ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពង្សាវតាក្សត្រ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ លោកណាម៉ាន់ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​អារ៉ាម ជាមនុស្សអស្ចារ្យ និងគួរឲ្យគោរពនៅចំពោះស្តេចរបស់លោក ដោយសារលោក ព្រះអម្ចាស់បានប្រទានជ័យជម្នះដល់ស្រុកអារ៉ាម។ លោកក៏ជាមនុស្សខ្លាំងពូកែ និងក្លៀវក្លា តែលោកកើតឃ្លង់។
2នៅពេលដែលជនជាតិអារ៉ាមបានចេញទៅច្បាំង គេបាននាំក្មេងស្រីម្នាក់ពីទឹកដីអ៊ីស្រាអែលមក។ នាងបានបម្រើប្រពន្ធរបស់លោកណាម៉ាន់។
3ក្មេងស្រីនោះបាននិយាយទៅចៅហ្វាយស្រីថា៖ «នាងខ្ញុំចង់ឲ្យលោកម្ចាស់ទៅជួបលោកព្យាការីនៅឯស្រុកសាម៉ារី! នោះលោកនឹងប្រោសលោកម្ចាស់ឲ្យបានជាពីរោគឃ្លង់»។
4ដូច្នេះលោកណាម៉ាន់ទៅទូលស្តេចពីអ្វីដែលក្មេងស្រីមកពីទឹកដីអ៊ីស្រាអែលបាននិយាយ។
5ដូច្នេះ ស្តេចស្រុកអារ៉ាមបានទូលថា៖ «ចូរទៅឥឡូវនេះ ហើយយើងនឹងផ្ញើសំបុត្រទៅស្តេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញទៅ ហើយបានយកប្រាក់ដប់ដួង មាសប្រាំមួយរយដុំ សំលៀកបំពាក់ដប់បន្លាស់ទៅជាមួយលោក។
6លោកក៏បានយកសំបុត្រទៅជួបស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «នៅពេលដែលសំបុត្រនោះដល់ព្រះករុណា នោះព្រះករុណានឹងឃើញថាទូលបង្គំបានបញ្ជូនណាម៉ាន់ជាអ្នកបម្រើរបស់ទូលបង្គំទៅព្រះករុណា ដូច្នេះ សូមព្រះករុណាព្យាបាលរោគឃ្លង់របស់គាត់ផង»។
7នៅពេលដែលស្តេចស្រុកអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ស្តេចក៏ហែកព្រះភូសាហើយទូលថា៖ «តើយើងជាព្រះឬ តើយើងអាចសម្លាប់ហើយអាចធ្វើឲ្យរស់ឡើងវិញឬ តើមនុស្សអាចព្យាបាលជំងឺឃ្លង់របស់មនុស្សបានឬ? វាហាក់បីដូចជាស្តេចចង់បង្កបញ្ហាជាមួយយើងហើយ»។
8ដូច្នេះ នៅពេលដែលលោកអេលីសេបានឮថាស្តេចស្រុកអ៊ីស្រាអែលបានហែកព្រះភូសារបស់ព្រះអង្គ​ លោកក៏ផ្ញើពាក្យទៅស្តេចទូលថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមឲ្យគាត់មកជួបខ្ញុំឥឡូវនេះ ហើយគាត់នឹងដឹងថាមានព្យាការីម្នាក់នៅស្រុកអ៊ីស្រាអែលមែន»។
9ដូច្នេះ លោកណាម៉ាន់បានឡើងជិះសេះរបស់លោក និងរទេះចម្បាំងផង ហើយបានឈរនៅមាត់ទ្វារផ្ទះរបស់លោកអេលីសេ។
10លោកអេលីសេបានឲ្យគេទៅប្រាប់លោកថា៖ «ចូរទៅជ្រមុជទឹកទន្លឹយ័រដាន់ប្រាពីរដងទៅ នោះសាច់ឈាមរបស់លោកនឹងបានជាឡើងវិញ អ្នកនឹងបានជាស្អាតមិនខាន»។
11ប៉ុន្តែ លោកណាម៉ាន់ខឹងយ៉ាងខ្លាំង ហើយចេញទៅរួចនិយាយថា៖ «មើល ខ្ញុំគិតថាគាត់ពិតជាមកជួបខ្ញុំ និងឈរនៅមុខខ្ញុំទាំងប្រកាសហៅព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់គាត់ និងដាក់ដៃនៅលើខ្ញុំ ហើយប្រោសជំងឺឃ្លង់របស់ខ្ញុំមិនខាន។
12តើទន្លេ​អាបាណា និង​ទន្លេ​ផើ‌ផើរ នៅក្រុងដាម៉ាសមិនល្អជាងទន្លេទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែលនេះទេឬ?​ ហេតុអ្វីខ្ញុំមុជមិនទៅក្នុងទន្លេទាំងនោះហើយធ្វើឲ្យខ្ញុំបានជាទៅ»?​ ដូច្នេះ លោកបានចេញទៅទាំងក្រេវក្រោធ។
13បន្ទាប់មក អ្នកបម្រើរបស់លោកណាម៉ាន់បានមកជិតលោក ហើយបាននិយាយទៅគាត់ថា៖ «លោកឪពុកអើយ តើលោកព្យាការីនេះបានបង្គាប់ឲ្យលោកធ្វើការអ្វីពិបាកមែនទេ ហេតុអ្វីបានជាលោកមិនធ្វើតាមដូច្នេះ?​ លោកព្យាការីគ្រាន់តែនិយាយយ៉ាងសាមញ្ញថា៖ «ចូរទៅងូតទឹកនោះអ្នកនឹងបានជា»?​
14បន្ទាប់មក លោកក៏ចុះទៅជ្រមុជទឹកប្រាំពីរដងនៅក្នុងទន្លេយ័រដាន់ គឺស្តាប់តាមការណែនាំរបស់អ្នកបម្រើរបស់ព្រះអម្ចាស់។ រូបកាយរបស់គាត់បានស្តារឡើងវិញដូចសាច់កូនក្មេង ហើយគាត់ក៏បានជា។
15លោកណាម៉ាន់បានត្រឡប់ទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់វិញ គឺលោក និងអ្នករួមដំណើរជាមួយលោក បានមកហើយឈរនៅចំពោះមុខអ្នកបម្រើរបស់ព្រះអម្ចាស់។ លោកនិយាយថា៖ «មើល ឥឡូវនេះខ្ញុំដឹងថានៅលើផែនដីទាំងមូលគ្មានព្រះឯណាក្រៅពីព្រះរបស់អ៊ីស្រាអែលឡើយ។ ដូច្នេះ សូមទទួួលអំណោយនេះពីអ្នកបម្រើរបស់លោកផង»។
16ប៉ុន្តែលោកអេលីសេឆ្លើយថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ ខ្ញុំសូមស្បថថា ខ្ញុំនឹងមិនយកអ្វីទាំងអស់»។ លោកណាម៉ាន់ទទូចឲ្យលោកអេលីសេទទួលយកអំណោយនោះ ប៉ុន្តែ លោកបដិសេធ។
17ដូច្នេះ លោកណាម៉ាន់និយាយថា៖ «បើលោកមិនទទួលទេ ខ្ញុំសូមយកដីដាក់លើលាពីរក្បាល ព្រោះចាប់ពីពេលនេះតទៅ ខ្ញុំបាទជាអ្នកបម្រើរបស់លោកនិងមិនថ្វាយតង្វាយដុត ឬតង្វាយអ្វីទៀតទៅព្រះណាផ្សេងក្រៅពីព្រះអម្ចាស់ឡើយ។
18គឺនៅពេលដែលស្តេចរបស់ទូលបង្គំចូលទៅក្នុងដំណាក់របស់ព្រះរីម៉ូន ​ដើម្បីថ្វាយបង្គំនៅទីនោះ ស្តេចតែងផ្អែកលើដៃរបស់ទូលបង្គំ ហើយទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន នៅពេលដែលទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន សូមឲ្យព្រះអម្ចាស់អត់ទោសឲ្យអ្នកបម្រើរបស់ព្រះអង្គក្នុងករណីនេះផង»។
19លោកអេលីសេក៏បានមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ លោកណាម៉ាន់ក៏ចេញទៅ។
20នៅពេលលោកធ្វើដំណើរបានបន្តិច នៅពេលដែលកេហាស៊ីជាអ្នកបម្រើរបស់លោកអេលីសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយមកកាន់ខ្លួនឯងថា៖ «មើល ចៅហ្វាយរបស់ខ្ញុំប្រកែកនឹងលោកណាម៉ាន់ជាអ្នកស្រុកអារ៉ាម ដោយមិនទទួលអំណោយពីដៃរបស់គាត់ ដែលគាត់បានយកមកសោះ។​​ នៅក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ខ្ញុំសូមស្បថថាខ្ញុំនឹងរត់ទៅតាមក្រោយគាត់ ហើយយករបស់ខ្លះពីគាត់»។
21ដូច្នេះ កេហាស៊ីបានទៅតាមក្រោយលោកណាម៉ាន់។ នៅពេលដែលលោកណាម៉ាន់ឃើញថាមានអ្នករត់តាមពីក្រោយគាត់ លោកក៏លោតចុះពីរទេះមកជួបអ្នកនោះ ហើយនិយាយថា៖ «តើមានរឿងអ្វី»?
22កេហាស៊ីនិយាយថា៖ «មិនអីទេលោក។ ចៅហ្វាយរបស់ខ្ញុំបានបញ្ជូនខ្ញុំមក ប្រាប់ថា៖ «មើល ឥឡូវនេះមានបុរសពីរនាក់មកពីដំបន់ភ្នំនៃកុលសម្ព័ន្ធអេប្រាអ៊ីម ជាកូនៗរបស់លោកព្យាការិ។ សូមឲ្យប្រាក់ពួកគេមួយដួង និងសំលៀកបំពាក់ពីរបំលាស់ផង»។
23លោកណាម៉ាន់ឆ្លើយថា៖ «ខ្ញុំសប្បាយចិត្តនឹងឲ្យអ្នកពីរដួង»។ លោកណាម៉ាន់ទទូចទៅកេហាស៊ី ហើយបានចងប្រាក់ពីរដួង ជាពីរកញ្ចប់ ជាមួយសំលៀកបំពាក់ពីរសម្រាប់ ហើយបានដាក់របស់ទាំងនោះនៅនឹងអ្នកបម្រើពីរនាក់របស់លោក ដែលបានយួរកញ្ចប់ប្រាក់នៅមុខកេហាស៊ី។
24នៅពេលកេហាស៊ីបានមកដល់ភ្នំ គេក៏បានយកថង់ប្រាក់ទាំងពីរនោះពីដៃរបស់អ្នកទាំងនោះ ហើយបានលាក់របស់ទាំងនោះនៅក្នុងផ្ទះ គាត់បានឲ្យពួកគេត្រឡប់ទៅវិញ ហើយពួកគេក៏ចេញទៅ។
25នៅពេលដែលកេហាស៊ីចូលទៅក្នុង ហើយឈរនៅមុខចៅហ្វាយរបស់លោក លោកអេលីសេនិយាយទៅគាត់ថា៖ «តើអ្នកទើបមកពីណា កេហាស៊ី»? គាត់ឆ្លើយថា៖ «អ្នកបម្រើរបស់លោកមិនទៅណាទេ»។
26លោកអេលីសេបានមានប្រសាសន៍ទៅកេហាស៊ីថា៖ «តើវិញ្ញាណរបស់ខ្ញុំមិនទៅជាមួយអ្នកទេឬ នៅពេលដែលណាម៉ាន់ត្រឡប់រទេះរបស់គាត់ថយក្រោយដើម្បីជួបអ្នក? តើពេលនេះជាពេលគួរទទួលប្រាក់ និងសំលៀកបំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឬ?​
27ដូច្នេះ ឃ្លង់របស់ណាម៉ាន់នឹងកើតលើអ្នក និងលើកូនចៅរបស់អ្នកជារៀងរហូត»។ ដូច្នេះ កេហាស៊ីក៏ចេញពីលោកទៅ លោកកើតឃ្លង់សដូចជាព្រិល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។