ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បានយាងមកជួបលោក ហើយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់ដ៏មានព្រះចេស្តា។
2ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ បន្ទាប់មក យើងនឹងចងសម្ពន្ធមេត្រីរវាងយើងនិងអ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើតចំនួនច្រើនឡើង»។
3លោកអាប់រ៉ាមបានក្រាបមុខដល់ដី ហើយព្រះជាម្ចាស់មានបន្ទូលជាមួយគាត់ថា៖
4«ចំណែកយើង មើល យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក។ អ្នកនឹងក្លាយជាឪពុកនៃប្រជាជាតិជាច្រើន។
5ឈ្មោះរបស់អ្នកលែងជាអាប់រ៉ាមទៀតហើយ ប៉ុន្តែ ឈ្មោះរបស់អ្នកនឹងទៅជាអប្រាហាំវិញ ដ្បិត យើងបានរើសតាំងអ្នក ដើម្បីឲ្យធ្វើជាឪពុកនៃប្រជាជាតិជាច្រើន។
6យើងនឹងធ្វើឲ្យអ្នកបានចម្រុងចម្រើនឡើង ហើយយើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិជាច្រើន ហើយស្តេចនឹងកើតចេញពីអ្នក។
7យើងនឹងចងសម្ពន្ធមេត្រីរបស់យើង រវាងយើងនិងអ្នក ព្រមទាំងជាមួយពូជពង្សរបស់អ្នកដែលមកតាមក្រោយអ្នក គ្រប់ទាំងតំណរតទៅ ដ្បិត សម្ពន្ធមេត្រីនេះស្ថិត‌ស្ថេរ​នៅអស់កល្បជានិច្ច ឲ្យយើងបានធ្វើជាព្រះជាម្ចាស់របស់អ្នក និងពូជពង្សដែលនៅក្រោយអ្នក។
8យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងរស់នៅនេះ ដល់អ្នក និងដល់កូនចៅបន្ទាប់ពីអ្នក គឺទឹកដីកាណានទាំងអស់ សម្រាប់ជាសម្បត្តិដ៏នៅអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ»។
9បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែកអ្នកវិញ អ្នកត្រូវកាន់តាមសម្ពន្ធមេត្រីរបស់យើង អ្នកនិងកូនចៅនៅបន្ទាប់ពីអ្នក និងគ្រប់ទាំងតំណរបស់ពួកគេតទៅ។
10នេះគឺជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវកាន់តាម រវាងយើង និងអ្នក ព្រមទាំងពូជពង្សនៅបន្ទាប់ពីអ្នក អ្នកត្រូវកាត់ស្បែកភេទប្រុសដែលនៅក្នុងចំណោមអ្នកទាំងអស់។
11អ្នកត្រូវកាត់ស្បែកចុងលឹង្ករបស់មនុស្សទាំងអស់ ហើយនេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។
12គ្រប់ទាំងភេទប្រុសទាំងអស់នៅក្នុងចំណោមអ្នកដែលមានអាយុប្រាំបីថ្ងៃ គឺមនុស្សគ្រប់ទាំងតំណរបស់អ្នក។ ការនេះ បូករួមទាំងអស់អ្នកដែលបានកើតនៅក្នុងគ្រួសារ និងអស់អ្នកដែលបានទិញពីសាសន៍ដទៃដែលមិនមែនជាពូជពង្សរបស់អ្នក។
13អស់អ្នកដែលកើតមកនៅក្នុងគ្រួសាររបស់អ្នក និងអស់អ្នកដែលអ្នកបានទិញត្រូវតែកាត់ស្បែក។ ដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងចងជាមួយអ្នក ដ្បិត សម្ពន្ធមេត្រីនេះ ស្ថិតស្ថេរនៅអស់កល្បជានិច្ច។
14ប្រសិនបើ បុរសមិនកាត់ស្បែកណាដែលមិនបានកាត់ស្បែកខាងសាច់ឈាម ចុងលឹង្ករបស់គាត់ទេ ចូរកាត់កាល់គាត់ចេញពីមនុស្សរបស់គាត់ទៅ។ គាត់បានបំបែកសម្ពន្ធមេត្រីរបស់យើង»។
15ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែក នាងសារ៉ាយ ភរិយារបស់អ្នក កុំហៅនាងថាសារ៉ាយទៀត។ ផ្ទុយទៅវិញ ត្រូវហៅនាងថាសារា៉វិញ។
16យើងនឹងឲ្យពរដល់នាង ហើយយើងនឹងឲ្យកូនប្រុសមួយដល់នាង។ យើងនឹងឲ្យពរដល់នាង ហើយនាងនឹងក្លាយជាម្តាយនៃប្រជាជាតិជាច្រើន ស្តេចរបស់ប្រជារាស្រ្ត នឹងកើតចេញមកពីនាង»។
17ពេលនោះ លោកអប្រាហាំបានក្រាបចុះ ឱនមុខទៅដី ហើយបានសើច ហើយគាត់និយាយនៅក្នុងចិត្តរបស់គាត់ថា៖ ​«តើមនុស្សមានអាយុមួយរយឆ្នាំហើយ អាចមានកូនបានដែរឬ? តើនាងសារា៉ ដែលមានអាយុកៅសិបឆ្នាំហើយ អាចមានកូនបានដែរឬ?»
18លោកអប្រាហាំទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គអើយ សូមឲ្យអ៊ីស្មាអែលបានរស់នៅចំពោះព្រះអង្គទៅបានហើយ!»។
19ព្រះជាម្ចាស់មានបន្ទូលថា៖ ​«អត់ទេ គឺសារ៉ា ភរិយារបស់អ្នកទេ ដែលបង្កើតកូនប្រុសនោះ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីសាក។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ ជាសម្ពន្ធមេត្រីដ៏នូវអស់កល្បជានិច្ចជាមួយនឹងពូជពង្សបន្ទាប់ពីគាត់ដែរ។
20ចំណែកអ៊ីស្មាអែលវិញ យើងបានឮអ្នក។ មើល៍ យើងនឹងឲ្យពរដល់គាត់ ហើយនឹងធ្វើឲ្យគាត់បង្កើតផល ហើយបានចម្រើនច្រើនឡើងជាបរិបូរ។ គាត់នឹងធ្វើជាឪពុកនៃអ្នកដឹកនាំកុលសម្ពន្ធទាំងដប់ពីរ ហើយយើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ។
21ប៉ុន្តែ សម្ពន្ធមេត្រីដែលយើងនឹងចងជាមួយអ៊ីសាក ជាកូនដែលសារ៉ាបានបង្កើតដល់អ្នកនៅឆ្នាំក្រោយនេះ»។
22នៅពេលព្រះអង្គមានបន្ទូលជាមួយលោកចប់ ព្រះជាម្ចាស់យាងចេញពីលោកអប្រាហាំ។
23បន្ទាប់មក លោកអប្រាហាំបានយកអ៊ីស្មាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលបានកើតនៅក្នុងគ្រួសាររបស់គាត់ទាំងអស់ ព្រមទាំងអស់ដែលបានទិញដោយលុយ និងគ្រប់ទាំងប្រុសៗនៅក្នុងគ្រួសាររបស់លោកអប្រាហាំទាំងអស់ មកកាត់ស្បែកចុងលឹង្គនៅថ្ងៃតែមួយនោះឯង ដូចព្រះជាម្ចាស់បានមានបន្ទូលទៅគាត់។
24លោកអប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលលោកកាត់ស្បែកចុងលឹង្គរបស់គាត់។
25អ៊ីស្មាអែលកូនប្រុសរបស់កាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែកចុងលឹង្គរបស់គាត់។
26នៅថ្ងៃដដែលនោះ លោកអប្រាហាំ និងអ៊ីស្មាអែលកូនប្រុសរបស់គាត់កាត់ស្បែកទាំងពីរនាក់។
27ប្រុសៗទាំងអស់នៅក្នុងគ្រួសាររបស់គាត់ត្រូវបានកាត់ស្បែកជាមួយគាត់ រួមទាំងអស់អ្នកដែលកើតនៅក្នុងគ្រួសាររបស់គាត់ និងអស់អ្នកដែលបានទិញដោយលុយពីជនបរទេស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។