេត្តានឹងត្រូវបញ្ឈប់ មនុស្សចំអកឡកឡឺយនឹងត្រូវរលាយបាត់សូន្យ។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងត្រូវបាត់បង់ទៅ
21អ្នកដែលចាប់កំហុសចោទប្រកាន់គេ ឲ្យគេមានទោស។ ពួកគេនោះដាក់អន្ទាក់ចាប់មនុស្សដែលស្វែងរកយុត្តិធម៌នៅទ្វារក្រុង ហើយបង្វែរសេចក្តីសុចរិតដោយគ្មានហេតុផល។
22ដូច្នេះហើយ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីកូនចៅរបស់លោកយ៉ាកុបថា ព្រះអម្ចាស់ដែលបានសង្រ្គោះអ័ប្រាហាំម «យ៉ាកុបនឹងមិនត្រូវខ្មាសទៀតទេ ក៏មិនត្រូវស្រឡាំងកាំងទៀតដែរ។
23ប៉ុន្តែពេលលោកបានឃើញកូនចៅរបស់ខ្លួន នោះកិច្ចការដែលដៃយើងពួកគេនឹងធ្វើឲ្យព្រះនាមយើងបានបវិសុទ្ធ។ ពួកគេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប ហើយគេនឹងគោរពគោតខ្លាចយើងដែលជាព្រះនៃអុីស្រាអែល។
24អស់អ្នកដែលវង្វេងខាងវិញ្ញាណនឹងទទួលបានយោបល់វិញ ហើយអស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។