ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពង្សាវតាក្សត្រ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកអេលីសេមានប្រសាសន៍ថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ «នៅថ្ងៃស្អែកថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារីម្សៅមួយរង្វាល់ថ្លៃមួយកាក់ ហើយស្រូវសាលីពីរវង្វាល់ក៏ថ្លៃមួយកាក់ដែរ»។
2បន្ទាប់មក មេឃ្លាំងជាអ្នកជំនិតរបស់ស្តេចបានឆ្លើយទៅអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «ប្រសិនបើ ជាព្រះអម្ចាស់អាចធ្វើបង្អួចនៅស្ថានសួគ៌ នោះរឿងនេះអាចកើតឡើងមែន»? លោកអេលីសេឆ្លើយថា៖ «អ្នកនឹងឃើញវាកើតឡើងដោយផ្ទាល់ភ្នែក ប៉ុន្តែ អ្នកនឹងមិនអាចបរិភោគបានទេ»។
3មានបុរសបួននាក់កើតឃ្លង់នៅក្រៅរបងក្រុង។ ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីបានជាយើងត្រូវអង្គុយនៅទីនេះរង់ចាំស្លាប់?
4បើយើងចូលទៅក្នុងក្រុង ហើយនៅទីនោះមានទុរ្ភិក្ស នោះយើងនឹងស្លាប់នៅទីនោះមិនខាន។ ប៉ុន្តែ បើយើងនៅតែអង្គុយនៅទីនេះ យើងក៏នឹងត្រូវស្លាប់ដែរ។ ឥឡូវនេះ ចូរយើងទៅបន្ទាយរបស់ទ័ពអារ៉ាម។ បើពួកគេទុកជីវិតឲ្យយើង យើងនឹងរស់ បើពួកគេសម្លាប់យើង យើងក៏នឹងត្រូវស្លាប់»។
5ដូច្នេះ ពួកគេក្រោកឡើង ហើយចូលទៅក្នុងជំរំរបស់ពួកអារ៉ាម នៅពេលដែលពួកគេទៅដល់ផ្នែកខាងក្រៅនៃជំរំ គ្មាននរណាម្នាក់នៅទីនោះសោះ។
6ព្រោះព្រះជាម្ចាស់បានធ្វើឲ្យទ័ពអារ៉ាមឮសន្ធឹករទេះចំបាំង និងសេះ សម្លេងទ័ពមួយយ៉ាងធំ ហើយពួកគេនិយាយគ្នាថា៖ «ស្តេចស្រុកអ៊ីស្រាអែលបានជួលស្តេចទាំងឡាយរបស់ជនជាតិហេត និងអេស៊ីបដើម្បីមកវាយយើងហើយ»។
7ដូច្នេះ ពួកទាហានក៏ក្រោកឡើង ហើយគេចខ្លួននៅពេលល្ងាច ពួកគេបានបោះបង់ចោលជំរំ សេះ រទេះចម្បាំង លា របស់ខ្លួន និងជំរំនៅទីនោះផង ហើយបានរត់យករួចខ្លួន។
8នៅពេលដែលបុរសដែលកើតឃ្លង់ទាំងនោះបានមកដល់ជំរំ ពួកគេបានចូលទៅក្នុងតង់មួយ ហើយបរិភោគ និងផឹក ហើយបានយកប្រាក់ មាស និងសំលៀកបំពាក់ចេញទៅ ហើយលាក់របស់ទាំងនោះទុក។ ពួកគេត្រឡប់មកវិញហើយចូលទៅក្នុងតង់មួយទៀត ហើយប្រមូលជ័យភណ្ឌចេញពីនោះទៀត ហើយបានយកទៅលាក់ទុក។
9បន្ទាប់មក ពួកគេនិយាយគ្នាថា៖ «យើងធ្វើមិនត្រឹមត្រូវទេ។ ថ្ងៃនេះជាថ្ងៃនៃដំណឹងល្អ ប៉ុន្តែ យើងបាននៅស្ងៀមវិញ។ បើយើងចាំរហូតដល់ភ្លឺ នោះយើងនឹងមានទោសមិនខាន។ ឥឡូវនេះ មកចូរយើងទៅប្រាប់ដល់ដំណាក់របស់ស្តេច»។
10ដូច្នេះ ពួកគេក៏ទៅប្រាប់ដល់អ្នកយាមទ្វារក្រុង។ ពួកគេបានប្រាប់អ្នកទាំងនោះថា៖ «យើបានទៅជំរំរបស់ពួកអារ៉ាម ប៉ុន្តែ គ្មានមនុស្សនៅទីនោះទេ គឺគ្មានសម្លេងអ្នកណាម្នាក់សោះ ប៉ុន្តែ មានសេះ មានលាចងនៅទីនោះ ហើយតង់នៅទីនោះដដែល»។
11បន្ទាប់មក អ្នកយាមទ្វារបានស្រែកប្រកាសដំណឹងនោះ ហើយបន្ទាប់មកដំណឹងនោះឮដល់ដំណាក់ស្តេច។
12បន្ទាប់មក ស្តេចបានតើនឡើងនៅពេលយប់ ហើយបានទូលទៅអ្នកបម្រើរបស់ទ្រង់ថា៖ «យើងនឹងប្រាប់អ្នកឥឡូវនេះនូវអ្វីដែលពួកអារ៉ាមបានធ្វើចំពោះយើង។ ពួកគេដឹងថាយើងឃ្លាន ដូច្នេះពួកគេបានចេញពីជំរំ ហើយបានលាក់ខ្លួននៅវាលស្រែ។ ពួកគេនិយាយថា៖ «នៅពេលដែលពួកគេចេញពីក្រុងមក យើងនឹងចាប់ពួកគេទាំងរស់ ហើយចូលទៅក្នុងក្រុង»។
13មានអ្នកបម្រើរបស់ស្តេចម្នាក់ឆ្លើយថា៖ «ទូលបង្គំសូមអង្វរព្រះករុណា សូមឲ្យមនុស្សមួយក្រុមយកសេះទាំងប្រាំដែលនៅសល់ ដែលមាននៅក្នុងក្រុងចេញទៅ។ ពួកគេក៏ដូចជាប្រជាជនអ៊ីស្រាអែលផ្សេងទៀតដែលចេញទៅ​ ពួកគេភាគច្រើនស្លាប់អស់ហើយ សូមឲ្យយើងបញ្ជូនពួកគេទៅមើលចុះ»។
14ដូច្នេះ ពួកគេបានយករទេះចម្បាំងពីរ រួចទឹមជាមួយសេះ ហើយស្តេចបានបញ្ចូនពួកគេទៅមើលទាហានរបស់ពួកអារ៉ាមដោយទូលថា៖ «ទៅមើលចុះ»។
15ពួកគេបានចេញទៅតាមក្រោយអ្នកទាំងនោះដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវមានពេញដោយសំលៀកបំពាក់ និងរបស់របរដែលពួកអារ៉ាមបានបោះចោលដោយប្រញាប់ពេក។ ដូច្នេះ អ្នកនាំសារបានត្រឡប់មកវិញ ហើយទូលស្តេច។​
16ប្រជាជនចេញក្រៅ ហើយបានដណ្តើមយកជ័យភណ្ឌនៅក្នុងជំរំរបស់ពួកអារ៉ាម។ ដូច្នេះ ម្សៅមួយរង្វាល់លក់មួយកាក់ និងស្រូវសាលីពីររង្វាល់ក៏ថ្លៃមួយកាក់ដែរ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មានបន្ទូលមែន។
17ស្តេចបានបញ្ជាឲ្យមេទ័ព ដែលជាជំនិតរបស់ព្រះអង្គ ទៅពិនិតមើលទ្វារក្រុង ហើយប្រជាជនបានជាន់គាត់ស្លាប់នៅច្រកចូលក្រុង។ គាត់ស្លាប់ដូចដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បាននិយាយមែន គឺអ្នកដែលបាននិយាយនៅពេលដែលស្តេចបានមកជួបគាត់។
18វាកើតឡើងដូចអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយទៅកាន់ស្តេចថា៖ «នៅថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារី ស្រូវសាលីពីររង្វាល់ថ្លៃមួយកាក់ ហើយម្សៅមួយរង្វាល់ថ្លៃមួយកាក់ដែរ»។
19លោកមេទ័ពដែលបានឆ្លើយទៅអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «បើព្រះអម្ចាស់បង្កើតបង្អួចស្ថានសួគ៌ ទើបការនេះអាចកើតឡើងបាន»? លោកអេលីសេបានឆ្លើយថា៖ «មើលអ្នកនឹងឃើញវាកើតឡើងនឹងភ្នែករបស់លោកផ្ទាល់ ប៉ុន្តែ លោកមិនបានបរិភោគទេ»។
20នេះជាអ្វីដែលពិតជាបានកើតឡើងចំពោះគាត់មែន ព្រោះមនុស្សម្នាបានជាន់គាត់នៅមាត់ទ្វារក្រុង ហើយគាត់បានស្លាប់ទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។