ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1បុរសបានគេងជាមួយនាងអេវ៉ាភរិយារបស់គាត់។ នាងមានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ «ខ្ញុំបានបង្កើតបុរសម្នាក់ដោយសារព្រះអម្ចាស់ជួយ។
2បន្ទាប់មក នាងបង្កើតបានប្អូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ អេបិល។ អេបិលបានត្រឡប់ជាអ្នកគង្វាលម្នាក់ ប៉ុន្តែ កាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
3នៅពេលរដូវប្រមូលផលមកដល់ កាអ៊ីនបាននាំផលផ្លែខ្លះពីដីមកធ្វើជាតង្វាយដល់ព្រះអម្ចាស់។
4ចំណែកអេបិលវិញ បាននាំកូនដំបូងពីហ្វូងសត្វ ហើយជាសត្វដែលធាត់ៗ។ ព្រះអម្ចាស់ទទួលអេបិល និងតង្វាយរបស់គាត់
5ប៉ុន្តែ កាអ៊ីន និងតង្វាយរបស់គាត់ ព្រះអង្គមិនទទួលទេ។ ដូច្នេះ កាអ៊ីនបានខឹងជាខ្លាំង ហើយមុខឡើងក្រញ៉ូវ។
6ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖​ «ហេតុអ្វីបានជាអ្នកខឹង ហើយហេតុអ្វីបានជាអ្នកមុខក្រញ៉ូវដូច្នេះ?
7ប៉ុន្តែ ប្រសិនបើ អ្នកមិនបានធ្វើអ្វីដែលត្រឹមត្រូវទេ បានដេកនៅមាត់ទ្វារ ហើយវាប្រាថ្នាចង់គ្រប់គ្រងអ្នក ប៉ុន្តែ អ្នកត្រូវគ្រប់គ្រងវា»។
8កាអ៊ីនបាននិយាយទៅកាន់អេបិលជាប្អូនប្រុសរបស់គាត់។ នៅពេលពួកគេនៅឯវាល កាអ៊ីនបានក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់គាត់ ហើយបានសម្លាប់គាត់។
9បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖ «តើអេបិលប្អូនប្រុសរបស់ឯងនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកមើលថែប្អូនប្រុសរបស់ទូលបង្គំមែនទេ?»
10ព្រះអម្ចាស់មានបន្ទូលថា៖​ «តើអ្នកបានធ្វើអ្វីដូច្នេះ? ឈាមរបស់ប្អូនប្រុសរបស់អ្នកកំពុងតែស្រែករកយើងពីដីមក។
11ឥឡូវនេះ បណ្តាសានឹងធ្លាក់ទៅលើដី ដែលនឹងបើកមាត់ក្នុងការទទួលឈាមរបស់ប្អូនរបស់អ្នកចេញពីដៃរបស់អ្នក។
12ចាប់ពីពេលនេះតទៅ នៅពេលអ្នកភ្ជួររាស់ដី វាលែងបង្កើតផលច្រើនដូចមុនទៀតហើយ។ អ្នកនឹងត្រូវសាត់ព្រាត់ និងអណ្តែតត្រសែតនៅក្នុងលោកនេះ»។
13កាអ៊ីនទូលទៅព្រះអម្ចាស់ថា៖ «ទោសរបស់ទូលបង្គំធ្ងន់ណាស់ ទូលបង្គំមិនអាចទ្រាំទ្របានទេ។
14ពិតណាស់ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីទឹកដីនេះ ហើយទូលបង្គំនឹងលាក់ខ្លួននៅចំពោះព្រះភក្រ្តរបស់ព្រះអង្គ។ ទូលបង្គំនឹងសាត់ព្រាត់ ហើយអណ្តែតត្រសែតនៅក្នុងលោកនេះ ហើយអស់អ្នកណាដែលបានរកទូលបង្គំឃើញ នឹងសម្លាប់ទូលបង្គំ»។
15ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាសម្លាប់កាអ៊ីន នឹងត្រូវសងសឹកមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់បានដាក់សញ្ញានៅលើកាអ៊ីន ដើម្បីកុំឲ្យអ្នកណាម្នាក់អាចរកកាអ៊ីនឃើញ ហើយអ្នកនឹងមិនអាចប្រហារគាត់បានឡើយ។
16ដូច្នេះ កាអ៊ីនបានចេញពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយបានរស់នៅក្នុងទឹកដីណូឌ នៅខាងកើតស្រុកអេដែន។
17កាអ៊ីនបានគេងជាមួយភរិយារបស់គាត់ ហើយនាងមានផ្ទៃពោះ។ នាងបង្កើតបានអេណុក។ គាត់បានសង់ទីក្រុង ហើយបានដាក់ឈ្មោះតាមឈ្មោះអេណុកកូនប្រុសរបស់គាត់។
18លោកអេណុកបង្កើតអ៊ីរ៉ាដ។ លោកអ៊ីរ៉ាដជាឪពុករបស់មហ៊ូ‌យ៉ែល។ លោកមហ៊ូ‌យ៉ែលជាឪពុករបស់មទូ‌សែល។ លោកមទូ‌សែលជាឪពុកឡាម៉េក។
19លោកឡាម៉េកមានភរិយាពីរនាក់ ម្នាក់ឈ្មោះ នាង​អដា ហើយម្នាក់ទៀតឈ្មោះនាង​ស៊ីឡា។
20នាងអដាបង្កើតបានយ៉ាបាល។ គាត់ជាឪពុករបស់អស់អ្នកដែលរស់នៅក្នុងជំរំនៃអ្នកដែលមានហ្វូងសត្វ។
21ប្អូនប្រុសរបស់គាត់ឈ្មោះលោក​យូបាល។ គាត់ជាឪពុកនៃអស់​អ្នក​លេង​ពិណ និង​ចាប៉ី។
22ចំណែកនាងស៊ីឡាបានបង្កើតទូបាកាអ៊ីន ជាឪពុកនៃពួកជាងលង្ហិន និងដែក។ ប្អូនស្រីរបស់លោកទូបាលកាអ៊ីនឈ្មោះនាង​ណាអាម៉ា។
23លោកឡាម៉េកនិយាយទៅកាន់ភរិយារបស់គាត់ថា៖ «អដា និងស៊ីឡាអើយ ចូរស្តាប់សម្លេងរបស់ខ្ញុំ អ្នកគឺជាភរិយារបស់ឡាម៉េក ចូរស្តាប់អ្វីដែលខ្ញុំនិយាយ។ ដ្បិត ខ្ញុំបានសម្លាប់បុរសម្នាក់ ដោយសារធ្វើឲ្យខ្ញុំរងរបួស យុវជនម្នាក់បានវាយដំខ្ញុំ។
24ប្រសិនបើ គេសងសឹងចំពោះលោកកាអ៊ីនមួយជាប្រាំពីរ ដូច្នេះ ត្រូវសងសឹកដល់ឡាម៉េកមួយជាចិតសិបដងវិញ»។
25លោកអដាំបានគេងជាមួយភរិយារបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយទៀត។ នាងបានដាក់ឈ្មោះថា សេថ​ ហើយនាងនិយាយថា៖ «ព្រះជាម្ចាស់បានប្រទានកូនប្រុសមួយទៀតដល់ខ្ញុំ ជំនួសឲ្យអេបិល ដ្បិត កាអ៊ីនបានសម្លាប់គាត់។
26លោក​សេថ​មានកូនប្រុសម្នាក់ គាត់បានដាក់ឈ្មោះកូនប្រុសនោះថា អេណុស។ នៅពេលនោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។