ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 50

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក លោកយ៉ូសែបកើតទុក្ខជាខ្លាំង គាត់បានក្រាបមុខលើឪពុករបស់គាត់ ហើយយំឱប ថើបគាត់។
2លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ដែលជាគ្រូពេទ្យអប់ឪពុករបស់គាត់។ ដូច្នេះ គ្រូពេទ្យបានអប់លោកអ៊ីស្រាអែល។
3ពួកគេបានចំណាយពេលសែបសិបថ្ងៃពេញ សម្រាប់ធ្វើពិធីអប់។ ជនជាតិអេស៊ីបកាន់ទុក្ខគាត់អស់រយៈពេលចិតសិបថ្ងៃ។
4ពេលថ្ងៃកាន់ទុក្ខបានបញ្ចប់ លោកយ៉ូសែបបាននិយាយទៅកាន់ពួកគេដែលនៅក្នុងដំណាក់របស់ស្តេចផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើ ខ្ញុំបានប្រកបដោយព្រះគុណនៅចំពោះអស់លោកមែន សូមទូលទៅព្រះបាទផារ៉ោន ដោយពោលថា៖
5«ឪពុករបស់ខ្ញុំបានឲ្យខ្ញុំស្បថ ដោយប្រាប់ថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ។ ចូរបញ្ចុះឪពុកនៅក្នុងផ្នូររបស់ឪពុកដែលឪពុកបានជីកសម្រាប់ឪពុកខ្លួនឯងនៅក្នុងទឹកដីកាណាន។ ចូរបញ្ចុះឪពុកនៅទីនោះចុះ»។
6ព្រះបាទផារ៉ោនឆ្លើយថា៖ «ទៅ ហើយបញ្ចុះសពឪពុករបស់លោក តាមដែលគាត់ឲ្យលោកស្បថចុះ»។
7លោកយ៉ូសែបបានឡើងទៅ ដើម្បីបញ្ចុះសពឪពុករបស់គាត់។ មន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់បានទៅជាមួយគាត់ អស់អ្នកដែលនៅដំណាក់របស់ស្តេចផង រួមទាំងមន្ត្រីធំៗទាំងអស់នៅក្នុងទឹកដីអេស៊ីប
8និងគ្រួសាររបស់លោកយ៉ូសែបទាំងអស់ ព្រមទាំងបងប្អូនរបស់គាត់ និងអស់អ្នកដែលនៅក្នុងគ្រួសាររបស់គាត់។ ប៉ុន្តែ ក្មេងៗ ហ្វូងចៀម និងហ្វូងគោរបស់ពួកគេទុកនៅក្នុងទឹកដីកូសែនដដែល។
9មាន​រទេះ មាន​ពួក​ជិះ​សេះក៏បានចូលរួម​ដង្ហែ​ទៅ​ជា‌មួយលោកដែរ។ មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។
10ពេលពួកគេមកដល់លាន​ស្រូវ​របស់លោក​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ពួកគេ​យំសោក​ជា​ខ្លាំង​នៅ​ទី​នោះ។ នៅទីនោះ លោក​យ៉ូសែប​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។
11ពេលប្រជាជនដែលរស់នៅទឹកដីនោះ គឺទឹកដីកាណាន បានឃើញការកាន់ទុក្ខនៅលានស្រូវរបស់លោកអ័ថាត់ ពួកគេនិយាយថា៖ «នេះគឺជាការកាន់ទុក្ខយ៉ាងខ្លាំងសម្រាប់ជនជាតិអេស៊ីប»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា៖ «អេបិល មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។
12ដូច្នេះ កូនប្រុសៗរបស់លោកយ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ដល់ពួកគេ។
13កូនប្រុសៗរបស់គាត់បានដឹកសពរបស់គាត់ទៅកាន់ទឹកដីកាណាន ហើយបញ្ចុះសពរបស់គាត់នៅក្នុងល្អាងនៅក្នុងចម្ការរបស់លោក​ម៉ាក‌ពេឡា នៅក្បែរម៉ាមរ៉េ ដែលលោកអប្រាហាំបានទិញល្អាងជាមួយនឹងចម្ការសម្រាប់ជាកន្លែងបញ្ចុះសព។ គាត់បានទិញពីលោកអេប្រូន ជនជាតិហេត។
14បន្ទាប់ពីកាត់បានបញ្ចុះសពឪពុករបស់គាត់ហើយ លោកយ៉ូសែបបានត្រឡប់ទៅកាន់ទឹកដីអេស៊ីបវិញ គាត់បានទៅជាមួយបងប្អូនរបស់គាត់ ហើយនិងអស់អ្នកដែលរួមដំណើរដើម្បីបញ្ចុះសពឪពុករបស់គាត់ជាមួយគាត់។
15ពេលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើង ប្រសិនបើ យ៉ូសែបចងគំនុំជាមួយពួកយើង ហើយចង់សងសឹកនឹងយើង ដោយព្រោះការអាក្រក់ទាំងអស់របស់យើងដែលយើងបានធ្វើជាមួយនឹងវា?»
16ដូច្នេះ ពួកគេបានបង្គាប់ម្នាក់ឲ្យទៅជួបលោកយ៉ូសែប ប្រាប់ថា៖ «លោកឪពុកបានបង្គាប់មុនពេលគាត់លាចាកលោកនេះថា៖
17​«ចូរប្រាប់យ៉ូសែបដូច្នេះ «សូមអត់ទោសដល់កំហុសបងៗរបស់កូន និងបាបនៅពេលដែលពួកគេធ្វើអាក្រក់នឹងកូន»។ ឥឡូវនេះ សូមអត់ទោសដល់ពួកគេ ដែលជាអ្នកបម្រើព្រះជាម្ចាស់ឪពុករបស់កូន»។
18បងៗរបស់គាត់ក៏បានទៅលុតជង្គង់នៅចំពោះគាត់។ ពួកគេនិយាយថា៖ «មើល៍ ពួកយើងជាអ្នកបម្រើរបស់ប្អូន»?
19ប៉ុន្តែ លោកយ៉ូសែបបានប្រាប់ពួកគេថា៖ «កុំភ័យខ្លាចអី។ តើខ្ញុំជាព្រះជាម្ចាស់ឬ?
20បងៗមានបំណងធ្វើបាបខ្ញុំ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើឲ្យវាទៅជាល្អវិញ គឺដើម្បីការពារជីវិតរបស់មនុស្សជាច្រើន ដូចដែលបងៗបានឃើញសព្វថ្ងៃនេះ។
21ដូច្នេះ សូមកុំភ័យខ្លាចធ្វើអ្វី។ ខ្ញុំនឹងផ្តត់ផ្គង់បងៗ និងកូនចៅរបស់បងៗដែរ»។ គាត់បានកម្សាន្តចិត្តដល់ពួកគេបែបនេះឯង ហើយបាននិយាយដោយស្រទន់ទៅកាន់ដួងចិត្តរបស់ពួកគេ។
22លោកយ៉ូសែបរស់នៅក្នុងអេស៊ីប ជាមួយនឹងក្រុមគ្រួសារឪពុករបស់គាត់។ គាត់រស់នៅបានមួយរយដប់ឆ្នាំ។
23លោកយ៉ូសែបានឃើញកូនចៅរបស់លោកអេប្រាអ៊ីមរហូតដល់បីជំនាន់។ គាត់ក៏បានឃើញកូនរបស់លោក​ម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ជាអ្នកដែលបានដាក់លើភ្លៅរបស់លោកយ៉ូសែប។
24លោកយ៉ូសែបប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់ប្រាកដជាមកជួបបងៗ ហើយនាំបងៗចេញពីទឹកដីនេះ ទៅកាន់ទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់លោកអប្រាហាំ ដល់លោកអ៊ីសាក និងដល់លោកយ៉ាកុប»។
25បន្ទាប់មក លោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថសម្បថ។ គាត់ប្រាប់ថា៖ «ព្រះជាម្ចាស់ប្រាកដជាមកជួបអ្នករាល់គ្នា។ នៅពេលនោះ អ្នករាល់គ្នាត្រូវដឹកយកឆ្អឹងរបស់ខ្ញុំចេញពីទីនេះ»។
26ដូច្នេះ លោកយ៉ូសែបបានស្លាប់ ក្នុងអាយុ ១១០ឆ្នាំ។ ពួកគេបានអប់សពគាត់ ហើយគេបានដាក់លោកនៅក្នុងមឈូស​នៅក្នុងអេស៊ីប។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។