ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 40

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីការទាំងនេះហើយ អ្នកថ្វាយ ពែងនិង​អ្នក​ដុត​នំ​របស់​ស្តេចរបស់អេស៊ីប បាន​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អេស៊ីបជា​ម្ចាស់​របស់​ខ្លួន​ខ្ញាល់​ព្រះ‌ហឫ‌ទ័យ។
2ស្តេចផារោនមានព្រះហឫទ័យខ្ញាល់នឹងមន្ត្រីទាំងពីរនេះ គឺលើមេនៃអ្នកថ្វាយពែង និងមេនៃអ្នកដុតនំ។
3ស្តេចបានឃុំពួកគេនៅក្នុងគុកនៅក្នុងផ្ទះរបស់មេនៃអង្គរក្សរបស់ស្តេច នៅក្នុងគុកដែលបានឃុំឃាំងលោកយ៉ូសែបដែរ។
4មេនៃកងអង្គរក្សស្តេចបានតាំងលោកយ៉ូសែប ដើម្បីឲ្យបម្រើដល់ពួកគេ។ ពួកគេនៅជាប់ឃុំឃាំងនៅក្នុងពេលតែមួយដូចគ្នា។
5អ្នកទាំងពីរនាក់នោះបានសុបិន គឺអ្នកថ្វាយពែង និងអ្នកដុតនំថ្វាយស្តេចអេស៊ីប ដែលជាប់ឃុំនៅក្នុងគុកនោះ ម្នាក់ៗសុបិនរៀងៗខ្លួន នៅយប់តែមួយនោះ ហើយសុបិនរបស់ម្នាក់ៗមានការបកស្រាយរៀងៗខ្លួនដែរ។
6លោកយ៉ូសែបបានចូលទៅរកពួកគេនៅពេលព្រឹក ហើយបានឃើញពួកគេ។ មើល៍ ពួកគេក្រៀមក្រំ។
7គាត់បានសួរមន្ត្រីរបស់ស្តេចផារោនដែលនៅជាប់ឃុំជាមួយគាត់ នៅក្នុងផ្ទះចៅហ្វាយរបស់គាត់ថា៖ «ហេតុអ្វីបានជាលោកក្រៀមក្រំមេ្ល៉ះថ្ងៃនេះ?»
8ពួកគេនិយាយទៅគាត់ថា៖ «យើងទាំងពីរនាក់បានយល់សុបិនមួយ ហើយគ្មាននរណាអាចបកស្រាយវាបានទេ»។ លោកយ៉ូសែបនិយាយទៅពួកគេថា៖ «តើការបកស្រាយមិនមែនជារបស់ព្រះជាម្ចាស់ទេឬ? សូមប្រាប់ខ្ញុំមក»។
9មេនៃអ្នកថ្វាយពែងប្រាប់សុបិនរបស់គាត់ដល់លោកយ៉ូសែប។ លោកនិយាយទៅគាត់ថា៖ «នៅក្នុងសុបិនរបស់ខ្ញុំ មើល៍ មានដើមទំពាំងបាយជូរនៅមុខខ្ញុំ។ នៅដើមទំពាំងបាយជូរមានមែកបី។
10ក្នុងការដែលមាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។
11ពែងរបស់ស្តេចផារោននៅក្នុងដៃរបស់គាត់។ ​ខ្ញុំបាន​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ស្តេចផារ៉ោន ហើយខ្ញុំបាន​យក​ពែង​​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​របស់ផារ៉ោន»។
12លោកយ៉ូសែបនិយាយទៅគាត់ថា៖ «នេះគឺជាការបកស្រាយរបស់សុបិននេះ។ មែងបី គឺបីថ្ងៃ។
13ក្នុងកំឡុងពេលបីថ្ងៃស្តេចផារោននឹងលើកលោកឡើង ហើយនឹងស្តារតំណែងរបស់លោកឡើងវិញ។ អ្នកនឹងថ្វាយពែងរបស់ព្រះបាទផារោននៅក្នុងព្រះហស្តរបស់ព្រះអង្គ ដូចពេលដែលលោកនៅជាអ្នកថ្វាយពែងរបស់ព្រះអង្គដូចមុន។
14ប៉ុន្តែ សូមនឹកចាំពីខ្ញុំផង នៅពេលលោកបានសុខសប្បាយ ហើយសូមផ្តល់មេត្តាដល់ខ្ញុំផង។ សូមដំណាលខ្ញុំនៅចំពោះព្រះបាទផារោន ហើយនាំខ្ញុំចេញពីគុកនេះផង។
15ដ្បិត ​គេ​បាន​ចាប់​ខ្ញុំ​ពី​ទឹកដី​ហេព្រើរមក។ ហើយ​នៅ​ទី​នេះ ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​ពួកគេ​យកខ្ញុំ​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។
16នៅពេលមេនៃអ្នកដុតនំឃើញថា ការបកស្រាយរបស់លោកយ៉ូសែបគាត់ពេញចិត្តជាខ្លាំង នោះគាត់ក៏និយាយទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏មានសុបិនមួយដែរ ហើយ មើល៍ មាននំប៉័ងបីកន្ទ្រក់នៅលើក្បាលខ្ញុំ។
17នៅលើកន្រ្ទក់នោះមាននំដុតជាច្រើនប្រភេទសម្រាប់ថ្វាយស្តេចផារោន ប៉ុន្តែ មានសត្វហើរមកស៊ីនំទាំងនោះអស់ពីកន្ទ្រក់នៅលើក្បាលរបស់ខ្ញុំ»។
18លោកយ៉ូសែបឆ្លើយ ហើយប្រាប់ថា៖ «នេះគឺជាការបកស្រាយ។ កន្ទ្រក់បីគឺបីថ្ងៃ។
19កំឡុងពេលបីថ្ងៃ ព្រះបាទផារោននឹងកាត់ក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនឹងដើមឈើមួយដើម។ សត្វនឹងស៊ីសាច់លោក។
20បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់ព្រះបាទផារ៉ោន។ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​អស់​របស់​ស្ដេច។ ហើយ​ស្ដេចបានលើកមុខ​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ នៅ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។
21ស្តេចបានស្តារមេនៃអ្នកថ្វាយពែងទៅកាន់តំណែងរបស់ខ្លួនឡើងវិញ ហើយស្តេចបានប្រគល់ពែងរបស់ព្រះអង្គឲ្យទៅដៃរបស់គាត់វិញ។
22ប៉ុន្តែ ​ស្តេចបានព្យួរមេនៃអ្នកដុតនំ ដូចដែលលោកយ៉ូសែបបានបកស្រាយដល់ពួកគេ។
23ប៉ុន្តែ មេនៃអ្នកថ្វាយពែងស្តេចមិនបាននឹកចាំពីលោកយ៉ូសែបទេ គឺបានភ្លេចគាត់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។