ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីបង្កើតស្ថានសួគ៌ និងផែនដី និងអ្វីៗដែលមានជីវិតទាំងអស់រួចហើយ។
2នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បានសម្រាកពីព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ ដូច្នេះហើយបានជាព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ។
3ព្រះជាម្ចាស់បានឲ្យពរដល់ថ្ងៃទីប្រាំពីរ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គដែលព្រះអង្គបានធ្វើគឺនៅក្នុងការបង្កបង្កើតរបស់ព្រះអង្គ។
4ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី នៅពេលដែលបានបង្កើតឡើង នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតផែនដី និងស្ថានសួគ៌។
5គ្មានកំពូតព្រៃនៅតាមវាលនៅលើផែនដីនៅឡើយ ហើយក៏គ្មានរុក្ខជាតិដុះនៅតាមទីវាលនៅឡើយដែរ ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមិនបានធ្វើឲ្យមានភ្លៀងកើតឡើងនៅលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួរស្រែចម្ការដែរ។
6ប៉ុន្តែ មានអ័ព្ទចេញពីផែនដីមក ហើយបានស្រោចស្រពផ្ទៃដីទាំងមូលផង។
7ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលទៅក្នុងច្រមុះរបស់គាត់ ហើយបុរសនោះក៏មានជីវិតរបស់ឡើង។
8ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសួនមួយនៅភាគខាងកើត នៅក្នុងស្រុកអេដែន ហើយព្រះអង្គបានដាក់មនុស្សដែលព្រះអង្គបានបង្កើតនៅទីនោះ។
9ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតដើមឈើគ្រប់យ៉ាងដុះចេញពីដីមក ដែលគួរជាទីពេញចិត្ត ហើយល្អសម្រាប់ជាអាហារផង។ បូករួមទាំងដើមឈើនៃជីវិតដែលនៅចំកណ្តាលនៃសួនច្បារ និងដើមដឹងល្អ និងដឹងអាក្រក់។
10មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួនច្បារនោះ។ នៅទីនោះ មានទន្លេបួនបែកចេញពីគ្នា។
11ទន្លេទីមួយឈ្មោះពីសុន។ ជាទន្លេដែលហូរកាត់ស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស។
12មាសនៅក្នុងស្រុកនោះគឺជាមាសល្អ។ ក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
13ទន្លេទីពីរមានឈ្មោះថា គីហូន ជាទន្លេដែលកាត់ស្រុកគូសទាំងមូល។
14ហើយទន្លេទីបីឈ្មោះថា ហ៊ីដេកែល ​ដែលហូរកាត់ភាគខាងកើតនៃស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះថា​អឺប្រាត។
15ព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្ស ហើយដាក់គាត់នៅក្នុងសួនរបស់អេដែន ដើម្បីធ្វើការ និងរក្សាការពារនៅទីនោះ។
16ព្រះអម្ចាស់ដ៏ជាព្រះបានបង្គាប់ដល់មនុស្ស ដោយមានបន្ទូលថា៖ «អ្នកអាចហូបពីផ្លែឈើនៅក្នុងសួននេះបានដោយសេរី។
17ប៉ុន្តែ អ្នកមិនត្រូវហូបផ្លែឈើដឹងល្អ ដឹងអាក្រក់ឡើយ ដ្បិត នៅថ្ងៃណាដែលអ្នកហូបពីផ្លែរបស់វា អ្នកប្រាកដជាស្លាប់មិនខាន»។
18បន្ទាប់មក ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «បុរសនៅម្នាក់ឯងមិនល្អទេ។ យើងនឹងបង្កើតអ្នកជំនួយម្នាក់ ដើម្បីជួយគាត់»។
19ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតសត្វពាហនៈនៅតាមវាលគ្រប់ប្រភេទ និងសត្វស្លាបហើរនៅលើអាកាសគ្រប់ប្រភេទដែរ។ បន្ទាប់មក ព្រះអង្គបាននាំពួកគេចូលមកឯមនុស្ស ដើម្បីឲ្យពួកគេបានដាក់ឈ្មោះឲ្យ។ នៅពេលមនុស្សហៅសត្តនិករណាមួយថាជាអ្វី នោះគឺជាឈ្មោះរបស់សត្វនោះហើយ។
20បុរសបានដាក់ឈ្មោះសត្វស្រុកទាំងអស់ ហើយបានដាក់ឈ្មោះសត្វស្លាបដែលហើយលើមេឃ ព្រមទាំងសត្វព្រៃដែលនៅតាមវាលដែរ។ ប៉ុន្តែ បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។
21ព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យបុរសដេកលង់លក់ បុរសក៏ដេកលក់។ ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹកជំនីរបស់គាត់ ហើយភ្ជិតសាច់គាត់ដែលព្រះអង្គបានយកឆ្អឹងជំនីចេញមកនោះវិញ។
22ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹងជំនីដែលបានយកពីបុរសមក ព្រះអង្គបានបង្កើតស្រ្តីម្នាក់ ហើយបាននាំនាងទៅឯបុរសនោះ។
23បុរសនោះនិយាយថា៖ «នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំដែរ។ នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក»។
24ហេតុដូច្នេះហើយ បានជាបុរសនឹងត្រូវចេញពីឪពុក និងម្តាយរបស់គាត់ គាត់នឹងបានរួមមកតែមួយជាមួយភរិយារបស់គាត់ ហើយពួកគេនឹងបានត្រឡប់ទៅជាសាច់តែមួយ។
25ពួកគេទាំងពីរនាក់អាក្រាត ទាំងបុរស និងភរិយារបស់គាត់ ប៉ុន្តែ មិនមានការអៀនខ្មាសទេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។