ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកអប្រាហាំបានធ្វើដំណើរពីទីនោះ ឆ្ពោះទៅទឹកដី​ណេកិប ហើយគាត់រស់នៅចន្លោះក្រុង​កាដេស និង​ក្រុង​ស៊ើរ។ បន្ទាប់​មក គាត់បាន​ទៅ​នៅ​ក្រុង​កេរ៉ាក្នុងនាមជាជនបរទេស។
2លោកអប្រាហាំនិយាយទាក់ទងនឹងភរិយារបស់គាត់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ»។ ដូច្នេះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​អ្នកបម្រើឲ្យ​ទៅ​ ហើយយកនាង​សារ៉ា​មក។
3ប៉ុន្តែ ព្រះជាម្ចាស់បានមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិនយប់នោះ ដោយមានបន្ទូលថា៖ «មើល អ្នកនឹងត្រូវស្លាប់ ដោយព្រោះស្រី្តដែលអ្នកបានយកមក ដ្បិតនាងជាភរិយារបស់គេទេ»។
4ព្រះបាទអប៊ីម៉ាឡិចមិនទាន់បានចូលទៅជិតនាងនៅឡើយទេ ហើយស្តេចបានមានបន្ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសម្លាប់ សូម្បីតែប្រជាជាតិសុចរិត?
5តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ? សូម្បីតែនាងខ្លួនឯងផ្ទាល់និយាយថា គាត់គឺជាបងប្រុសរបស់ខ្ញុំ។ ទូលបង្គំបានធ្វើការនេះដោយស្មោះត្រង់ចេញពីចិត្តរបស់ទូលបង្គំ និងពីដៃរបស់អ្នកដែលឥតកំហុស»។
6បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅស្តេចនៅក្នុងសុបិនថា៖​ «ពិតមែនហើយ យើងក៏ដឹងដែរថា ដួងចិត្តរបស់ទ្រង់ស្មោះត្រង់ក្នុងការធ្វើការនេះ ហើយយើងក៏បានការពារទ្រង់មិនឲ្យធ្វើបាបទាស់នឹងយើងដែរ។ ហេតុដូច្នេះហើយ បានជាយើងហាមមិនឲ្យអ្នកប៉ះពាល់នាងឡើយ។
7ដូច្នេះ ចូរប្រគល់នាងទៅស្វាមីរបស់នាងវិញចុះ ដ្បិត គាត់គឺជាព្យាការីម្នាក់។ គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់។ ប៉ុន្តែ ប្រសិនបើ ទ្រង់មិនប្រគល់នាងឲ្យគាត់វិញទេ ចូរដឹងថា ទ្រង់និងអស់អ្នកដែលនៅជាមួយទ្រង់ស្លាប់»។
8ព្រះបាទអប៊ីម៉ាឡិចបានក្រោកតាំងពីព្រលឹម ហើយកោះហៅអ្នកបម្រើរបស់ស្តេចទាំងអស់មកគាល់ព្រះអង្គ។ ព្រះអង្គបានប្រាប់ការទាំងអស់នេះទៅកាន់ពួកគេ ហើយពួកគេមានការភ័យខ្លាចជាខ្លាំង។
9បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានហៅលោកអប្រាហាំមក ហើយមានរាជឱង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះជាមួយយើង? តើយើងបានធ្វើបាបអ្វីដល់លោក បានជាលោកនាំយើង និងអាណាចក្ររបស់យើងទៅធ្វើបាបយ៉ាងធំដូច្នេះ? អ្វីដែលលោកបានធ្វើចំពោះយើងនេះ គឺជាអ្វីដែលលោកមិនគួរធ្វើទេ»។
10ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅកាន់លោកអប្រាហាំថា៖ «តើលោកមានគោលបំណងអ្វីបានជាធ្វើការនេះ?
11លោកអប្រាហាំទូលថា៖ «ដោយព្រោះទូលបង្គំគិតថា ប្រហែល​ជា​គ្មាន​ការ​កោត​ខ្លាច​ព្រះ​ទេ​នៅទី​នេះ​ ហើយ​ថា គេ​នឹង​សម្លាប់​ទូល‌បង្គំ ដោយ​សារ​តែ​ភរិយាទូល‌បង្គំមិន​ខាន។
12ម្យ៉ាងវិញទៀត នាងគឺជាប្អូនស្រីរបស់ទូលបង្គំមែន នាងគឺជាកូនស្រីរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ ហើយទូលបង្គំបានរៀបការជាមួយនាង។
13នៅពេលដែលព្រះជាម្ចាស់បានឲ្យទូលបង្គំចាកចេញពីផ្ទះឪពុករបស់ទូលបង្គំ​ហើយធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយ ទូលបង្គំបានប្រាប់នាងថា៖ «អូនត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងនាមជាភរិយារបស់បង គឺនៅទីណាដែលយើងទៅ សូមប្រាប់គេថា៖ «គាត់ជាបងប្រុសរបស់ខ្ញុំ»។
14បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។ បន្ទាប់មក ព្រះអង្គបានប្រគល់នាងសារ៉ា ភរិយារបស់លោកអប្រាហាំទៅគាត់វិញ។
15ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ទឹកដីរបស់យើងនៅចំពោះលោកហើយ។
16ចូរនៅកន្លែងណាតាមតែលោកចូលចិត្តចុះ»។ ព្រះអង្គមានរាជឱង្ការទៅនាងសារ៉ាថា៖ «មើល៍ យើងប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួន​មួយ​ពាន់​តម្លឹង។ ដើម្បីគ្រប់បាំងកំហុសដែលបានធ្វើទាស់នឹងនាងនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាដែលនៅជាមួយនាង និងនៅចំពោះមុខរបស់មនុស្សគ្រប់គ្នា អ្នកមិនបានបាត់បង់កិត្តិយសអ្វីឡើយ»។
17លោកអប្រាហាំអធិស្ឋានទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។
18ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យស្រី្តទាំងអស់នៅក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​នាង​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។