ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជានិមិត្តនៃលោក​អេសាយ​ ដែលជា​កូន​របស់​លោក​អម៉ូស ដែលលោកបាននិមិត្ត​ឃើញ​ការ​អស្ចារ្យ​អំពី​ជនជាតិយូដា និង​យេរូសាឡិម​ នៅក្នុង​រជ្ជកាល​នៃព្រះបាទ​អ៊ូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស ហើយនិង​ព្រះបាទ​ហេសេគា ជា​ស្ដេច​នៃយូដា។
2សូមឲ្យផ្ទៃមេឃ និងផែនដីបានផ្ទៀងត្រចៀកស្ដាប់អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល៖ «យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ប៉ុន្តែពួកគេបានប្រឆាំងបះបោរទាស់និងយើង។
3សត្វគោបានស្គាល់ម្ចាស់របស់វា ហើយសត្វលាក៏ស្គាល់ម្ចាស់ដែលបានផ្ដល់ចំណីឲ្យវាដែ ប៉ុន្តែប្រជាជនអីុស្រាអែលមិនស្គាល់ ហើយអុីស្រាអែលក៏មិនអាចយល់បានដែរ»។
4វេទនាហើយ! ប្រជាជាតិដែលមានបាបអើយ មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតអើយ គឺជាកូនចៅរបស់មនុស្សអាក្រក់ និងកូនចៅដែលពោពេញដោយល្បិចកល្ប! ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ពួកគេបានមើលងាយដល់ព្រះដ៏បរិសុទ្ធរបស់អីុស្រាអែល ពួកគេបានបែខ្នងគេចចេញពីព្រះអង្គ។
5ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរខ្លាំងឡើងៗ? ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ។
6តាំងពីចុងជើងដល់ក្បាលគ្មានកន្លែងណាដែលគេមិនបានវាយដំនោះឡើយមាន ហើយស្នាមជាំនិងស្នាមរបួសថ្មីជានិច្ច ពួកគេក៏មិនបាន​បិទ​ភ្ជិត និងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ។
7ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ ទីក្រុងទាំងឡាយរបស់អ្នកត្រូវបានដុតចោល ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ និង​លេបត្របាក់យកទាំងអស់ ហើយមនុស្សផ្សេងធ្វើជាម្ចាស់វិញ
8កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ។
9ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលមិនទុកអោយយើងនៅសេសសល់ចំនួនដ៏តូចនេះទេ នោះយើងមុខជាដូចក្រុងសូដុម ហើយនឹងដូចជាកូម៉ូរ៉ាដែរ។
10ចូរស្តាប់ពាក្យរបស់ព្រះអម្ចាស់! មេដឹកនាំនៃក្រុងសូដុម ប្រជាជននៅក្រុងកូម៉ូរ៉ាអើយ ចូរស្តាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃយើងៈ
11«តើការលះបង់របស់អ្នកមានប៉ុន្មានសំរាប់ខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «ខ្ញុំមានតង្វាយដុតជាចៀមឈ្មោលនិងខ្លាញ់សត្វសាហាវដែលមានខ្លាញ់ គ្រប់គ្រាន់ហើយយើងមិនពេញចិត្តនឹងឈាមរបស់គោ ចៀមនិងឈាមពពែទេ។
12ពេលអ្នកចូលមកបង្ហាញខ្លួននៅចំពោះមុខយើង តើនរណាតម្រូវអោយអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង?
13កុំយកតង្វាយដែលគ្មានន័យឡើយ និងផ្សែងដង្វាយរបស់អ្នកគឺយើង​ក៏​ធុញទ្រាន់​ ហើយបុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង។
14យើងស្អប់ពិធីបុណ្យចូលខែថ្មី និងពិធីបុណ្យតាមពេលកំណត់ដែលអ្នករាល់គ្នាបានរៀបចំ ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើង​ក៏​នឿយហត់ជាមួយពិធីទាំងនោះដែរ។
15ដូច្នេះហើយ ពេលអ្នកលើកដៃអធិស្ធាន យើងបានបិទភ្នែកពីអ្នករាល់គ្នាដែរ បើទោះជាអ្នកអធិស្ធានច្រើនយ៉ាងណាក្ដី ក៏យើងមិនស្ដាប់ដែរ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ទៅដោយ​ឈាម។
16ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ហើយដកការអាក្រក់ដែលអ្នកបានប្រព្រឹត្ដ ពី​ភ្នែករបស់​យើង ហើយឈប់ធ្វើ​អាក្រក់​ត​ទៀត
17ចូររៀនធ្វើការល្អ ស្វែងរកយុត្តិធម៌ឲ្យដល់ក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយដែលត្រូវបានគេធ្វើទុក្ខលំបាក»។
18«ចូលមកឥឡូវ យើង​រកហេតុផលជាមួយ​គ្នា» នេះជាបន្ទូលនៃព្រះអម្ចាស់៖ «ទោះ​បី​អំពើ​បាប​របស់​អ្នក​មានពណ៌ក្រហមឆ្អៅយ៉ាងណាក្ដី ក៏នឹងប្រែទៅជាពណ៏សរដូចជាព្រិល ហើយបើទោះជាមានពណ៌ក្រហមជាំយ៉ាងណាក្ដី វានិងប្រែ​ដូច​ជា​រោម​ចៀម​វិញ។
19ប្រសិនបើអ្នកមានចិត្តហើយស្ដាប់តាមយើង អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ
20ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ» ដ្បិតនេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។​
21តើក្រុងដ៏ស្មោះត្រង់ បានខូចបង់អស់យ៉ាងណាទៅ! ទីក្រុុងដែលពេញដោយយុត្តិធម៌ នាងនិងពេញដោយសេចក្ដីសុចរិត ប៉ុន្តែពេលនេះពេញពោទៅដោយ ការកាប់សម្លាប់
22ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ។
23អ្នកដឹកនាំរបស់អ្នកជាអ្នកបះបោរនិងចូលដៃជាមួយចោរ ពួកគេរាល់គ្នាចូលចិត្តសំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ដែរ។ ពួកគេមិនបានការពារដល់ពួកក្មេងកំព្រាឡើយ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែលនៅចំពោះពួកគេដែរ។
24ហេតុនេះហើយបានជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនិងជាព្រះដ៏មានព្រះចេស្ដាលើជនជាតិអុីស្រាអែលមានព្រះបន្ទូលថា៖ «វេទនាដល់គេហើយ! យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​នៅលើ​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង
25យើង​នឹង​ដាក់​ដៃ​ទាស់នឹងអ្នក និង​សម្អាត​មន្ទិល​សៅ‌ហ្មងរបស់​អ្នក​ចេញ​ឲ្យ​ស្អាត ​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មងចេញ​ពី​អ្នក​។
26យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកមានលក្ខណៈដូចជាចៅក្រមដែលនៅជំនាន់ដើម ហើយអ្នកព្រឹក្សារបស់អ្នកបានដូចគ្រាដើមដែរ នោះអ្នកនឹងហៅថាជាទី​ក្រុង​មាន​សេចក្ដី​សុចរិត និងស្មោះ‌ត្រង់ដែរ»។
27ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ដោយសេចក្ដី​សុចរិត។
28អ្នកដែរបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់នឹងត្រូវវិនាសទៅជាមួយគ្នា។
29«ហើយអ្នកនិងត្រូវអាម៉ាស់ព្រោះ​តែ​ជំពាក់​ចិត្ត​នឹងដើមម៉ៃសាក​ ដែល​អ្នក​ចង់បាន​ ហើយអ្នកនឹងខ្មាសអៀ ដោយសារ សួនច្បារដែលអ្នកបានជ្រើសរើស។
30ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ដែលគ្មាន​ទឹក។
31មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ហើយ​អ្វីៗ​ដែល​គេ​ធ្វើប្រៀប​ដូច​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា ហើយគ្មាន​នរណាអាច​ពន្លត់​បាន​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។